អាដហុកចោទថា កងកម្លាំងបានបង្ខំ និងគំរាមឲ្យពលរដ្ឋនៅតំបន់អន្ទង់អាំងផ្តិតមេដៃចេញពីផ្ទះ

កម្ពុជា
កម្ពុជា-ជម្លោះដីធ្លី
18/03/2025 – 10:50
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅថ្ងៃទី១៨​ មីនានេះ សមាគមអាដហុកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញចំពោះការអនុវត្តយន្តការដោះស្រាយផលប៉ះពាល់ដីធ្លីឲ្យពលរដ្ឋនៅតំបន់ផ្លូវអន្ទង់អាំង ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការទទូចបែបនេះដោយអាដហុកបានអះអាងពីការទទួលព័តមានដែលថា កងកម្លាំងនគរបាល និងអាជ្ញាធរស្រុកវាលវែងបានចុះទៅបង្ខំឲ្យពលរដ្ឋផ្តិតមេដៃដើម្បីចាកចេញពីផ្ទះ និងឲ្យទទួលយកការដោះដូរដីនៅកន្លែងផ្សេងដើម្បីទុកដីតំបន់ផ្លូវអន្ទង់អាំងនោះឲ្យរដ្ឋដាំដើមឈើ និងអភិរក្សជាឧទ្យានជាតិបៃតង។

អាដហុកចោទថា កងកម្លាំងបានបង្ខំ និងគំរាមឲ្យពលរដ្ឋនៅតំបន់អន្ទង់អាំងផ្តិតមេដៃចេញពីផ្ទះ


ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៨​ មីនា សមាគមអាដហុកបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលបានដាក់ឱសានវាទបណ្តេញពលរដ្ឋចំនួន ១៩គ្រួសារដែលកំពុងរស់នៅតំបន់អន្ទង់អាំង ភ្នំ១៥០០ ដើម្បីអភិរក្សទៅជាតំបន់បៃតងឡើងវិញ។ តាមសមាគមអាដហុក ក្នុងថ្ងៃទី១៧​ មីនាវេលាម៉ោងប្រមាណ ៩ព្រឹក កងកម្លាំង និងអាជ្ញាធរស្រុកវាលវែងបានចុះទៅបង្ខំឲ្យពលរដ្ឋផ្តិតមេដៃដើម្បីចាកចេញពីផ្ទះ និងឲ្យទទួលយកការដោះដូរទៅទីតាំងថ្មី។

ក្នុងសេចក្តីថ្លែងការណ៍របស់អាដហុកដដែល កងកម្លាំង​ និងសមត្ថកិច្ចបានគំរាមថា ប្រសិនបើពលរដ្ឋមិនព្រមចាកចេញនោះទេ នៅថ្ងៃទី១៨ និងថ្ងៃទី១៩​ ខែមីនា អាជ្ញាធរនាំយកគ្រឿងចក្រចូលទៅឈូសឆាយផ្ទះពួកគេចោល ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។ ស្រាប់តែនៅពេលរសៀលថ្ងៃទី១៧​ មីនា ក៏មានគ្រឿងចក្រចូលទៅតំបន់ដែលត្រូវបណ្តេញចេញ តែត្រូវបានពលរដ្ឋបដិសេធមិនព្រមផ្តិតមេដៃចាកចេញទេ។ នេះបើតាមសមាគមអាដហុក។

ចំណាត់ការរបស់អាជ្ញាធររបៀបនេះត្រូវបានសមាគមអាដហុកចាត់ទុកជារឿងមិនត្រឹមត្រូវ និងថា វាមិនត្រឹមតែអាចធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋទេ តែវាក៏ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិផងដែរ។ ក្នុងន័យនេះ សមាគមអាដហុកយល់ថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរតែចុះទៅជួបពលរដ្ឋនៅតំបន់កើតហេតុដើម្បីសាកសួរប្រមូលព័ត៌មានបន្ថែមទៀតពីហេតុផលដែលពលរដ្ឋដែលមិនព្រមចាកចេញ និងត្រូវសិក្សាឈ្វេងយល់ ស្តាប់កង្វល់របស់ពលរដ្ឋ ល្អជាជាងការដាក់ឱសាទបណ្តេញចេញ។

គួររម្លឹកថា កាលពីថ្ងៃទី១៤​ មីនា ស្ត្រីឈ្មោះ សែម សុខគាដែលជាពលរដ្ឋម្នាក់មិនយល់ព្រមចាកចេញបានមកតវ៉ាដល់ភ្នំពេញ ដោយបានដាក់ពាក្យបណ្តឹងជំទាស់នឹងចំណាត់ការរបស់អាជ្ញាធរខេត្តពោធិ៍សាត់ដើម្បីបានសិទ្ធិគ្រប់គ្រងដីរបស់ខ្លួនត្រឡប់មក​វិញ។ លោកស្រី សែម សុខគា បានអះអាងថា លោកស្រីបានកាប់កាប់ដីរបស់ខ្លួននៅតាមផ្លូវជាតិលេខ៥៥ គីឡូម៉ែត្រ១៣៧ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ រយៈពេលជាង១០ឆ្នាំមកហើយ និងមានបណ្ណកម្មសិទ្ធិថែមទៀតផង។ ក្រសួងយុត្តិធម៌បានអះអាងនៅថ្ងៃទី១៦​ មីនាថា ក្រសួងបាន​ និងកំពុងពិនិត្យស្រាវជ្រាវលើករណីនេះដោយបានចាត់ក្រុមការងារចុះទៅស្រាវជ្រាវ។

អាដហុកចោទថា កងកម្លាំងបានបង្ខំ និងគំរាមឲ្យពលរដ្ឋនៅតំបន់អន្ទង់អាំងផ្តិតមេដៃចេញពីផ្ទះ
អាដហុកចោទថា កងកម្លាំងបានបង្ខំ និងគំរាមឲ្យពលរដ្ឋនៅតំបន់អន្ទង់អាំងផ្តិតមេដៃចេញពីផ្ទះ © FACEBOOK

លោក កែវ រតនៈ ប្រធានក្រុមការងារថ្នាក់ជាតិរបស់រដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់បានអះអាងប្រាប់វិទ្យុបារាំងកាលពីថ្ងៃទី១២​មីនាថា ពលរដ្ឋ ២ភាគ៣ ក្នុងចំណោម ១០០គ្រួសារបានព្រមព្រៀងចាកចេញពីតំបន់ផ្លូវអន្ទង់អាំងនោះ ខណៈនៅមានពលរដ្ឋប្រមាណ ២០គ្រួសារទៀតបន្តតវ៉ាដល់ទីក្រុងភ្នំពេញ។ តាមលោក កែវ រតនៈ ការដែលនៅមានពលរដ្ឋបន្តតវ៉ាដល់ភ្នំពេញនាប៉ុន្មានថ្ងៃនេះ គឺដោយសារពលរដ្ឋទាំងនោះត្រូវបានមនុស្សផ្សេងទៀតប្រើប្រាស់ឲ្យចេញតវ៉ាដើម្បីការពារដីពួកគេដែលបានកាន់កាប់ខុសច្បាប់៕

What Next?

Recent Articles