អង្គការ​ Four Paws បើកយុទ្ធនាការបញ្ឈប់ការជួញដូរ និងបរិភោគសាច់ឆ្កែនៅកម្ពុជា

កម្ពុជា
ជួញដូរ និងបរិភោគសត្វឆ្កែ
23/03/2025 – 09:44
ដោយ៖ សាំ ឧត្តម
RFI

នៅថ្ងៃទី​២២ មីនា​ អង្គការសុខុមាលភាពសត្វពិភពលោក​ Four Paws បានបើកយុទ្ធនាការជាបន្ទាន់មួយសំដៅបញ្ឈប់ការជួញ​ដូរសត្វសុនខនៅប្រទេសកម្ពុជា។ តាមរយៈយុទ្ធនាការនាពេល​នេះ អង្គការ Four Paws នឹងប្រមូលឈ្មោះ និងហត្ថលេខារបស់ពលរដ្ឋខ្មែរដើម្បីរៀបចំជាញត្តិមួយស្នើសុំទៅកាន់ក្រសួងកសិកម្មឲ្យចាត់វិធានការលើការជួញដូរសត្វចិញ្ចឹមប្រភេទនេះ។

សត្វសុនខ
សត្វសុនខ © Four Paws

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែមីនា អង្គការសុខុមាលភាពសត្វពិភពលោក ឬហៅថា Four Paws បានរៀបចំយុទ្ធនាការមួយឈ្មោះ​ «នេះមិនមែនជាអ្វីដែលប្រជាជនកម្ពុជាចង់បាន» ដើម្បីទទូចឲ្យបញ្ឈប់ការជួញដូរ និងបរិភោគសាច់ឆ្កែនៅក្នុងសង្គមកម្ពុជា។ អង្គការ Four Paws យល់ថា ការជួញដូរ និងបរិភោគសាច់ឆ្កែមិនមែនជាវប្បធម៌របស់ប្រជាជនខ្មែរទេ ខណៈមានពលរដ្ឋខ្មែរយ៉ាង​ហោចណាស់​ ៩០% ចង់ឲ្យបញ្ឈប់ភាពឃោរឃៅលើការជួញដូរសត្វឆ្កែជាបន្ទាន់។

ក្នុងសេចក្តីជូនដំណឹងរបស់អង្គការ Four Paws យុទ្ធនាការនេះនឹងធ្វើឡើងរយៈពេល៦ខែចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៥​ និងថា ពលរដ្ឋអាចគាំទ្រយុទ្ធនាការនេះបានតាមរយៈការចុះ​ឈ្មោះជាមួយវេបសាយដែលអង្គការបានបង្កើតឡើង។ រាល់ឈ្មោះ ហត្ថលេខា និងមតិយោបល់របស់អ្នកចូលរួមនឹងត្រូវអង្គការ​បញ្ចូលទៅក្នុងរបាយការណ៍សង្ខេបដែលត្រៀមដាក់ជូនរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្មដើម្បីស្នើឲ្យមានការហាមឃាត់ការជួញដូរសត្វឆ្កែទាំងស្រុងក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត Karanvir Kukreja ប្រធានយុទ្ធនាការប្រចាំអាស៊ីអាគ្នេយ៍របស់អង្គការ Four Paws បាននិយាយថា យុទ្ធនាការនេះមិនមែនគ្រាន់តែជំរុញឲ្យមានការបញ្ឈប់សកម្មភាពជួញដូរសត្វសុនខដ៏ឃោរឃៅប៉ុណ្ណោះទេ​ តែវាបានបង្ហាញនូវសំឡេងរបស់ពលរដ្ឋខ្មែរភាគច្រើនដែលប្រឆាំងនឹងការជួញដូរសត្វចិញ្ចឹមប្រភេទនេះ។

ក្នុងនាមជាប្រធានយុទ្ធនាការប្រចាំអាស៊ីអាគ្នេយ៍​ លោកវេជ្ជបណ្ឌិតអះអាងពីការបន្តឈរជាមួយប្រជាជនកម្ពុជាដើម្បីជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឆាប់រហ័សក្នុងកិច្ចការពារសត្វចិញ្ចឹមទាំងនេះ និងក៏ជាផ្នែកមួយថែរក្សាវប្បធម៌របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

តាមរបាយការណ៍របស់អង្គការសុខុមាលភាព​សត្វពិភពលោក ក្នុងមួយឆ្នាំៗ មានសត្វសុនខយ៉ាងហោចណាស់៣លានក្បាលត្រូវបានចាប់ ដឹកជញ្ចូន និងសម្លាប់យកធ្វើជាសាច់ក្នុងប្រទេសកម្ពុជា។សត្វសុនខភាគច្រើនទាំងនេះជាសត្វចិញ្ចឹមក្នុងផ្ទះ និងត្រូវបានគេលួចយកទៅដើម្បីលក់ដូរ ខណៈសត្វសុនខទាំងនោះបានទទួល​រងនូវការបំពាន ធ្វើបាបយ៉ាងឃោរឃៅ និងត្រូវបានសម្លាប់ដោយវិធីគ្មានមនុស្សធម៌ ដូចជាការដុតភ្លើង ការឆក់ខ្សែភ្លើង និងការជ្រមុជ​ទឹកជាដើម។

កន្លងមក អង្គការមួយនេះក៏ធ្លាប់ស្ទង់មតិពលរដ្ឋកម្ពុជា ជុំវិញការអំពាវនាវឲ្យបញ្ឈប់សកម្មភាពជួញដូរ និងបរិភោគសាច់សត្វសុនខ។ ផ្អែកតាមលទ្ធផល មានពលរដ្ឋខ្មែរប្រមាណ​ ៩០%គាំទ្រឲ្យមានការហាមឃាត់ការជួញដូរសត្វសុនខក្នុងប្រទេសកម្ពុជា។ចំណែក​ ៨៦% ចង់ឃើញរដ្ឋាភិបាលចាត់វិធានការ និង​ ៩៤%នៃពលរដ្ឋខ្មែរចាត់ទុកការបរិភោគសាច់សត្វសុនខមិនមែនជាវប្បធម៌របស់ខ្មែរ។

សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្មខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងមួយស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ និងពិឃាតសត្វសុនខ។ តាម​រយៈសេចក្តីហាមឃាត់នេះ មន្ទីរកសិកម្មខេត្តសៀមរាបព្រួយ​បារម្ភពីបញ្ហាឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងទៀតពីតំបន់មួយទៅតំបន់មួយដែលប៉ះពាល់ដល់សុខភាពសាធារណៈ៕

What Next?

Recent Articles