តុលាការបារាំងលើកពេលបន្តសវនាការ ករណីបោកគ្រាប់បែកឆ្នាំ១៩៩៧នៅកម្ពុជា

កម្ពុជា
22/03/2025 – 08:37
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សវនាការ​នៅ​តុលាការ​បារាំង ​នាថ្ងៃ​ទី​ ២១ ខែ​មីនា ឆ្នាំ ២០២៥ ត្រូវ​បាន​សម្រេច​លើក​ពេល​ ខណៈ​ដែល​តំណាង​អយ្យ​ការ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ​ដើម្បី​រក​ភស្តុ​តាង​បន្ថែម ​នៅ​ក្នុង​សំណុំ​រឿង​បោក​គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​ដែល​ដឹកនាំ​ដោយ ​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​១៩៩៧ ​នៅ​មុខ​អតីត​រដ្ឋសភា។​ នេះបើ​តាម​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​បារាំង​ AFP​។​ តែ​នៅ​ក្នុង​សំណុំ​រឿង​សម្លាប់​រង្គាល​នេះ គឺ​មាន​ជន​សង្ស័យ​សំខាន់​ពីរ​នាក់​គឺ​លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ត្រូវ​បាន​លើក​ឈ្មោះ មក​បើក​សវនាការ​ដោយ​កំបាំង​មុខ ក្រោម​បទចោទ​វាយ​ប្រហារ​ដោយគ្រាប់​បែក​ដៃ​កាលពី​ឆ្នាំ ១៩៩៧ ទៅ​លើ​អ្នក​នយោបាយ​គណ​បក្ស​ប្រឆាំង​ដែល​មាន​សញ្ជាតិ​បារាំង គឺ​លោក ​សម ​រង្ស៊ី និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​។

តុលាការបារាំងលើកពេលបន្តសវនាការ ករណីបោកគ្រាប់បែកឆ្នាំ១៩៩៧នៅកម្ពុជា


នៅ​ក្នុង​បន្ទប់​សវនាការ​នៅឯ​តុលា​ការ​បារាំង​នាទីក្រុង​ប៉ារីស ដែល​ធ្វើ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២១​ ខែ​មីនា​ឆ្នាំ​២០២៥ ​ពោល​មុន​ខួប​២៨​ឆ្នាំ​មក​ដល់ ​នៅថ្ងៃ​ទី​៣០ មីនា​ខាង​មុខ ​តុលា​ការ​បារាំង​បាន​សួរ​ដេញ​ដោល​លើ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី និង​ជាជន​រង​គ្រោះ គឺ​លោក សម រង្ស៊ី ​និង​សាក្សី​គឺ​លោក ប៊្រែដ ​អាដាម​ អតីត​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Human Right Watch។  តែ​សវនា​ការ​នេះ​បាន​ធ្វើ​ឡើង​ដោយ​កំបាំង​មុខ​ចំពោះ​ជនជាប់​ចោទ​ពីរ​រូប​គឺ ​លោក ហ៊ីង ប៊ុនហៀង បច្ចុប្បន្ន​ជា​មេអង្គ​រក្ស លោក ហ៊ុន សែន និង​ជា​អគ្គមេ​បញ្ជារង​នៃកង​យុទ្ធពល​ខេមរភូមិ្ទ និង​ លោក ហ៊ុយ ពិសិដ្ឋ បច្ចុប្បន្ន​ជារដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជានាយក​រង​ខុទ្ទ​កាល័យលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​។

តែនៅ​ប៉ុន្មានថ្ងៃ​នៃ​សវ​នាការ​មក​ដល់ ​លោក ហ៊ីង ប៊ុនហៀង បាន​បដិសេធ​តាមសារព័ត៌មានថា លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍​គប់​គ្រាប់​បែក​ដៃ​កាល​ពី​ជិត​៣០​ឆ្នាំមុន​នោះ​ទេ​។ ​ព្រឹត្តិការណ៍​គ្រាប់​បែក​ដៃជា​ច្រើន​គ្រាប់​ដែល​បាន​បំផ្ទុះ​នៅ​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ ១៩៩៧ ​ដែលយ៉ាង​ហោច​ណាស់​មនុស្ស ១៦ នាក់​បាន​ស្លាប់ និង ១៥០ នាក់​រង​របួស​ នៅគ្រា​ដែល​មាន​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ដឹក​នាំ​ដោយ លោក សម រង្ស៊ី ដើម្បី​ទាម​ទារ​ឲ្យ​លុប​បំបាត់​អំពើ​ពុក​រលួយ​។  

