ដោយ ច័ន្ទ ដារ៉ូ
2025.02.22
RFA

លោក វឿង សំណាង សកម្មជនបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសាររឿងនយោបាយ។ រូប៖ ហ្វេសប៊ុកលោក វឿង សំណាង និងពលរដ្ឋ
តុលាការបង្គាប់ឱ្យសកម្មជនបក្សសង្គ្រោះជាតិលោក វឿង សំណាង ដែលកំពុងជាប់ពន្ធនាគារបង់លុយពិន័យ៤លានរៀល ឬស្មើ១ពាន់ដុល្លារឱ្យបានមុនថ្ងៃទី៧ ខែមីនា។ ប៉ុន្តែលោក វឿង សំណាង បញ្ជាក់ជំហរថារូបលោកគ្មានលទ្ធភាពបង់ប្រាក់ឱ្យរដ្ឋនោះឡើយ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ស៊ន មុនី បានចេញដីកាបង្គាប់សកម្មជនគណបក្សសង្គ្រោះជាតិលោក វឿង សំណាង ដែលកំពុងជាប់ពន្ធនាគាររាជធានីភ្នំពេញ(ម១) ឱ្យបង់ប្រាក់ពិន័យចំនួន៤លានរៀល ឬស្មើ១ពាន់ដុល្លារ។ ដីកាបង្គាប់ចុះកាលថ្ងៃទី០៧ ខែកុម្ភៈ បានដាក់កំហិតឱ្យលោក វឿង សំណាង បង់ប្រាក់នៅសាលាដំបូងរាជធានីភ្នំពេញ នៅមុនថ្ងៃទី៧ ខែមីនា ហើយតុលាការក៏បានព្រមានចេញដីកាបញ្ជាឱ្យបង្ខំ នឹងឱ្យឃុំខ្លួនតាមនីតិវិធី ប្រសិនបើលោក វឿង សំណាង មិនបង់ប្រាក់តាមការកំណត់របស់តុលាការនេះទេ។
ប្រពន្ធលោក វឿងសំណាង គឺលោកស្រី ទៀង ចិន្ដា ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីទើបតែទទួលបានលិខិតនោះពីមន្រ្តីពន្ធនាគារព្រៃសនៅថ្ងៃទី២១ ខែកុម្ភៈ ប៉ុន្តែប្តីរបស់លោកស្រីគឺលោក រឿង សំណាង បានសរសេរបញ្ជាក់នៅលើលិខិតរួចហើយថាគាត់គ្មានលទ្ធភាពបង់សំណងទៅរដ្ឋទេ ចំណែកគ្រួសារមានជីវភាពកាន់តែលំបាក ក្រោយអាជ្ញាធរចាប់ប្តីដែលជាបង្គោលគ្រួសារដាក់ពន្ធនាគារជាង៣ឆ្នាំដោយអយុត្តិធម៌។ លោកស្រីចាត់ទុកចំណាត់ការរបស់តុលាការលើប្តីរបស់លោកស្រីឥតឈប់ឈរ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីដាក់សម្ពាធផ្លូវចិត្តប្តីលោកស្រី ដែលបន្តរក្សាជំហររឹងមាំជាមួយគណបក្សប្រឆាំង។
លោកស្រី ទៀង ចិន្ដា៖ «តុលាការកាត់ទោសគាត់ហើយ ហើយប្ដីខ្ញុំនៅតែបន្តស្មារតីរឹងមាំដដែល ហើយតុលាការឱ្យគាត់បង់ពិន័យជាថវិកាទៀត ទាំងប្ដីខ្ញុំមិនទាន់ចេញពីពន្ធនាគារនៅឡើយ សម្រាប់ខ្ញុំគឺវាជារឿងអយុត្តិធម៌ណាស់ប្រៀបដូចជាជាន់គ្នាហើយ ហើយថែមទាំងជាន់ក្បាលឱ្យគប់ដល់ភួក រកតែដកដង្ហើមអត់បាន»។
ការបង្គាប់ឱ្យលោក វឿង សំណាង បង់ប្រាក់ពិន័យនេះធ្វើឡើងបន្ទាប់ពីតុលាការគ្រប់ជាន់ថ្នាក់ ផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគារ៦ឆ្នាំ ហើយពិន័យជាប្រាក់ចំនួន៤លានរៀល ពីបទ «រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធលោកគាំទ្រមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ និងរឿងបង្ហោះសាររិះគន់មេដឹកនាំក្រុងភ្នំពេញលោក ហ៊ុន សែន នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) អំឡុងឆ្នាំ២០២១។
មេធាវីការពារក្តីឱ្យលោក វឿង សំណាង គឺលោក អែម ចន្ថា ប្រាប់វិទ្យុអាស៊ីសេរីថា ការដាក់កំហិតឱ្យកូនក្តីរបស់លោកបង់ប្រាក់ពិន័យនេះហាក់ដូចជាធ្វើឡើងប្រញាប់ប្រញាល់នៅក្នុងកូនក្តីរបស់លោកកំពុងជាប់ពន្ធនាគារនៅឡើយ។ លោកយល់ថាតុលាការគួរយោគយល់ ស្របពេលប្រពន្ធកូនរបស់លោក វឿង សំណាង រស់នៅក្នុងស្ថានភាពជីវភាពលំបាកលំបិនទៀតនោះ។
