កម្ពុជា
23/02/2025 – 10:11
ដោយ៖ អ៊ឹង ប៊ុនថន
RFI
ដូចការគ្រោងទុក ការជួបជុំគ្នារបស់ពលរដ្ឋខ្មែរមកពីជុំវិញពិភពលោកបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៣កុម្ភៈ នៅឯប្រទេសអូស្ត្រាលី។ គឺជាការជួបជុំសំដែងមតិ នៅក្រោមឈ្មោះថា «សមាជពលរដ្ឋខ្មែរអូស្រ្តាលី នូវែលសេឡង់ ស្តីពីដំណោះស្រាយបញ្ហាកម្ពុជា» ពិសេសទាក់ទងនឹងបញ្ហាកោះគុតជាមួយប្រទេសថៃ និងទាមទាររកយុត្តិធម៌ ជូន លោក លិម គិមយ៉ា។
ពលរដ្ឋខ្មែរមកពីជុំវិញពិភពលោកជួបជុំគ្នានៅអូស្ត្រាលីដើម្បីទាមទារឲ្យមានដំណោះស្រាយបញ្ហារបស់កម្ពុជា
ព្រឹត្តិការណ៍ជួបជុំប្រជាពលរដ្ឋខ្មែរមកពីជុំវិញពិភពលោក រៀបចំឡើងដោយចលនាខ្មែរដើម្បីប្រជាធិបតេយ្យ និងសហគមន៍ខ្មែរប្រចាំអូស្ត្រាលី។ ការជួបជុំគ្នានៅក្នុងសាលសន្និសីទដែលមានមនុស្សចូលរួមរាប់រយនាក់ ដឹកនាំដោយ លោកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ និងលោក តាក់ ម៉េង ហ៊ាង តំណាងរាស្ត្រខ្មែរនៅរដ្ឋវិចតូរីយ៉ា។
គួរបញ្ជាក់ដែរថា តំណាងរាស្ត្រសហព័ន្ធអូស្ត្រាលី នៃគណបក្សកាន់អំណាចនៅអូស្ត្រាលី លោក ជូលៀន ហ៊ីល និងអ្នកនយោបាយអូស្ត្រាលីមួយចំនួនទៀតក៏បានចូលរួមនៅក្នុងព្រឹត្តិការណ៍រៀបចំឡើងដោយសហគមន៍ខ្មែរនៅអូស្ត្រាលីដែរ។
ទាំងអ្នកនយោបាយខ្មែរ និង អូស្ត្រាលី បានលើកឡើងប្រហាក់ប្រហែលគ្នាថា កម្ពុជាកំពុងមានបញ្ហាជាតិធំៗ ដែលត្រូវដោះស្រាយគឺបញ្ហាបូរណភាពទឹកដី ដោយសំដៅដល់ករណី កោះគុតជាមួយថៃ បញ្ហាយុត្តិធម៌សង្គម ដោយសំដៅដល់ករណីឃាតកម្ម លោក លិម គិមយ៉ា និងបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យដែលកំពុងធ្លាក់ចុះ។
លើសពីការជួបជុំសំដែងមតិនៅក្នុងសាលសន្និសីទ ពលរដ្ឋខ្មែររាប់រយនាក់ដែលធ្វើដំណើរមកពីប្រទេសនានានៅលើពិភពលោក បាននាំគ្នាដើរក្បួនបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ប្តឹងករណីកោះគុតជាមួយថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោះលែងអ្នកទោសនយោបាយនៅកម្ពុជា ដែលកំពុងជាប់ឃុំ និងត្រូវផ្តល់យុត្តិធម៌ជូន លោក លិម គិមយ៉ា។

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាប្រតិកម្មថា ទាក់ទងនឹងករណីកោះគុត ប្រមុខរដ្ឋាភិបាលធ្លាប់បានបញ្ជាក់ហើយថា កម្ពុជា និងថៃស្ថិតក្នុងដំណាក់កាលចរចាគ្នានៅឡើយ។ ចំណែកករណីឃាតកម្មលើ លោក លិម គិមយ៉ា សមត្ថកិច្ចកម្ពុជាបានសហការចាប់ជនសង្ស័យជាជនជាតិថៃបញ្ជូនទៅឲ្យសមត្ថកិច្ចថៃរួចហើយដែរ។ ដោយឡែក ទាក់ទងនឹងការទាមទាររបស់ក្រុមបាតុករខ្មែរនៅអូស្ត្រាលី ឲ្យដោះលែងអ្នកនយោបាយដែលកំពុងជាប់ឃុំនៅកម្ពុជា លោក ប៉ែន បូណា បានអះអាងថា នៅកម្ពុជាគ្មានអ្នកនយោបាយជាប់ឃុំឡើយ គឺមានតែអ្នកនយោបាយប្រព្រឹត្តកំហុស ហើយជាប់ទោស។ ដូច្នេះ មានតែតុលាការប៉ុណ្ណោះដែលមានសិទ្ធិសម្រេចក្នុងរឿងនេះ៕