វិទ្យុ RFA ប្រឆាំងតវ៉ា ចំណែកវិទ្យុ VOA សោកស្តាយចំពោះការបិទទ្វារពីរដ្ឋបាលលោក ដូណាល់ ត្រាំ

កម្ពុជា
17/03/2025 – 09:49
ដោយ៖ អ៊ឹង ប៊ុនថន
RFI

នៅ​សហរដ្ឋ​អាមេ​រិក ​ក្រោយពី​លោក ដូណាល់ ត្រាំ ​ប្រកាស​បញ្ឈប់​បុគ្គលិក​ ១៣០០​នាក់​នៅ​វិទ្យុ ​VOA ​និង​ប្រកាស​ផ្តាច់​ជំនួយ​ទៅ​កាន់​វិទ្យុ​អាស៊ី​សេរី​ (RFA)​ មក​ ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចាស់​វស្សា​ទាំង​ពីរ​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​គ្នា​។​ នាយិកា​វិទ្យុ​អាស៊ី​សេរី​ លោកស្រី បេយ៍ ហ្វាង (Bay Fang) បាន​ប្រកាស​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់ ​លោក ដូណាល់ ត្រាំ។ ​ចំណែក​ នាយក​វិទ្យុ​ VOA​ លោក Michael Abramowitz បាន​សម្តែង ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ លោក ដូណាល់ ត្រាំ ក្នុង​ការ​បិទ​ទ្វារ​វិទ្យុ​ចំណាស់​៨៣​ឆ្នាំ​មួយ​នេះ​។

វិទ្យុ RFA ប្រឆាំងតវ៉ា ចំណែកវិទ្យុ VOA សោកស្តាយចំពោះការបិទទ្វារពីរដ្ឋបាលលោក ដូណាល់ ត្រាំ


នៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការសម្រេចផ្តាច់ជំនួយឲ្យវិទ្យុអាស៊ីសេរី RFA ដែលមាន​អាយុកាល​ ២៩ឆ្នាំ លោកស្រី បេយ៍ ហ្វាង នាយិកា​ RFA​ បានគូសបញ្ជាក់ថា ស្ថាប័នវិទ្យុអាស៊ីសេរី នឹងតវ៉ាជំទាស់ទៅនឹងសេចក្តីសម្រេចចិត្តនេះ។ លោកស្រី បេយ៍ ហ្វាង បានប្រៀបប្រដូចការផ្តាច់ជំនួយរបស់រដ្ឋបាលសហព័ន្ធដល់វិទ្យុអាស៊ីសេរីថាជាការផ្តល់រង្វាន់ទៅដល់មេដឹកនាំព្រៃផ្សៃ និងជនផ្ដាច់ការទាំងឡាយ រួមទាំងគណបក្សកុម្មុយនិស្តចិន។

តាមលោកស្រី បេយ៍ ហ្វាង​ វិទ្យុអាស៊ីសេរី បានក្លាយជាមូលដ្ឋានគ្រឹះ​ដ៏សំខាន់ក្នុងការជួយដល់ក្រុមអ្នកធ្វើគោលនយោបាយសហរដ្ឋអាមេរិកឲ្យយល់ដឹងពីការពិតនៃអ្វីដែលកំពុងតែកើត​មានឡើងនៅក្នុងប្រទេសចិន និងប្រទេសដទៃទៀត ក្នុងតំបន់អាស៊ី ដែលមានការរឹតត្បិត និងថា​ វិទ្យុអាស៊ីសេរីបាននាំមកនូវតម្លាភាព និងគណនេយ្យភាពដល់សង្គម។

នាយិកាវិទ្យុអាស៊ីសេរីរូបនេះព្រមានថា ការផ្តាច់ជំនួយឲ្យវិទ្យុអាស៊ីសេរីមិនត្រឹមតែដកហូតសិទ្ធិពីមនុស្សជិត៦០លាននាក់ដែលតាម​ដានសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរីជារៀងរាល់សប្តាហ៍នោះទេ តែការសម្រេចចិត្តនេះក៏ធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ដែរ។ តាមលោកស្រី បេយ៍ ហ្វាង​ វិទ្យុអាស៊ីសេរីនឹងតវ៉ាជំទាស់ទៅនឹងសេចក្តីសម្រេចដែលមិនបានគិតគូរវែងឆ្ងាយនេះ​ និងថាលោកស្រី​នឹងស្វែងរកគ្រប់មធ្យោបាយដើម្បីបន្តការងាររបស់ អ្នកកាសែត​វិទ្យុអាស៊ីសេរី។

ចំណែក លោក Michael Abramowitz នាយក VOA បានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃសៅរ៍​ ទី១៥ មីនាថា​ លោកពិតជាមានការសោកស្ដាយជាខ្លាំង ព្រោះជាលើកដំបូងក្នុង​រយៈពេល ៨៣ឆ្នាំមកនេះដែលលោកទើបតែឮការបំបិទមាត់វិទ្យុ​ VOA។ លោកអះអាងថា បេសកកម្មរបស់វិទ្យុ​ VOA មានសារៈសំខាន់ ពិសេសនាពេលបច្ចុប្បន្នដែលសត្រូវរបស់អាមេរិក ដូចជា អ៊ីរ៉ង់ ចិន និងរុស្សី កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារ ក្នុងការបង្កើតរឿងក្លែងក្លាយដើម្បីបង្ខូចកិត្តិយសសហរដ្ឋអាមេរិក។

លោក Michael Abramowitz នាយក​វិទ្យុ​ VOA
លោក Michael Abramowitz នាយក​វិទ្យុ​ VOA © VOA

លោក Michael Abramowitz បានគូសបញ្ជាក់ថា VOA បានលើកស្ទួយសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ដោយផ្តល់ព័ត៌មានប្រកបដោយតុល្យភាព ពិសេសសម្រាប់អ្នកដែល​រស់នៅក្រោមរបបផ្តាច់ការ។ តាម លោក Michael Abramowitz ស្ថានីយ៍វិទ្យុ​ VOA នៅក្នុងប្រទេសមួយចំនួនបានបញ្ឈប់ការផ្សាយព័ត៌មានរបស់ខ្លួនហើយ និងប្តូរទៅចាក់ចម្រៀងពេញម៉ោងវិញ៕

What Next?

Recent Articles