លោក អែម ចន្ថា៖ «បើតាមផ្លូវច្បាប់គេធ្វើតាមច្បាប់ តែយើងមើលទៅហាក់មិនយោគយល់ គ្មានគុណធម៌នឹងគ្នាសោះ យើកសោកស្តាយ អាណិតកូនក្តី យើងគិតថាវាមិនគួរ ហើយគួរតែអនុគ្រោះគ្នានៅរយៈពេលនេះសិន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី២២ ខែកុម្ភៈ។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា លោក វឿង សំណាង ជាមួយសកម្មជននយោបាយ និងសង្គមផ្សេងទៀតកំពុងជាប់ឃុំដោយសារការអនុវត្តសិទ្ធិស្របច្បាប់ ស្របពេលមជ្ឈដ្ឋានជាតិ និងអន្តរជាតិមើលឃើញថា តុលាការពិន័យ ឬបង្គាប់ឱ្យសកម្មជនទាំងនោះសងចំណងក្នុងចំនួនទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់កន្លងមក ហាក់ជាការដាក់គំនាបធ្ងន់ធ្ងរ រុញឱ្យពួកគាត់ដើរដល់ផ្លូវទាល់ច្រក។ លោក យី សុខសាន្ត ចង់ឃើញអ្នកនយោបាយខ្មែរគ្រប់និន្នាការងាកមកជជែកគ្នា ស្របតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាពពលរដ្ឋបានប្រសើរឡើងវិញ។
លោក យី សុខសាន្ត ៖ «គ្នាធ្វើការរឿងជាតិ សកម្មភាពនយោបាយដើម្បីជាតិ ហាក់ធ្វើទុក្ខបុកម្នេញឱ្យគ្នាទាល់ច្រក ហើយចំណុចនេះគួរតែបញ្ឈប់កុំឱ្យខ្មែរឈឺចាប់តទៅទៀត អ្វីដែលយើងមើលឃើញស្ថានភាពបច្ចុប្បន្នធ្វើឱ្យពលរដ្ឋខ្មែរឈឺចាប់សម្រាប់អ្នកដែលមាននិន្នាការប្រឆាំង ខ្ញុំស្នើយ៉ាងទទូច បើអ្នកដឹកនាំចាត់ទុកថ ប្រទេសកម្ពុជា ជារបបប្រជាធិបតេយ្យ សេរី ពហុបក្សគួរបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសមាជិកបក្សប្រឆាំង »។
អតីតចៅសង្កាត់រងទី២របស់គណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ លោក វឿង សំណាង ត្រូវបានសមត្ថកិច្ចកម្ពុជា សហការជាមួយអាជ្ញាធរថៃចាប់បញ្ជូនពីប្រទេសថៃ យកទៅឃុំខ្លួននៅពន្ធនាគារក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។
ក្រៅពីតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ និងពិន័យជាប្រាក់៤លានរៀលហើយ លោក វឿង សំណាង ក៏នៅជាប់ក្ដីក្ដាំក្នុងសំណុំរឿងមួយទៀត ដែលសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ បានផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុកកាលពីឆ្នាំ២០២១ របស់អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ និងបច្ចុប្បន្នជាប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក វឿង សំណាង ធ្លាប់បញ្ជាក់ជំហរថា លោកនឹងនៅតែបន្តតស៊ូទៀតដោយមិនចុះចាញ់ឡើយ បើទោះបីជាតុលាការ សម្រេចសេចក្ដីឱ្យលោកជាប់ពន្ធនាគារទាំងអយុត្តិធម៌ក៏ដោយ។ លោកជំរុញឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសនាំគ្នាតស៊ូប្រឆាំងរបបផ្តាច់ការ ដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជា។
លោក វឿង សំណាង៖ «ខ្មែរត្រូវតែតស៊ូ វឿង សំណាង មិនចុះចាញ់ដាច់ខាត។ ផ្ដាំទៅបងប្អូនខ្មែរក្នុង និងក្រៅប្រទេសទាំងអស់! វឿង សំណាង រងភាពអយុត្តិធម៌ ដោយសារតែរឿងនយោបាយ ជយោ! លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំរងភាពអយុត្តិធម៌ដោយរបបលោក ហ៊ុន សែន។ យើងត្រូវតែតស៊ូ »។
មន្រ្តីសិទ្ធិមនុស្សចាត់ទុកក្តីក្តាំងទាំងនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយគួរតែដោះស្រាយតាមបែបនយោបាយ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងលោក វឿង សំណាង ព្រមទាំងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយទាំងអស់ឱ្យមានសេរីភាពវិញ ដោយឥតលក្ខខ័ណ្ឌ៕