ឃាតុកម្មលោក លិម គិមយ៉ា៖ កម្ពុជាបានទទួលសំណើពីថៃ តែមិនទាន់មានព័ត៌មានគ្រប់គ្រាន់

កម្ពុជា
កម្ពុជា-នយោបាយ
25/02/2025 – 10:46
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅរសៀលថ្ងៃទី២៤ កុម្ភៈ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានជួបពិភាក្សាជាមួយអគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា ជុំវិញរឿងឃាតកម្មលោក លិម គិមយ៉ា។ លោក ឌី វីជ្ជាបានប្រាប់ឯកអគ្គរដ្ឋទូតបារាំងថា នគរបាលកម្ពុជាមិនទាន់មានព័ត៌មានគ្រប់គ្រាន់ទេ ព្រោះថៃបានត្រឹមដាក់សំណើមក តែមិនមកធ្វើការជាមួយនគរបាលកម្ពុជា។ នេះបើតាមលោក ឆាម គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៥ កុម្ភៈនេះ។

ឃាតុកម្មលោក លិម គិមយ៉ា៖ កម្ពុជាបានទទួលសំណើពីថៃ តែមិនទាន់មានព័ត៌មានគ្រប់គ្រាន់


លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានទៅជួបលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិកាលពីរសៀលថ្ងៃទី២៤ កុម្ភៈដើម្បីពិភាក្សាអំពីវិធានការរបស់អាជ្ញាធរខ្មែរក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតរបស់ប្រទេសថៃជុំវិញឃាតកម្មលោក លឹម គឹមយ៉ា។ ស្ថានទូតបារាំងប្រចាំកម្ពុជាមិនបានបង្ហាញខ្លឹមសារលំអិតនៃជំនួបនោះទេ តែលេខាទី១នៃស្ថានទូតបារាំងប្រចាំកម្ពុជា លោកស្រី ណូអេមី ពីនតា (Noémie Pinta) បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៥ កុម្ភៈនេះដោយខ្លីថា ប្រទេសបារំាងបាន និងកំពុងតាមដានដំណើរការស៊ើបអង្កេតជុំវិញឃាតកម្មលោក លិម គិមយ៉ារបស់អាជ្ញាធរថៃដោយយកចិត្តទុកដាក់ជាទីបំផុត។

ដោយឡែក ស្នងការនគរបាលជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ឆាយ គឹមឃឿន បានបញ្ជាក់នៅថ្ងៃទី២៥ កុម្ភៈនេះថា ជំនួបរវាងលោក ហ្សាក់ ប៉ឺឡេ និងលោក ឌី វិជ្ជា បានរៀបចំឡើង ដោយសារតែប្រទេសបារាំងចង់ដឹងពីលទ្ធផលនៃការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជា។ តាមលោក ឆាយ គឹមឃឿន លោក ឌី វីជ្ជា បានប្រាប់លោក ហ្សាក់ ប៉ឺឡេ នៅក្នុងជំនួបនោះថា នគរបាលកម្ពុជាមិនទាន់មានព័ត៌មានគ្រប់គ្រាន់នៅក្នុងដៃទេ ព្រោះអាជ្ញាធរថៃបានត្រឹមដាក់សំណើមក តែមិនទាន់មកធ្វើការជាមួយនគរបាលកម្ពុជានៅឡើយទេ។ គួររម្លឹកថា លោក លិម គិមយ៉ា ដែលជាជនជាតិបារាំងមានដើមកំណើតខ្មែរ និងជាអតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំងត្រូវបានខ្មាន់កំាំភ្លើងជាជនជាតិថៃបាញ់សម្លាប់កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២៥ ក្នុងក្រុងបាងកក ប្រទេសថៃ។

រហូតមកដល់ពេលនេះ សមត្ថកិច្ចថៃបានបង្ហាញមុខជនសង្ស័យពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា សរុបចំនួន ៤នាក់។ ជនសង្ស័យទី១ ជាខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ភាណយ ជនសង្ស័យទី២ ជាអ្នកបោះតម្រុយជនជាតិខ្មែរឈ្មោះ ពេជ្រ និងជនសង្ស័យទី៣ អ្នកបើកឡានជនជាតិថៃឈ្មោះ ឆាគីត ប៊ួភ្លេ ដែលបានដឹកខ្មាន់កាំភ្លើងគេចខ្លួនចូលទឹកដីកម្ពុជា និងចុងក្រោយ គឺលោក លី រតនរស្មី ជនជាតិខ្មែរដែលប្រើឈ្មោះថៃ ស៊ុមវ៉ាង បំរុងគិត។ ម្យ៉ាងទៀត គិតត្រឹមពេលនេះដែរ អាជ្ញាថៃនៅមិនទាន់អាចឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យជនជាតិជាជនជាតិខ្មែរទាំង ២នាក់ខាងលើនៅឡើយទេ។ តែតាមការចុះផ្សាយរបស់កាសែតថៃ ប៉ូលិសអន្តរជាតិអាំងទែប៉ូលបានចេញនិវេទន៍ក្រហមស្វែងរក និងឃាត់ខ្លួនបុគ្គល ពេជ្រ គឹមស្រ៊ិន ជាជនសង្ស័យដែលឱ្យតម្រុយខ្មាន់កាំភ្លើង។

នៅរសៀលថ្ងៃទី២៤ កុម្ភៈ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានជួបពិភាក្សាជាមួយអគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា ជុំវិញរឿងឃាតកម្មលោក លិម គិមយ៉ា។
នៅរសៀលថ្ងៃទី២៤ កុម្ភៈ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានជួបពិភាក្សាជាមួយអគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា ជុំវិញរឿងឃាតកម្មលោក លិម គិមយ៉ា។ © ស្ថានទូតបារាំងប្រចាំកម្ពុជា

ទន្ទឹមនឹងការចេញនិវេទន៍ក្រហមតាមចាប់ជន ពេជ្រ គឹមស្រ៊ិន ពីសំណាក់ប៉ូលិសអន្តរជាតិអាំងទែប៉ូល តុលាការព្រហ្មទណ្ឌថៃក៏បានចេញដីកាចាប់ខ្លួនជនជាតិខ្មែរម្នាក់ទៀត គឺលោក លី រតនរស្មី ដែលប្រើឈ្មោះថៃ ស៊ុមវ៉ាង បំរុងគិត។ សម្រាប់ក្រុមគ្រួសារសពលោក លិម គិមយ៉ា គឺទាល់មានតែការចាប់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរទាំង ២នាក់ទៅឱ្យតុលាការថៃទើបអាចបំភ្លឺការពិតជុំវិញឃាតកម្មលោក លិម គិមយ៉ា បាន៕

What Next?

Recent Articles