កម្ពុជា
23/02/2025 – 09:31
ដោយ៖ អ៊ឹង ប៊ុនថន
RFI
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញមុខសុំការយោគយល់ និងអធ្យាស្រ័យ ចំពោះករណីដែលអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានកោះហៅប្រជាពលរដ្ឋម្នាក់ឲ្យទៅធ្វើកិច្ចសន្យាផ្តិតមេដៃ ឈប់ចូលទៅបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ ស្នងការដ្ឋាននគរបាលខេត្តធំ ចេញមកបកស្រាយយ៉ាងដូច្នេះ នៅបន្ទាប់ពីផ្ទុះមានប្រតិកម្មរិះគន់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកសណ្តាន់ ដែលបានហៅឈ្មោះ សឿង សុភ័ក្រ មកធ្វើកិច្ចសន្យាខាងលើ។
ផ្ទុះប្រតិកម្មព្រោងព្រាត ក្រោយពីអធិការដ្ឋាននគរបាលស្រុកសណ្តាន់កោះហៅពលរដ្ឋឲ្យផ្តិតមេដៃឈប់បញ្ចេញមតិ
ការចេញមុខសុំការយោគយល់ និងអធ្យាស្រ័យ ពីសំណាក់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំពោះកំហុសឆ្គងរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ ធ្វើឡើង បន្ទាប់ពីមានប្រតិកម្មព្រោងព្រាតនៅតាមបណ្តាញសង្គមនាប៉ុន្មានថ្ងៃជាប់គ្នាមកនេះ។ អ្នកប្រើប្រាស់អ៊ីនធ័រនែតបានប្រតិកម្មទៅនឹងទង្វើរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ ដែលបានកោះហៅប្រជាពលរដ្ឋម្នាក់ ឲ្យទៅធ្វើកិច្ចសន្យាផ្តិតមេដៃ ឈប់ចូលទៅបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំតទៅទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ពលរដ្ឋឈ្មោះ សឿង សុភ័ក្រ រស់នៅឃុំមានរិទ្ធ ស្រុកសណ្តាន់ បានចូលទៅបញ្ចេញមតិ ក្នុងទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយសួរនាំពីការយឺតយ៉ាវនៃការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ បន្ទាប់ពីរូបគេបានដាក់ពាក្យស្នើសុំធ្វើ តាំងពីខែវិច្ចិកាឆ្នាំ២០២៤។ ប៉ុន្តែ នៅក្នុងសេចក្តីបំភ្លឺ អធិការដ្ឋាននគរបាលស្រុកសណ្តាន់បានអះអាងថា ការយឺតយ៉ាវនេះដោយសារតែសាមីខ្លួននៅខ្វះឯកសារសំបុត្រអាពាហ៌ពិពាហ៌។
ចំណាត់ការរបស់អធិការដ្ឋាននគរបាលសណ្តាន់ ដែលហៅពលរដ្ឋខាងលើ ឲ្យទៅធ្វើកិច្ចសន្យាឈប់បញ្ចេញមតិនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានបណ្តាលឲ្យមានប្រតិកម្មពីអ្នកប្រើប្រាស់បណ្តាញសង្គ ដោយពួកគេចាត់ទុកថា ជាការបំបិទសិទ្ធិបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ទង្វើរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ គឺជាកំហុសខុសឆ្គងរបស់សមត្ថកិច្ចទៅលើប្រជាពលរដ្ឋ។ ដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ តាមរយៈអ្នកនាំពាក្យសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការធ្វេសប្រហែសរបស់អធិការដ្ឋាននគរបាល ស្រុកសណ្តាន់ ក្នុងការអនុវត្តការងាររបស់ខ្លួន៕