កម្ពុជា
08/03/2025 – 10:37
ដោយ៖ អ៊ឹង ប៊ុនថន
RFI
អាជ្ញាធរតៃវ៉ាន់កំពុងពិចារណាចង់ព្រមានដល់ពលរដ្ឋរបស់ខ្លួនអំពីហានិភ័យនៃការធ្វើដំណើរទៅកាន់បណ្តាប្រទេសដែលមានទំនាក់ទំនងរឹងមាំជាមួយប្រទេសចិន ដូចជា ឡាវ និងកម្ពុជា ខណៈដែលពលរដ្ឋតៃវ៉ាន់មួយចំនួនអាចស្ថិតក្នុង «បញ្ជីខ្មៅ» របស់ទីក្រុងប៉េកាំងនៅក្នុងយុទ្ធនាការបង្ក្រាបអ្នកគាំទ្រការទាមទារឯករាជ្យឲ្យតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។
Reuters៖ តៃវ៉ាន់ពិចារណាប្រាប់ពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកម្ពុជា និងឡាវដែលជិតស្និទ្ធជាមួយចិន
ដោយដកស្រង់សំដីរបស់មន្រ្តីតៃវ៉ាន់ និងការណែនាំផ្ទៃក្នុងរដ្ឋាភិបាលតៃវ៉ាន់ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា បន្ទាប់ពីរដ្ឋអំណាចចិនបានចេញសេចក្តីណែនាំកាលពីឆ្នាំមុនដើម្បីដាក់ពិន័យខ្លាំងៗទៅលើសកម្មជនតៃវ៉ាន់ដើម្បីទាមទារឯករាជ្យភាពរបស់តៃវ៉ាន់ ដោយការកាត់ទោសប្រហារជីវិត មន្រ្តីជាន់ខ្ពស់ចិនបានចេញបទបញ្ជាឲ្យអង្គភាពសន្តិសុខចិនអនុវត្តសេចក្តីណែនាំខាងលើនៅតាមបណ្តាប្រទេសមិត្តរបស់ចិន។
ចំពោះតៃវ៉ាន់ ចិនកំពុងព្យាយាមប្រើគោលការណ៍ណែនាំដើម្បីបិទខ្ទប់លទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់តៃវ៉ាន់។ ដោយសារយុទ្ធនាការបង្រ្កាបរបស់ចិន ក្រសួងការបរទេសតៃវ៉ាន់ បានស្នើឱ្យការិយាល័យរបស់ខ្លួននៅក្រៅប្រទេសត្រួតពិនិត្យ និងវាយតម្លៃហានិភ័យដែលពាក់ព័ន្ធ ហើយនឹងជំរុញការយល់ដឹងជាសាធារណៈអំពីសុវត្ថិភាពពលរដ្ឋតៃវ៉ាន់ក្នុងការធ្វើដំណើរទៅទឹកដីបរទេស។
បើតាមទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ភ្នាក់ងារសន្តិសុខតៃវ៉ាន់ បាននិងកំពុងសម្លឹងមើលថា តើត្រូវបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ពលរដ្ឋតៃវ៉ាន់ដែលធ្វើដំណើរទៅកាន់ប្រទេសមួយចំនួន រួមមាន កម្ពុជា ឡាវ និងប្រទេសមួយចំនួននៅអាហ្រ្វិកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងចិនដែរឬទេ។ នៅប្រទេសខាងលើនេះ ពលរដ្ឋតៃវ៉ាន់អាចប្រឈមនឹងការស៊ើបអង្កេតក្រោមការសង្ស័យថា ពួកគេអាចជាសកម្មជន គាំទ្រការទាមទារឯករាជ្យពីចិន។ គួររំលឹកថា កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់ចិនម្នាក់បានបញ្ជាដល់អង្គភាពសន្តិសុខរដ្ឋរបស់ខ្លួនឱ្យ អនុវត្តគោលការណ៍ណែនាំពីផែនការស៊ើបការណ៍សម្ងាត់ទៅលើការប្រមូលផ្តុំរបស់ អ្នកទេសចរ សិស្ស និស្សិត និងប្រជាជនតៃវ៉ាន់ ដែលទៅកាន់បណ្តាប្រទេសដែលជាមិត្តជិតស្និទរបស់ចិន។ នេះបើយោងតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលចិន ដែល Reuters និងមន្ត្រីសន្តិសុខជាន់ខ្ពស់តៃវ៉ាន់បានទទួលអាន។

តៃវ៉ាន់ខ្លួនឯងបានសន្និដ្ឋានថា ប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ បានបដិសេធមិនសហការតាមសំណើរបស់ចិនឡើយ។ ទោះជាយ៉ាងណាក៏ ក្រសួងការបរទេសតៃវ៉ាន់បច្ចុប្បន្ន បានដាក់ការព្រមានការធ្វើដំណើរ «ពណ៌ទឹកក្រូច» ដែលជាហានិភ័យខ្ពស់បំផុតទី២ សម្រាប់ប្រជាជនរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា និងឡាវ ដោយប្រាប់ពលរដ្ឋរបស់ខ្លួនមិនឱ្យទៅកាន់ប្រទេសទាំងនេះទេ លើកលែងតែមានការចាំបាច់។ ទាក់ទងនឹងការចុះផ្សាយព័ត៌មានខាងលើនេះ វិទ្យុបារាំងអន្តរជាតិ RFI មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា លោក ខៀវ សុភ័គ និង អ្នកនាំពាក្យរង លោក ទូច សុឃៈ បាននៅឡើយនៅថ្ងៃសៅរ៍នេះ៕