ប៉ូលីសខេត្តស្រះកែវចាប់ខ្លួនពលរដ្ឋខ្មែរ១២នាក់ ពីបទឆ្លងដែននិងធ្វើការដោយខុសច្បាប់ក្នុងប្រទេសថៃ

កម្ពុជា
កម្ពុជា-សង្គម
22/02/2025 – 11:01
ដោយ៖ ជួប នរក្សា
RFI

ពលរដ្ឋខ្មែរជាង១០នាក់ត្រូវបានប៉ូលិសថៃចាប់ខ្លួន និងចោទប្រកាន់ពីបទឆ្លងដែនចូលទៅរស់នៅ និងធ្វើការដោយខុសច្បាប់នៅប្រទេសថៃ។ នៅក្នុងប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែននៅតាមបណ្តាខេត្តជាប់ព្រំដែន ប៉ូលីសខេត្តស្រះកែវប្រទេសថៃ កាលពីថ្ងៃសុក្រទី២១កុម្ភៈ បានរកឃើញក្រុមពលរដ្ឋខ្មែរចំនួន១២នាក់ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ដោយគ្មានឯកសារផ្លូវច្បាប់។

ប៉ូលីសខេត្តស្រះកែវចាប់ខ្លួនពលរដ្ឋខ្មែរ១២នាក់ ពីបទឆ្លងដែននិងធ្វើការដោយខុសច្បាប់ក្នុងប្រទេសថៃ


យោងតាមវរសេនីយ៍ឯក Thanawut Piaphong ប្រធាននគរបាលស្រុកឃុកស៊ុងក្នុងខេត្តស្រះកែវ អាជ្ញាធរបើកប្រតិបត្តិការចាប់ខ្លួនពលរដ្ឋខ្មែរទាំង១២រូប បន្ទាប់ពីទទួលបានព័ត៌មានផ្ទៃក្នុងថា មានពលករខ្មែរធ្វើចំណាកស្រុក ចូលមករស់នៅ«ប្រទេសថៃដោយខុសច្បាប់។ ពួកគេទាំងនោះបានទៅតាំងទីលំនៅក្នុងតំបន់ក្រោយភូមិ Ban Khlong Takian ក្នុងសង្កាត់ Nong Waeng ក្នុងខេត្តស្រះកែវជាង១ឆ្នាំមកហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃសៅរ៍ទី២២កុម្ភៈ។

សារព័ត៌មានថៃមួយនេះបានស្រង់សម្តីនាយប៉ុស្តិ៍នគរបាលស្រុកក្នុងខេត្តស្រះកែវ ដែលថា អាជ្ញាធរបានទទួលពាក្យបណ្តឹងពីប្រជាជនថៃដែលថា ពលរដ្ឋខ្មែរទាំងនោះបានសង់ខ្ទម និងទីជម្រកដោយគ្មានការអនុញ្ញាត ព្រមទាំងធ្វើការជាកម្មករក្រៅម៉ោង។ នៅក្នុងប្រតិបត្តិការបង្រ្កាបរបស់ប៉ូលីសខេត្តស្រះកែវ នៅក្នុងចំណោមពលរដ្ឋខ្មែរ១២រូប ដែលត្រូវបានចាប់ខ្លួន មាន៥រូបជាកុមារ ហើយពួកគេទាំងអស់សុទ្ធតែគ្មានលិខិតឆ្លងដែន។

ទាក់ទងនឹងការចាប់ខ្លួនពលរដ្ឋខ្មែរនៅខេត្តស្រះកែវ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា អនុព័ន្ធការងារកម្ពុជាប្រចាំប្រទេសថៃបានសម្របសម្រួលជាមួយភាគីថៃដើម្បីពិនិត្យករណីនេះ និងផ្តល់ជំនួយផ្នែកច្បាប់។ បើតាមអ្នកនាំពាក្យខាងលើ កន្លងមក ក្រសួងការងារតែងតែរំលឹកដល់ប្រជាពលរដ្ឋដែលចូលទៅធ្វើការងារនៅប្រទេសថៃថា ត្រូវតែចូលទៅ ដោយស្របច្បាប់ តាមរយៈទីភ្នាក់ងារជ្រើសរើសពលករដែលទទួលបានការអនុញ្ញត្តិពីរដ្ឋាភិបាល។ ការចូលទៅធ្វើការដោយខុសច្បាប់ នឹងត្រូវប្រឈមវិធានការច្បាប់របស់ប្រទេសថៃ។

ប៉ូលីសខេត្តស្រះកែវចាប់ខ្លួនពលរដ្ឋខ្មែរ១២នាក់ ពីបទឆ្លងដែននិងធ្វើការដោយខុសច្បាប់ក្នុងប្រទេសថៃ
ប៉ូលីសខេត្តស្រះកែវចាប់ខ្លួនពលរដ្ឋខ្មែរ១២នាក់ ពីបទឆ្លងដែននិងធ្វើការដោយខុសច្បាប់ក្នុងប្រទេសថៃ © The Nation

បើតាមរបាយការណ៍របស់ក្រសួងការងារកម្ពុជា គិតត្រឹមខែធ្នូឆ្នាំ២០២៤ មានពលករខ្មែរចំនួន ១ ២៩២ ២៩៧ កំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃដោយស្របច្បាប់។ តែតួលេខក្រៅផ្លូវពីបណ្តាអង្គការដែលធ្វើការទាក់ទងនឹងសិទ្ធិពលករ បានឲ្យដឹងថា មានពលករខ្មែរ យ៉ាងហោចណាស់ជាង២លាននាក់ កំពុងស្នាក់និងធ្វើការក្នុងប្រទេសថៃ ដោយស្របច្បាប់ផង និងខុសច្បាប់ផង៕

What Next?

Recent Articles