នគរបាលកម្ពុជាថាមិនបានលក់ព័ត៌មានឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញទេ

កម្ពុជា
កម្ពុជា-ច្បាប់
06/03/2025 – 09:42
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅថ្ងៃទី៥ មីនា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានបដិសេធចំពោះការលើកឡើងថា ស្ថាប័ននគរបាលជាតិកម្ពុជាបានលក់ព័ត៌មានស្តីពីការធ្វើទារុណកម្មលើពលរដ្ឋចិននៅក្នុងទឹកដីកម្ពុជាទៅឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ។ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាចាត់ទុកការលើកឡើងយ៉ាងដូច្នេះថាជាចេទនាទុច្ចរិត​ បង្កើតការភ័ន្តច្រឡំ និងបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេស។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ១ភាគ៣នៃសំណើសុំអន្តរាគមន៍ជួយសង្គ្រោះរបស់ជនបរទេសក្នុងរឿងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា​ គឺជាការប្រឌិត។

នគរបាលកម្ពុជាថាមិនបានលក់ព័ត៌មានឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញទេ


ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈក្រុមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីប្រកាសព័ត៌មានក្នុងថ្ងៃទី៥​មីនាដោយបានច្រានចោលលើការលើកឡើងរបស់ម្ចាស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun ដែលថា នគរបាលជាតិ​កម្ពុជាបានលក់ព័ត៌មានទៅឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ។ ជនជាតិចិនឈ្មោះ Tie Xiao Jun បានអះអាងថា​ ខ្លួនជាអ្នកដើរប្រមូលព័ត៌មានពីពលរដ្ឋចិនដែលកំពុងធ្វើការក្នុងទីតាំងអនឡាញនៅកម្ពុជាដោយផ្ទាល់ និងបានសរសេរសារបង្ហោះក្នុងបណ្តាញសង្គមចិន Weibo កាលពីថ្ងៃទី៣មីនាថា នគរបាលជាតិកម្ពុជាបានលក់ព័ត៌មានស្តីពីការធ្វើទារុណកម្មលើពលរដ្ឋចិននៅក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញទៅឱ្យក្រុមឧក្រិដ្ឋជន។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងមហាផ្ទៃកម្ពុជាក៏បានបញ្ជាក់ថា គ្មានជនបរទេសរងគ្រោះដូចការលើកឡើងរបស់ Tie Xiao Jun និងថា យន្តការនៃការទទួលបានព័ត៌មាន និងសំណើ​សុំអន្តរាគមន៍ត្រូវបានដាក់ឱ្យប្រើយ៉ាងទូលំទូលាយ។ សម្រាប់ក្រសួងមហាផ្ទៃកម្ពុជា ការលើកឡើងរបស់ Tie Xiao Jun មានចេទនាទុច្ចរិតចោទប្រកាន់លើស្ថាប័ននគរបាលជាតិកម្ពុជា និងបង្កើតឱ្យមានការភាន់ច្រឡំដល់មតិសាធារណៈជាតិ និងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេស។

ម៉្យាងវិញទៀត និងបើតាមក្រសួងមហាផ្ទៃកម្ពុជាដដែល ការលើក​ឡើងរបស់ជនជាតិចិនរូបនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នគរបាលជាតិកម្ពុជា និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងចិន ក្រោមយន្តការនៃកិច្ចសហការអនុវត្តច្បាប់នាពេលកន្លងមក។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃកម្ពុជាបានស្នើឱ្យសមត្ថកិច្ចចិនជួយស្រាវជ្រាវ និងចាត់វិធានការលើជនជាតិចិន Tie Xiao Jun ឱ្យខាងតែបាន។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចជំនាញកម្ពុជាបានចុះស្រាវជ្រាវ តាមសំណើសុំអន្តរាគមន៍របស់ជនបរទេសចំនួន ៣ ៣០៤នាក់​ ក្នុងនោះមានសំណើចំនួន ១ ៣៩៥ករណី ជាករណីប្រឌិតព័ត៌មានក្នុងគោលបំណងលាឈប់ពីការងារមុនកិច្ចសន្យា និងករណីជនបរទសចូលមកកម្ពុជាដោយខុសច្បាប់​ ហើយគ្មានលទ្ធភាពត្រលប់ទៅស្រុកកំណើតវិញបានជាដើម។

នគរបាលកម្ពុជាថាមិនបានលក់ព័ត៌មានឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញទេ
នគរបាលកម្ពុជាថាមិនបានលក់ព័ត៌មានឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញទេ AP – Heng Sinith

របាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជាដដែលក៏បានបង្ហាញទៀតថា ចាប់ពីឆ្នាំ​ ២០២៤ រហូតមកដល់ថ្ងៃទី៥​ មីនា ឆ្នាំ​២០២៥  សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញខុសច្បាប់បានចំនួន ១៨ទីតាំង និងបានឃាត់ខ្លួនជនបរទេសដើម្បីបណ្តេញ​ចេញពីកម្ពុជាបានចំនួន ៣ ៧២៤នាក់ដែលមាន  ១៦សញ្ជាតិ រួចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៥ករណី និងបញ្ជូនខ្លួនជនសង្ស័យបានចំនួន ៧៦នាក់៕

What Next?

Recent Articles