កម្ពុជា
15/03/2025 – 11:03
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងខ្មែរចំនួន១៩នាក់។ យោងតាមការចុះផ្សាយរបស់ក្រុមប្រតិកម្មរហ័សរបស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី ១៤មីនា ជនសង្ស័យទាំងនោះបានបង្កអសន្ដិសុខ និងចលាចលនៅក្នុងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។
អាជ្ញាធរឃាត់ខ្លួនជនជាតិចិននិងខ្មែរ១៩នាក់ ក្នុងករណីបង្កចលាចលនៅព្រលានយន្ដហោះ
បើតាមស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យដែលបង្កចលាចលយ៉ាងអនាធិបតេយ្យទាំង១៩នាក់ មានជនជាតិចិនចំនួន២នាក់ និងជនជាតិខ្មែរចំនួន១៧នាក់។ សមត្ថកិច្ចជំនាញបានបង្ក្រាបជនសង្ស័យទាំងនោះក្នុងរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ មីនា បន្ទាប់ពីពួកគេបានបង្កចលាចលក្នុងព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។
នៅក្នុងប្រតិបត្តិការបង្ក្រាបដែលមានការចូលរួមពីស្នងការផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការភ្នំពេញ និងស្នងការខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចនៅរឹបអូសបានវត្ថុតាងមួយចំនួន ដែលមានរថយន្តចំនួន៥គ្រឿង និងកាំភ្លើងខ្លី១ដើម។
បើតាមស្នងការនគរបាលរាជធានីភ្នំពេញដដែល បច្ចុប្បន្នជនសង្ស័យទាំង១៩នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក ចំពោះបក្ខពួកជនសង្ស័យដែលនៅសេសសល់មួយចំនួន សមត្ថកិច្ចអះអាងថា កំពុងបន្ដស្រាវជ្រាវដើម្បីចាប់ខ្លួន មកចាត់ការតាមនីតិវិធីច្បាប់។
ជនសង្ស័យទាំង១៩រូប ដែលសមត្ថកិច្ចបានឃាត់ខ្លួន បានបង្កចលាចល រហូតបង្កើតជាការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរអន្តរជាតិ នៅក្នុងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។ ស្នងការនគរបាលក្រុងភ្នំពេញមិនបានលម្អិតថា តើជនសង្ស័យទាំងនេះ បានប្រព្រឹត្តសកម្មភាពនៅពេលណា និងមានសមាជិកសរុបប៉ុន្មាននាក់នោះ។ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការក្រុងភ្នំពេញ មិនបានបំភ្លឺបន្ថែមករណីនេះជាមួយវិទ្យុបារាំងអន្ដរជាតិRFI ឡើយ គិតត្រឹមរសៀលថ្ងៃទី១៥ មីនានេះ។

លោក អំ សំអាត នាយកប្រតិបត្តិរបស់អង្គការសិទ្ធិមនុស្សលីកាដូលើកឡើងថា សកម្មភាពរបស់ជនបរទេសទាំងនេះបានបង្កផលប៉ះពាល់ដល់មុខមាត់ ទេសចរណ៍ ការវិនិយោគ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ចគួរពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងគ្រប់គ្រងជនបរទេសដែលចូលមកស្រុកខ្មែរឱ្យបានតឹងរ៉ឹង ពិសេសលើការប្រើប្រាស់អាវុធខុសច្បាប់។
នាយកអង្គការសិទ្ធិមនុស្សលីកាដូរូបនេះមិនភ្លេចបញ្ជាក់ថា កម្ពុជាគួរធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្ដាប្រទេសក្នុងតំបន់ ដើម្បីទប់ស្កាត់ជនដែលជាមុខសញ្ញាឧក្រិដ្ឋជន កុំឱ្យហូរចូលមកក្នុងប្រទេសកម្ពុជា៕