ពលរដ្ឋ​ជិត៣០០គ្រួសារ​ឃុំ​តាឡាត​ខេត្ត​ស្ទឹងត្រែង​ប្រឈម​បាត់​បង់​ដី​ផ្ទះ​និង​ស្រែ​ចម្ការ​ទៅ​ក្រុមហ៊ុន

ដោយ យ៉ង ចាន់តារា
2025.02.23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ជិត៣០០គ្រួសារ​ឃុំ​តាឡាត​ខេត្ត​ស្ទឹងត្រែង​ប្រឈម​បាត់​បង់​ដី​ផ្ទះ​និង​ស្រែ​ចម្ការ​ទៅ​ក្រុមហ៊ុន

ទិដ្ឋភាព​ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) នៅខេត្ត​ស្ទឹងត្រែង ថតពីលើអាកាស។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ប្រជាពលរដ្ឋ​ជិត​៣០០គ្រួសារ​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ដី​លំនៅស្ថាន និង​ដី​ស្រែ​ចម្ការ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​នេះ បាន​ប្រកាស​ដក​ហូត​យក​ដី​នោះ ទៅ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង។ សង្គម​ស៊ីវិល​ថា ការ​ដក​ហូត​យក​ដី​របស់​ប្រជាពលរដ្ឋ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដែល​មិន​បម្រើ​ផល​ប្រយោជន៍​សាធារណ: គឺ​ជា​អំពើ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​នៅ​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អះអាង​ថា ពួកគាត់​​ចំនួន ២៧៩​គ្រួសារ មិន​ដឹង​ទៅ​រស់​នៅ​ទី​ណា ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​នេះ សម្រេច​បណ្ដេញ​ពួកគាត់​ចេញ​ពី​ភូមិ ដោយ​រឹប​អូស​យក​ទាំង​ដី​លំ​នៅ​ស្ថាន និង​ដី​ស្រែ​ចម្ការ ដែល​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល​ដំណាំ​តាំង​ពី​ដូន​តា​ទៅ​ឱ្យ​ក្រុមហ៊ុន។

ពលរដ្ឋ​រស់នៅ​ឃុំ​តាឡាត ប្រាប់​វិទ្យុ​អាស៊ីសេរី​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ទីតាំង​ដី​របស់​ពលរដ្ឋ ដែល​ត្រូវ​បណ្ដេញ​ចេញ​ស្ថិត​នៅ​ក្នុង​តំបន់​អូរកាកាល នៃ​ឃុំ​តាឡាត ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​អ្នក​ភូមិ​ក្រឡា​ពស់ ភូមិ​ស្វាយ​រៀង និង​ ភូមិ​តាឡាត ក្នុង​ឃុំ​តាឡាត។

លោក​ថា អាជ្ញាធរ​បោកប្រាស់​ទំនុក​ចិត្ត​ប្រជាពលរដ្ឋ ពីព្រោះ​កន្លងមក​អាជ្ញាធរ​បាន​ដើរ​ជំរឿន​ពលរដ្ឋ ដែល​កាន់​កាប់​ដី​ធ្លី​ហើយ​ថា ដោះស្រាយ​ដោយ​មិន​ឱ្យ​ពលរដ្ឋ​បារម្ភ​ឡើយ ប៉ុន្តែ​លោក​ថា ចុង​ក្រោយ​ស្រាប់​តែ​អាជ្ញាធរ ដក​ហូត​ដី​ពី​ពលរដ្ឋ​យក​ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង​ទៅ​វិញ។

ពលរដ្ឋ​ថា ខ្លួន​ភ័យ​ខ្លាច​ពេលលឺឈ្មោះ ប៉ាន់ ខែមប៊ុនថន

ពលរដ្ឋ​រូប​នេះ​ថា អាជ្ញាធរ​ខេត្ត ថែម​ទាំង​ដើរ​គំរាមកំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​ប្រជា​ពលរដ្ឋ​រួម​ទាំង​មិន​ឱ្យ​តវ៉ា​ទៀត ទោះបី​ជា​ដី​ទាំង​នោះ ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ដែល​កាន់​កាប់​តាំង​ពី​ដូន​តា និង​កំពុង​អាស្រ័យ​ផល​ដោយ​ការ​ដាំ​ដំណាំ​ផ្សេងៗ​ក៏​ដោយ។

ពលរដ្ឋ៖ «ចៅហ្វាយ​ចុះ​មក​ដំបូង​ថា កាត់​ឆ្វៀល​ឱ្យ​ដល់​ពេល​នេះ ចេញ​សេចក្ដី​សម្រេច​ម្ដង​ទៀត ថា អត់​ឱ្យ​ទេ ដក​ហូត​យក​ទាំងអស់ ជា​ពិសេស​គឺ​ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន តែ​ម្ដង​ខ្លាំង​ណា ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន ធ្លាប់​ចាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ​ដាក់​គុក​អស់​ប៉ុន្មាន​នាក់​ហើយ ដូច្នេះ ឱ្យ​តែ​លឺ​ថា ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន ម្នាក់ៗ​ខ្លាច​តែ​ម្ដង»។

