កម្ពុជា
កម្ពុជា-នយោបាយ
23/03/2025 – 09:44
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃសៅរ៍ទី២២ មីនា លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតបក្សសង្រ្គោះជាតិបានប្រកាសបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ជាផ្លូវការ។ គោលបំណងចម្បង គឺទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋ តែរដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យបញ្ជាក់ថា ការបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ជាយុទ្ធសាស្ត្រដដែលៗរបស់ក្រុមអ្នកប្រឆាំងក្រៅប្រទេស និងថា រដ្ឋាភិបាលក៏មិនចាំបាច់អើពើដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាជាតិតស៊ូ ថា ការបង្កើតក្រុមប្រឹក្សាជាតិតស៊ូធ្វើឡើងតាមរយៈការគាំទ្រនៃសំឡេងសមាជមហាជនសង្រ្គោះជាតិនៅប្រទេសបារាំង នាថ្ងៃទី២២មីនា។ គោលដៅរបស់ក្រុមប្រឹក្សាជាតិតស៊ូ គឺនាំប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងប្រព័ន្ធការពារបូរណភាពទឹកដីដែលមានគុណភាព។ តាមសេចក្តីប្រកាសព័ត៌មានដដែល រចនាសម្ព័ន្ធនៃក្រុមបឹ្រក្សាជាតិតស៊ូ គឺមានលោក សម រង្ស៊ី ជាប្រធាន លោក គឹម សុខ ជាអ្នកនាំពាក្យ និងលោក ឆាំ ឆានី ជាប្រធានក្រុមជំនួយការ។
ក្រុមប្រឹក្សាជាតិតស៊ូបានបញ្ជាក់ថា ក្នុងស្មារតីទាមទារយុត្តិធម៌ បេសកកម្មរបស់ក្រុមប្រឹក្សា គឺស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ម្យ៉ាងទៀត បេសកកម្មរបស់ក្រុមប្រឹក្សានេះក៏ដើម្បីបញ្ចប់នយោបាយ «សន្តិភាពងើប១វ៉ៃ១» របស់រដ្ឋាភិបាលកម្ពុជាដោយដាក់ជំនួសវិញនូវ «សន្តិភាពមានទុក្ខម្នាក់ ដោះស្រាយជូនម្នាក់» ឬ «សន្តិភាពតវ៉ាម្នាក់ រកយុត្តិធម៌ជូនម្នាក់»។
ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានអះអាងថា ខ្លួនគ្មានអ្វីត្រូវអើពើចំពោះការបង្កើត «ក្រុមបឹ្រក្សាជាតិតស៊ូ» របស់លោក សម រង្ស៊ីនេះឡើយ។ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យទី២៣ មីនាថា រដ្ឋាភិបាលមិនចាប់អារម្មណ៍ចំពោះនយោបាយអង្ករកំប៉ុងដដែលៗនេះទេ និងថាយុទ្ធសាស្ត្រដដែលៗនេះនឹងត្រូវបាត់បង់ទៅវិញ ដោយសារលោក សម រង្ស៊ី គ្មានទស្សនវិស័យ និងគោលដៅច្បាស់លាស់។
គួររម្លឹកថា កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកបានធ្វើសមាជមួយដោយបានបង្កើតក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា ដើម្បីតស៊ូមតិឲ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងផ្សះផ្សាជាតិឡើងវិញ។ ដោយឡែក នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៤ លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ពីការបង្កើត «ចលជាតិខ្មែរតស៊ូ» ឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅក្រៅប្រទេស។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានចេញមកប្រតិកម្មភ្លាមៗពេលនោះថា មានតែរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នប៉ុណ្ណោះដែលជាតំណាងស្របច្បាប់ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ៕