កាណាដាព្រមានពលរដ្ឋខ្លួនពីហានិភ័យសន្តិសុខសង្គមពេលធ្វើដំណើរមកកម្ពុជា

កម្ពុជា
កម្ពុជា-សង្គម
16/03/2025 – 11:34
ដោយ៖ សឹម ចាន់សំណាង
RFI

រដ្ឋាភិបាលកាណាដា តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន បានព្រមានពីហានិភ័យសន្តិសុខសង្គមដល់ពលរដ្ឋខ្លួននៅពេលធ្វើដំណើរទៅប្រទេសកម្ពុជា។ នៅក្នុងនោះ រដ្ឋាភិបាលកាណាដាបានលើកឡើងពីសកម្មភាពឆក់ប្លន់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរ ការប្រើប្រាស់អំពើហិង្សា និងអំពើឆបោកភ្ញៀវទេសចរបរទេសនៅក្រោមរូបភាពជាច្រើន។

កាណាដាព្រមានពលរដ្ឋខ្លួនពីហានិភ័យសន្តិសុខសង្គមពេលធ្វើដំណើរមកកម្ពុជា


នៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលកាណាដា ដែលគេធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៦ មីនា ឆ្នាំ២០២៥ កាណាដាបានអំពាវនាវឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ នៅក្នុងហេតុផលថា បទឧក្រិដ្ឋតូចតាចដូចជា ការឆក់ប្លន់ លួចទូរស័ព្ទរបស់ភ្ញៀវទេសចរបរទេសបានកើនឡើងនៅប្រទេសកម្ពុជា។

នៅសារក្រើនរំលឹកដល់ពលរដ្ឋកាណាដាដែលចង់ធ្វើដំណើរទៅប្រទេសកម្ពុជា រដ្ឋាភិបាលកាណាដា នៅបានលើកឡើងជាច្រើនចំណុចស្តីពីហានិភ័យសន្តិសុខ សណ្តាប់ធ្នាប់ចំពោះភ្ញៀវទេសចរដែលបានមកទស្សនាប្រទេសកម្ពុជា។ នៅក្នុងនោះ មានការបោកប្រាស់សំដៅក្រុមទេសចរបរទេស ដែលអាចជាការឆបោកតាមអនឡាញ ឬការចាប់បង្ខំរបស់ឧក្រិដ្ឋជនដែលជំរុញឲ្យអ្នកទេសចរទៅម៉ាស៊ីន ATM ដើម្បីបង្ខំពួកគេឲ្យដកប្រាក់។

អាជ្ញាធរកាណាដាក៏បានលើកឡើងពីករណីជនរងគ្រោះដែលត្រូវគេឆបោក និងជំរិតទារប្រាក់តាមច្រកព្រំដែន។ អ្នកមួយចំនួនបានរាយការណ៍ថា មន្ត្រីព្រំដែនបានសុំឲ្យពួកគេបង់ថ្លៃបន្ថែមដើម្បីអាចចូលប្រទេសកម្ពុជា។ ចំពោះរដ្ឋាភិបាលកាណាដា ករណីឆបោក ការជំរិតទារប្រាក់ និង​ឧក្រិដ្ឋកម្ម​ជាបណ្តាញ កើតមានឡើងច្រើន ជាពិសេសនៅក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត។

ជាការកត់សម្គាល់ កាណាដាក៏បានលើកឡើងពីករណីរំលោភផ្លូវភេទដែលធ្លាប់កើតមានក្នុងប្រទេសកម្ពុជា ជាពិសេសលើស្ត្រីបរទេស។ តាមស្រ្តីរងគ្រោះ ករណីមួយចំនួនបានកើតឡើងនៅតាមផ្ទះសំណាក់ដែលសំបូរអតិថិជនជាយុវវ័យ។

កាណាដាព្រមានពលរដ្ឋខ្លួនពីហានិភ័យសន្តិសុខសង្គមពេលធ្វើដំណើរមកកម្ពុជា
កាណាដាព្រមានពលរដ្ឋខ្លួនពីហានិភ័យសន្តិសុខសង្គមពេលធ្វើដំណើរមកកម្ពុជា AP – Heng Sinith

មួយរយៈកាលចុងក្រោយនេះ កម្ពុជា ឧស្សាហ៍ជួបរឿងអាស្រូវជុំវិញបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ជាពិសេសទៅលើជនបរទេស។ សារព័ត៌មានអន្តរជាតិបានចុះផ្សាយព្រោងព្រាត និងបានចាត់ទុកប្រទេសកម្ពុជាជាទីតាំងនៃប្រតិបត្តិការឆបោកតាមអនឡាញដ៏ធំមួយនៅអាស៊ី។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Nikkei Asia កាលពីខែកញ្ញា ឆ្នាំ២០២៣ ធ្លាប់បានស្រង់សម្តីអ្នកជំនាញទេសចរណ៍ក្នុងតំបន់ថា អ្នកដំណើរជាច្រើនបានលុបចោលផែនការទៅទស្សនាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីមានការព្រមានពីប៉ូលិស អំពីការចាប់ជំរិត ឲ្យទៅធ្វើការនៅមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ឬហៅថា Scam។

យ៉ាងណាមិញ ពាក់ព័ន្ធករណីខាងលើនេះក្រសួងការបរទេសកម្ពុជាតាមរយៈអ្នកនាំពាក្យលោក ជុំ សន្ទរី បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៦ មីនានេះ យ៉ាងខ្លីថា លោកនឹងបញ្ចូនករណីព្រមានពីហានិភ័យសន្តិសុខសង្គមដែលរដ្ឋាភិបាលកាណាដាបានលើកឡើងខាងលើនេះ ទៅកាន់នាយកដ្ឋានដែលពាក់ព័ន្ធ៕

What Next?

Recent Articles