ក្នុង​ដីកា​ស្ដី​ពី​ការ​ប្រកាស​របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ អភិបាល​ខេត្ត​នេះ លោក ស សុពុត្រា សម្រេច​ដក​ហូត​ដី​ចំនួន ២​កន្លែង ដែល​មាន​ផ្ទៃ​ក្រឡា​សរុប​ជាង ១១៩​ហិកតារ (១១៩,២៤ហិកតារ) និង​ដំណាំ ​នៅ​លើ​ដី​ទាំងអស់​ ក្នុង​ឧទ្យានជាតិ​វើនសៃ-សៀមប៉ាង ក្នុង​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ អភិបាល​ខេត្ត​ស្ទឹងត្រែង ចាត់​ទុក​ថា ដី​នេះ រង​ការ​កាប់​គាស់ រុករាន ទន្ទាន់​ដី​ព្រៃ​ របស់​រដ្ឋ ដើម្បី​វាទ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់​ ហើយ​កំណត់​រយៈពេល ៣០ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី១៩ ខែ​កុម្ភៈ សម្រាប់​ទុក​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​តវ៉ា។

យ៉ាងណា ពលរដ្ឋ​ម្នាក់​ទៀត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា អ្នក​ភូមិ​កាន់​កាប់​ដី​នោះ​តាំង​ដូន​តា​មក​ម្ល៉េះ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​បែរជា​មក​បណ្ដាញ​ប្រជាពលរដ្ឋ​ទាំង​ភូមិ ដោយ​រឹប​អូស​យក​ទាំង​ដី​លំ​នៅ​ស្ថាន និង​ដី​ស្រែ​ ចម្ការ ទៅ​ឱ្យ​ក្រុមហ៊ុន​រ៉ែ​ធ្យូង ហើយ​មិន​បាន​ដោះស្រាយ​ទី​កន្លែង​ថ្មី​ឱ្យ​ប្រជាពលរដ្ឋ​ ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ លោក​ថា ពេល​នេះ ពលរដ្ឋ​ទាំង​ភូមិ មិន​ដឹង​ទៅ​រស់​នៅ​កន្លែង​ណា​ឡើយ ពីព្រោះ​អស់​ដី​ភូមិ និង​ដី​ស្រែ​ចម្ការ ហើយ​សល់​តែ​ការ​យំ​ស្រែក។

លោក​ថា កាល​ពី​ដំបូង​អាជ្ញាធរ​បាន​ឱ្យ​ពលរដ្ឋ​ផ្ដិត​មេ​ដៃ ហើយ​សន្យា​ថា រៀបចំ​ឱ្យ​ ពលរដ្ឋ​រស់នៅ ឱ្យ​មាន​សណ្ដាប់​ធ្នាប់ ប៉ុន្តែ​ទី​បំផុត បែរជា​រឹប​អូស​ដី​ប្រជាពលរដ្ឋ​ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន។

ពលរដ្ឋ៖«បើ​គេ​ដក​ហូត​ទាំងអស់ គឺ​អស់​ហើយ អស់​ទាំង​ដី​លំនៅ​ស្ថាន​អស់​ទាំង​ដី​អាស្រ័យ​ផល ដូច​ដី​ចម្ការ ដូច​ដី​កៅស៊ូ ធ្វើ​ស្រ ចន្ទី​អី​ហ្នឹង ក៏​អស់​រលីង​ហ្នឹង​ហើយ។ បើ​គាត់​ដក​ហូត​អស់​ហើយ មាន​នៅ​អី​ទៀត មាន​តែ​ការ​ស្រែក​យំ។ ខ្ញុំ​មាន​តែ​ការ​សំណូម​ពរ​ទៅ​ថ្នាក់​ដឹក​នាំ​ចាប់​ពី​អភិបាល​ស្រុក ឡើង​ទៅ​ដល់​ថ្នាក់​អភិបាល​ខេត្ត ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​គាត់​ជួយ​រក​ដំណោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ដូច​ថា អាស្រ័យ​ផល​តាម​ធម្មតា​ទៅ ស្រែ​ចម្ការ​គ្នា​កាល​ពី​កន្លងមក នៅ​តែ​ប៉ុណ្ណឹង​ហើយ មក​ពី​ដូន​ពី​តា​មក»។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​មេ​ឃុំ​តាឡាត លោក មូន ខិប អភិបាល​ស្រុក​សេសាន​លោក សុវណ្ណ ពិសេដ្ឋ និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹង​ត្រែង​លោក ម៉ែន គុង បាន​ទេ នៅ​ថ្ងៃទី២២ ខែ​កុម្ភៈ។