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​បារាំង​ AFP បាន​រាយការណ៍​ថា ​លោក សម រង្ស៊ី អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ជា​មេដឹក​នាំបក្ស​ប្រឆាំង គឺ​ជា​គោលដៅនៃ​ការ​វាយ​ប្រហារ​នោះ តែ​គាត់​បាន​ត្រឹម​រង​របួស​ស្រាល​។  

លោកស្រីរដ្ឋ​អាជ្ញា ​Isabelle Poinso ​បាន​និយាយ​ថា ​សវនា​ការ​ក្នុង​រយៈ​ពេល​៣ថ្ងៃ​កន្លង​មក​នេះ ​​ទទួល​បាន​ភស្តុតាង​ជា​ច្រើន​ពី​សាក្សី​ដែល​មិន​ធ្លាប់​ត្រូវ​បាន​សាក​សួរ​ពី​មុន​មក​។​ តែ​ថា​តំណាង​អយ្យការ​ត្រូវ​ការ​ការ​បំភ្លឺ​ពី​សាក្សី​ពាក់ព័ន្ធ​ផ្សេង​ទៀត ​ហើយ​តុលាការ​ក៏​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​សវនាការ​ដោយ​លើក​ទៅ​ពេល​ក្រោយ​ទៀត​។

លោក សម រង្ស៊ី ចូលរួមរំឭកខួបនៃការព្រឹត្តិការណ៍គប់គ្រាប់បែកថ្ងៃ៣០មីនា ១៩៩៧ នាពេល​កន្លងទៅ
លោក សម រង្ស៊ី ចូលរួមរំឭកខួបនៃការព្រឹត្តិការណ៍គប់គ្រាប់បែកថ្ងៃ៣០មីនា ១៩៩៧ នាពេល​កន្លងទៅ © Sam Rainsy

សូម​បញ្ជាក់​ថា ​លោក សម រង្ស៊ី ​បាន​ដាក់​ពាក្យ​បណ្តឹង​ឡើង​វិញ​នៅ​អំឡុង​ឆ្នាំ ២០១២​ ដើម្បី​ឲ្យ​តុលា​ការ​បារាំង​រក​យុត្តិធម៌​ជូន​លោក ​និង​ជន​រង​គ្រោះ​ផ្សេង​ទៀត ​បន្ទាប់ពី ​លោក​បាន​ដក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​កាល​ពី​ឆ្នាំ​២០០០​។ ការ​ដក​ពាក្យ​បណ្តឹង​កាល​ណោះ​ គឺ​នៅពេល​ដែល​មាន​ការ​សម្រប​សម្រួល​នយោ​បាយ​រវាង​លោក សម រង្ស៊ី ​និង​ លោក ហ៊ុន សែន នៅ​អំឡុង​ឆ្នាំ​២០០៦​។

ទោះជា​យ៉ាង​ណា ​តុលា​ការ​បារាំង​បាន​ប្រើ​ពេល​ជាង​១០​ឆ្នាំ ​ទម្រាំ​សម្រេច​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​យោធា​ជាន់​ខ្ពស់​២​នាក់​ដែល​នៅ​កៀក​នឹង​លោក ហ៊ុន សែន ​និង​ឈាន​ទៅ​បើក​សវនាការ​ជា​សាធារ​ណៈ​នៅថ្ងៃ​ទី​១៩​ ដល់​ថ្ងៃទី​២១ ខែ​មីនា​ឆ្នាំ​២០២៥​។

លោក​ សម​ រង្ស៊ី ​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​នៅក្រោយ​សវនាការ​នេះ​ថា ​ក្នុង​ខណៈ​នេះ ​តុលាការ​បារាំង ​សម្រេចរក្សា​សុពល​ភាព ដីកា​ចាប់​ខ្លួន ​លោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋ ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបអង្កេត ​កាលពី​ឆ្នាំ ​២០២០ឲ្យ​នៅ​ដដែល​។ ​លោក​រំពឹងថា ការងារចុង​ក្រោយ​របស់​តុលាការ ដែល​ជា​ការ​ងារបច្ចេកទេស​សុទ្ធសាធ អាច​ត្រូវ​ការ​ពេល​វេលាយ៉ាង​យូរ​មួយឆ្នាំ​ទៀត​លើ​សំណុំ​រឿង​នេះ​៕

What Next?

Recent Articles