កម្ពុជា
កម្ពុជា-ថៃ-ឧក្រិដ្ឋកម្មអនឡាញ
16/03/2025 – 10:22
ដោយ៖ សឹម ចាន់សំណាង
RFI
សមត្ថកិច្ចថៃបានអះអាង កាលពីថ្ងៃសៅរ៍ ទី១៥ មីនាថា តុលាការបានចេញដីកាចាប់ខ្លួនជនជាតិថៃចំនួន១៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការរៀបចំសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ដីកាចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃរួមគ្នាជាមួយអាជ្ញាធរកម្ពុជាបង្រ្កាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយនៅក្រុងប៉ោយប៉ែត ដោយចាប់ឃាត់ខ្លួន ជនជាតិថៃចំនួន១១៩នាក់ កាលពីខែកុម្ភៈ។
សមត្ថកិច្ចថៃស្វែងរកចាប់ខ្លួនជនជាតិថៃ១៥នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញនៅប៉ោយប៉ែត
យោងតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍ ក្នុងចំណោមជនជាតិថៃទាំង១១៩ដែលត្រូវបានចាប់ខ្លួន បញ្ជូនត្រលប់ចូលប្រទេសថៃវិញ មានចំនួន៩៣ នាក់កំពុងជាប់ឃុំបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ ជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពខុសច្បាប់ ក្លែងបន្លំ និងបញ្ចូលព័ត៌មានមិនពិត ឬបំភ័ន្តទៅក្នុងប្រព័ន្ធកុំព្យូទ័រដែលអាចបង្កគ្រោះថ្នាក់ដល់សាធារណជន។
ដោយឡែក ជនសង្ស័យ១៥នាក់ផ្សេងទៀតដែលរងចោទប្រកាន់ ជាអ្នកចូលរួមក្នុងការផ្សាយផ្ទាល់ការលេងល្បែងស៊ីសងអនឡាញ តាមប្រព័ន្ធទំនាក់ទំនង Line កំពុងប្រឈមនឹងដីកាតាមចាប់ខ្លួនរបស់តុលាការ។
កាសែតបាងកកប៉ុស្តិ៍បានស្រង់សម្តីរបស់នាយឧត្តមសេនីយ៍ ត្រៃរ៉ុង ភីផាន ប្រធានការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យាថា ការបង្ក្រាបជនសង្ស័យនាពេលនេះ គឺជាផ្នែកមួយនៃការបង្រ្កាបជាបន្តបន្ទាប់របស់ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតថៃ លើសកម្មភាពឆបោកអនឡាញខុសច្បាប់។ ទន្ទឹមគ្នានេះ ភាគីថៃបានអរគុណដល់មន្ត្រីនគរបាលកម្ពុជា ដែលសហការក្នុងការចាប់ខ្លួនក្រុមអ្នកឆបោកតាមប្រព័ន្ធអនឡាញ។ គួរជ្រាបដែរថា កាលពីថ្ងៃទី១៣ និង១៤មីនាថ្មីៗនេះ ស្នងការនគរបាលជាតិថៃលោក Thatchai Pitaneelaboot បានធ្វើដំណើរមកជួបពិភាក្សាជាមួយសមភាគីកម្ពុជា នៅទីក្រុងភ្នំពេញ ដើម្បីផ្តោតលើការប្រមូលភស្តុតាង និងការផ្លាស់ប្តូរព័ត៌មានអំពីបណ្តាញបោកប្រាស់អនឡាញរបស់ថៃ ដែលកំពុងមានប្រតិបត្តិការខុសច្បាប់នៅកម្ពុជា។ នៅក្នុងជំនួបនោះ អាជ្ញាធរថៃបានប្តេជ្ញាសហប្រតិបត្តិការ ជាមួយសមភាគីកម្ពុជាដើម្បីតាមចាប់ខ្លួន និងចាត់វិធានការតាមផ្លូវច្បាប់ធ្ងន់ធ្ងរ លើជនជាតិថៃដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកឆ្លងដែនប្រព្រឹត្តឡើងនៅក្នុងទឹកដីកម្ពុជា។ បើតាមលោក Thatchai Pitaneelaboot ជនជាតិថៃជាផ្ទាំងស៊ីបរងគ្រោះដោយសារក្រុមឆបោកអនឡាញដែលជាជនជាតិថៃដូចគ្នា។ នៅក្រោយការបង្រ្កាប ជនឆបោកថៃទាំងនោះអះអាងថា ពួកគេជាជនរងគ្រោះធ្លាក់ក្នុងអន្ទាក់របស់ឧក្រិដ្ឋជនអនឡាញ ដែលជាហេតុធ្វើឲ្យពួកគេតែងរួចខ្លួនពីការដាក់ទោសធ្ងន់ធ្ងរ និងមានសេរីភាពត្រលប់មកប្រព្រឹត្តអំពើឆបោកសាជាថ្មី។
គួររំលឹកជូនថា កាលពីថ្ងៃទី២២ កុម្ភៈកន្លងទៅ សមត្ថកិច្ចថៃរួមជាមួយមន្រ្តីនគរបាលកម្ពុជាបានបើកប្រតិបត្តិការបង្រ្កាបទីតាំងមជ្ឈមណ្ឌលឆបោកអនឡាញមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដោយរំដោះបានជនបរទេសចំនួន ២១៥នាក់ ក្នុងនោះ ១១៩នាក់ ជាជនជាតិថៃ ជនជាតិប៉ាគីស្ថានចំនួន ៥០នាក់ ឥណ្ឌា ៤៨នាក់ តៃវ៉ាន់ ៥នាក់ និងឥណ្ឌូណេស៊ី ៣នាក់។

រដ្ឋាភិបាលថៃតាមរយៈក្រសួងការពារជាតិថៃ ធ្លាប់បានអះអាងថា ខ្លួននឹងបន្តលុបបំបាត់បណ្តាញមជ្ឈមណ្ឌលឆបោកអនឡាញនៅតាមព្រំដែនជាមួយប្រទេសជិតខាង ដោយសហការជាមួយរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងឡាវ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការបង្ក្រាបករណីមជ្ឈមណ្ឌលឆបោកអនឡាញនៅព្រំដែនជាមួយប្រទេសភូមា៕