កម្លាំងជំនាញបង្ក្រាបជនបរទេស២៥៨នាក់ពាក់ព័ន្ធអំពើឆបោកតាមអនឡាញនៅខេត្តមណ្ឌលគិរី

កម្ពុជា
09/03/2025 – 11:18
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

កងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានបង្ក្រាបអំពើឆបោកតាមអនឡាញ នៅក្រុងសែនមនោរម្យដោយចាប់បានជនបរទេសសរុប ចំនួន២៥៨នាក់។ កងកម្លាំងមានសមត្ថកិច្ចបានបើកប្រតិបត្តិការបន្ទាប់ពីមានការរាយការណ៍ពីករណីជនបរទេសទាំងនេះ ទៅក្នុងបណ្ដាញទំនាក់ទំនងសង្គមក្រសួងមហាផ្ទៃ។

កម្លាំងជំនាញបង្ក្រាបជនបរទេស២៥៨នាក់ពាក់ព័ន្ធអំពើឆបោកតាមអនឡាញនៅខេត្តមណ្ឌលគិរី


យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននរគបាលជាតិ ដែលបានផ្តល់ទៅឲ្យសារព័ត៌មានក្នុងស្រុកFreshnews ចុះផ្សាយនៅថ្ងៃទី៨មីនា អាជ្ញាធរបានបើកបង្ក្រាបទ្រង់ទ្រាយធំទៅលើមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយចាប់ឃាត់ខ្លួនជនបរទេសចំនួន ២៥៨នាក់។ នៅក្នុងចំណោមជនបរទេស មានជនជាតិចិនចំនួន២៤៧នាក់ ជនជាតិភូមា ឬមីយ៉ាន់ម៉ា ចំនួន៩នាក់ ជនជាតិម៉ាឡេស៊ី១នាក់ និងជនជាតិវៀតណាម១នាក់។

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ជនបរទេសទាំងនោះសុទ្ធតែពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ។ យ៉ាងណាក៏ដោយ ក្រោយប្រតិបត្តិការបង្ក្រាបរបស់កងកម្លាំងមានសមត្ថកិច្ច គេរកឃើញថា មានជនបរទេសខ្លះហាក់មានសញ្ញាជាជនរងគ្រោះដោយការប្រើអំពើហិង្សា និងការចាប់បង្ខំឱ្យធ្វើការ។ ដូច្នេះ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យចំនួន១៤នាក់ និងជនជាតិចិនម្នាក់ដែលអគ្គស្នងការចាត់ទុកថា ជាជនរងគ្រោះ ទៅកាន់ស្នងការដ្ឋានខេត្តមណ្ឌលគិរី ដើម្បីសាកសួរបន្ត។ ដោយឡែកជនបរទេសចំនួន ២៤៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីបន្ដនីតិវិធីតាមច្បាប់។

លោកឧត្តមសេនីយ៍ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី៩ មីនាដោយខ្លីថា ស្នងការខេត្តកំពុងបន្តនីតិវិធីសាកសួរជនសង្ស័យដោយមិនអាចទម្លាយព័ត៌មានឱ្យដឹងនៅពេលនេះបាននៅឡើយទេ។

កម្លាំងជំនាញបង្ក្រាបជនបរទេស២៥៨នាក់ពាក់ព័ន្ធអំពើឆបោកតាមអនឡាញនៅខេត្តមណ្ឌលគិរី
កម្លាំងជំនាញបង្ក្រាបជនបរទេស២៥៨នាក់ពាក់ព័ន្ធអំពើឆបោកតាមអនឡាញនៅខេត្តមណ្ឌលគិរី © fresh news

កម្ពុជាចាប់បណ្ដេញជនបរទេសដែលជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញខុសច្បាប់លើទឹកដីកម្ពុជា ទៅកាន់ប្រទេសកំណើតវិញជាញឹកញាប់។ ក្នុងឆ្នាំ២០២៤ គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្សបានរាយការណ៍ថា សមត្ថកិច្ចកម្ពុជាបង្ក្រាបបានបទល្មើសឆបោកតាមអនឡាញ និងជួញដូរមនុស្សជាក់ស្តែងនៅកម្ពុជាប្រមាណ២០% ក្នុងចំណោមបទល្មើសជាង៤០០ករណី៕

What Next?

Recent Articles