កម្ពុជា
21/03/2025 – 09:37
ដោយ៖ សឹម ចាន់សំណាង
RFI
នៅក្នុងលិខិត២ច្បាប់ផ្ញើដាច់ដោយឡែកពីគ្នា ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានាធិបតីឥណ្ឌូណេស៊ី ចុះថ្ងៃទី១៩ មីនា គណបក្សកម្លាំងជាតិបានស្នើសុំរកកិច្ចអន្តរាគមពីសំណាក់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅក្នុងបញ្ហានយោបាយ និងការគោរពលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ នៅក្នុងលិខិតដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសុក្រទី ២១មីនានេះ បក្សកម្លាំងជាតិបានរៀបរាប់ពីស្ថានភាពនយោបាយកម្ពុជាកាន់តែពិបាក និងធ្លាក់ចុះជាខ្លាំង បន្ទាប់ពីមានការចាប់ខ្លួនសកម្មជននយោបាយ និងសង្គមជាច្រើនរូប។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសំណើសុំកិច្ចអន្តរាគមន៍របស់បក្សកម្លាំងជាតិថា ជារឿងគ្មានបានប្រយោជន៍ និងគ្មានប្រសិទ្ធភាពអ្វីឡើយ។
បក្សកម្លាំងជាតិស្នើឲ្យអង្គការសហប្រជាជាតិអន្តរាគមលើបញ្ហានយោបាយ និងលំហសេរីភាពនៅកម្ពុជា
នៅក្នុងលិខិតផ្ញើទៅកាន់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី គណបក្សកម្លាំងជាតិបានលើកឡើងថា ស្ថានភាពនយោបាយនៅកម្ពុជាក្រោយឆ្នាំ២០១៧ បានធា្លក់ចុះជាខ្លាំង រហូតដល់ពេលបច្ចុប្បន្ន ពោលគឺចាប់តាំងពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្រ្គោះជាតិ។
គណបក្សកម្លាំងជាតិបានរៀបរាប់ហេតុការណ៍នយោបាយជាច្រើនដែលបានកើតមាននៅក្រោយឆ្នាំ២០១៧ រួមមាន ការបដិសេធមិនឲ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ការចាប់ខ្លួនសកម្មជននយោបាយ សហជីព និងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានមួយចំនួន ដោយគ្រាន់តែពួកគេប្រើប្រាស់សិទ្ធិបញ្ចេញមតិ ដូចជា លោក ស៊ុន ចន្ធី ប្រធានបក្សកម្លាំងជាតិ លោកថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងលោកកើតសារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរជាដើម។
ដោយលើកឡើងនូវករណីបិទខ្ទប់សិទ្ធិសេរីភាព និងសិទ្ធិធ្វើនយោបាយនៅកម្ពុជា គណបក្សកម្លាំងជាតិបានទទូចស្នើសុំឲ្យប្រធានអង្គការសហប្រជាជាតិ និងប្រធានាធិបតីឥណ្ឌណេស៊ី ក្នុងនាមជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ១៩៩១ ជួយអន្តរាគមន៍លើរដ្ឋាភិបាលកម្ពុជាឲ្យបើកលំហសិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ និងដំណើរការប្រជាធិបតេយ្យពេញលេញឡើងវិញ។
រដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យលោក ប៉ែន បូណា បានប្រតិកម្ម ចាត់ទុកសំណើសុំកិច្ចអន្តរាគមន៍ របស់បក្សកម្លាំងជាតិថា ជាទម្លាប់របស់ក្រុមបក្សប្រឆាំងដែលតែងតែស្វែងរកជំនួយពីបរទេស នៅពេលដែលខ្លួនបានប្រព្រឹត្តសកម្មភាពណាមួយខុសច្បាប់នៅក្នុងប្រទេស។ ចំពោះលោកប៉ែន បូណា ការសុំកិច្ចអន្តរាគមន៍នេះគឺគ្មានប្រសិទ្ធភាពឡើយ។ បើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាល ក្រុមបក្សប្រឆាំងប្រឈមនឹងផ្លូវច្បាប់ ក៏ដោយសារតែពួកគេបំពានលើសិទ្ធិជាមូលដ្ឋានដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយវាបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាតិ។

គួរបញ្ជាក់ដែរថា គណបក្សកម្លាំងជាតិដាក់លិខិតស្នើសុំអន្តរាគមន៍ពីសហគមន៍អន្តរជាតិនៅពេលនេះ ក្រោយពីមានការចាប់ខ្លួនសកម្មជននយោបាយបក្សប្រឆាំងជាបន្តបន្ទាប់ និងបន្ទាប់ពីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិត្រូវតុលាការក្រុងភ្នំពេញដាក់កំហិតឲ្យបង់សងជម្ងឺចិត្ត១០ ម៉ឺនដុល្លារទៅកាន់គណៈកម្មាធិការព្រំដែន នៅក្នុងសំណុំរឿងញុះញង់តាមរយៈការអត្ថាធិប្បាយអំពីបញ្ហាព្រំដែន៕