កម្ពុជា
21/03/2025 – 10:10
ដោយ៖ សាំ ឧត្តម
RFI
ប្រមុខរដ្ឋស្តីទីកម្ពុជាលោក ហ៊ុន សែន បានព្រមានកុំឱ្យគេព្យាយាមចង់បំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាឱ្យសោះ ព្រោះមិនអាចទៅរួចឡើយ។ ប្រតិកម្មព្រមានរបស់លោក ហ៊ុន សែនយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការចោទសួរថា ហេតុអ្វីបានជាលោក ហ៊ុន សែនបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដល់លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ប៉ុន្តែ គ្មានលោក ស ខេង។ ចំពោះប្រមុខរដ្ឋស្តីទីកម្ពុជា ការចោទសួរបែបនេះមានចេតនាចង់បំបែកផ្ទៃក្នុងរបស់គណបក្សលោក។
លោក ហ៊ុន សែន ព្រមានកុំមកបំបែកផ្ទៃក្នុងបក្សប្រជាជន ប្រយ័ត្នបែកបាក់ខ្លួនឯង
ក្នុងពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ដល់លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានថ្លែងព្រមានថា គ្មាននរណាអាចបំបែកផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាឡើយ ហើយក៏កុំព្យាយាមបំបែកផ្ទៃក្នុងរបស់បក្សឱ្យសោះ។
បើតាមលោក ហ៊ុន សែន កាលណាព្យាយាមបំបែក អ្នកនោះនឹងកាន់តែបែកខ្លួនឯង ព្រោះកន្លងមក គណបក្សមួយចំនួនដែលចង់បំបែកគណបក្សប្រជាជនកម្ពុជា គឺបែកខ្លួនឯងទាំងអស់។ នេះជាសារព្រមានរបស់លោក ហ៊ុន សែន ដោយនិយាយភ្ជាប់ពីបុគ្គលម្នាក់ ដែលថ្មីៗនេះបានចូលមកបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយចោទជាសំណួរថា ហេតុអ្វីបានជាលោក ស ខេង ពុំទទួលបានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយ៥ដូចលោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន។
ជាការឆ្លើយតប ប្រមុខរដ្ឋស្តីទី លោកហ៊ុន សែនបានបញ្ជាក់ថា លោក ស ខេង កាលគ្រានៅធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោកស្ថិតក្នុងក្របខណ្ឌស៊ីវិល មិនមែនស្ថិតក្នុងក្របខណ្ឌទាហាននោះទេ។ បើតាមលោកហ៊ុន សែន អំឡុងឆ្នាំ១៩៩៧ដល់ឆ្នាំ១៩៩៨ លោក ស ខេង សុំត្រឹមតែពាក់សក្តិ៥ប៉ុណ្ណោះ។
ចំពោះ លោក ហ៊ុន សែនការដំឡើងឋានន្តរស័ក្តិដល់លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអននៅពេលនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីការតស៊ូរបស់ឥស្សរជនជាន់ខ្ពស់ទាំង២ក្នុងការចូលរួមកសាងសន្តិភាពនៅកម្ពុជា។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អ៊ំ សំអានវិញយល់ដែរថា ការផ្តល់ឋានន្តរស័ក្តិដល់លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន គឺជារឿងសមស្រប ព្រោះថា អ្នកទាំងពីរបានតស៊ូជាមួយលោក ហ៊ុន សែន ជាយូរមកហើយ។ ប៉ុន្តែ យ៉ាងណាក៏ដោយ លោក អ៊ំ សំអាន ចាត់ទុកការផ្តល់ឋានន្តរស័ក្តិ ផ្កាយមាស៥នាពេលនេះថា ជាការយកចិត្តលោក ទៀ បាញ់ និងលោកស្រី ម៉ែនសំអនឱ្យបន្តគាំទ្រការដឹកនាំប្រទេសរបស់លោក ហ៊ុន ម៉ាណែត ខណៈទំនាក់ទំនងជាមួយលោក ស ខេង មិនសូវជាល្អប៉ុន្មានឡើយ។
និយាយប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី២១ ខែមីនា លោក អ៊ំ សំអាន អះអាងថា គ្មាននរណាចង់បំបែកផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានោះទេ ពោលមានតែអ្នកនៅក្នុងបក្សប្រជាជនប៉ុណ្ណោះដែលចង់បំបែកបំបាក់ខ្លួនឯង។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥នៃកងយោធពលខេមរភូមិន្ទជូនដល់លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ដែលបច្ចុប្បន្នមានតំណែងជាឧត្តមក្រុមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ។ គិតត្រឹមឆ្នាំ២០២៥នេះ នៅកម្ពុជា មានឥស្សរជនចំនួន៥រូប ដែលទទួលបានឋានន្តរស័ក្តិផ្កាយមាស៥ រួមមាន លោក ជា ស៊ីម (ដែលបានទទួលមរណភាពយូរមកហើយ) លោក ហេង សំរិន លោក ហ៊ុន សែនផ្ទាល់ ហើយនិងចុងក្រោយនេះគឺ លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន៕