អត្ថបទ​ដែល​ទាក់ទង៖

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ែ​ធ្យូង​នៅ​ខេត្ត​ស្ទឹងត្រែង ទាមទារ​​ដំណោះស្រាយ

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​បារម្ភ​ខ្លាច​ក្រុមហ៊ុន Green Wood Development បន្ត​បំផ្លាញ​ដំណាំ​របស់​ពួកគាត់

ក្រុមហ៊ុន​រ៉ែ​ធ្យូង​នៅ​ស្ទឹងត្រែង​រំលោភ​ដីស្រែ​ចម្ការ និង​ផលដំណាំ​ពលរដ្ឋ​ដោយ​មិន​មាន​សំណង


មន្ត្រី​សិទ្ធិមនុស្ស​ថា អាជ្ញាធរ​មិន​អាច​ដក​ហូត​ដី​ពលរដ្ឋ​ឱ្យ​ក្រុមហ៊ុន​ឯកជន​បានទេ

អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២២ ខែ​កុម្ភៈ​ថា ការ​សន្យា​របស់​អាជ្ញាធរ ដែល​មិន​បាន​ធ្វើ គឺ​ជា​ការ​កុហក​ប្រជាពលរដ្ឋ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់​ទំនុក​ចិត្ត​លើ​អាជ្ញាធរ​មូលដ្ឋាន។ លោក​ថា ចំណាត់​ការ​បែប​នេះ ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ពឹង​ផ្អែក​តែ​លើ​ដី​ស្រែ​ចម្ការ ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើត​ការ​តវ៉ា។

លោក យិន ម៉េងលីថា ការ​ដក​ហូត​ដី​ប្រជាពលរដ្ឋ លុះ​ត្រា​តែ​មាន​ច្បាប់​តម្រូវ​ឱ្យ​ដក​ហូត បើ​ទោះបី​ជា​អាជ្ញាធរ​ក៏ដោយ។ លើស​ពី​នេះ​ទៀត លោក​ថា ការ​ដក​ហូត​ ដី​របស់​ពលរដ្ឋ​ទៅ​បាន ទាល់​តែ​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​សាធារណៈ មិន​មែន​ដក​យក​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ឡើយ។

លោក យិន ម៉េងលី៖ «ទោះ​ជា​អាជ្ញាធរ​ក៏​ដោយ​មក​ដក​ហូត មិន​ឈរ​លើ​ប្រយោជន៍​ជាតិ​ប្រយោជន៍​សាធារណៈ​គឺ​ដក​ហូត​ខុស​ច្បាប់។ អាជ្ញាធរ​ហ្នឹង ​ខុស​ច្បាប់​ពី​ព្រោះ​ដក​ដី​ប្រជាពលរដ្ឋ​ឱ្យ​ក្រុមហ៊ុន​មិន​មែន​តំណាង​ឱ្យ​ប្រយោជន៍​សាធារណៈ មិន​តំណាង​ឱ្យ​ប្រយោជន៍​ជាតិ​ទេ អា​ហ្នឹង​ខុស​ច្បាប់​ហើយ។ អ៊ីចឹង​សូម​ធ្វើ​ការ​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​ការ​ដើរ​ដក​ហូត​ដី​របស់​ប្រជាពលរដ្ឋ ដោយ​ការ​សន្យា​មិន​ឱ្យ​ប្រជាពលរដ្ឋ​តវ៉ា​នេះ។ ការ​តវ៉ា វា​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កាល​ណា​ប្រជាពលរដ្ឋ​អស់​ជំនឿ​នឹង​អាជ្ញាធរ​មូលដ្ឋាន»។

កាល​ពី​ថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០២១ អតីត​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចុះ​ហត្ថលេខា​ឱ្យ​ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន (Green Wood Development Company) ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង​លើ​ផ្ទៃ​ដី​ជិត ១ពាន់ (៨៨១)ហិកតារ នៅ​ក្នុង​ភូមិ​សាស្ត្រ​តំបន់​តាឡាត​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ ប៉ុន្តែ​អាជីវកម្ម​មួយ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ របស់​ប្រជាពលរដ្ឋ​ជាង ១០០គ្រួសារ និង​បាន​ឈូស​ឆាយ​បំផ្លិច​បំផ្លាញ​ចោល​ផល​ដំណាំ​របស់​ពលរដ្ឋ នៅ​ជុំ​វិញ​តំបន់​ នោះ​អស់​ជា​ច្រើន​ហិកតារ​ផង​ដែរ។

ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ស្វែង​រក​ដំណោះស្រាយ ដោយ​កាត់​ឆ្វៀល​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ចេញ​ពី​គម្រោង​ ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង ពីព្រោះ​ពលរដ្ឋ​នៅ​តំបន់​នោះ មិន​ចង់​ចាក​ចេញ​ពី​ភូមិ​កំណើត​របស់​ពួកគាត់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles