កម្ពុជា
កម្ពុជា-នយោបាយ
24/03/2025 – 10:33
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃចន្ទទី២៤ មីនានេះ សមាជិកគណបក្សភ្លើងទៀនចំនួន៣រូបត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគារចំនួន២ឆ្នាំ។ តាមអ្នកនាំពាក្យគណបក្សភ្លើងទៀន និងសម្ព័ន្ធឆ្ពោះទៅអនាគត សមាជិកគណបក្សភ្លើងទៀនទាំង ៣រូបបានស្នើសុំសម្រាកពីសង្វៀននយោបាយមួយរយៈដោយមិនបានកំណត់ពេលច្បាស់លាស់។
សមាជិកបក្សភ្លើងទៀន ៣រូបសុំសម្រាកពីនយោបាយមួយរយៈ ក្រោយដោះលែងឲ្យមានសេរីភាព
លោក គីមសួរ ភីរិទ្ធិ អ្នកនាំពាក្យសម្ព័ន្ធឆ្ពោះទៅអនាគតបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃចន្ទទី២៤ មីនានេះថា បុគ្គលទាំង៣រូប ដែលរួមមាន លោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនគណបក្សភ្លើងទៀនប្រចាំរាជធានីភ្នំពេញ លោក តូច ថឹង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាម និងអ្នកស្រី នូ សិទ្ធារី ត្រូវបានដោះលែងនៅម៉ោង ២រំលងអាធាត្រថ្ងៃចន្ទ ទី២៤ មីនា។ តាមលោក គីមសួរ ភីរិទ្ធ នេះជាដំណឹងដ៏រីករាយដែលសមាជិកគណបក្សភ្លើងទៀនទទួលបានសេរីភាពឡើងវិញ បន្ទាប់ពីបានជាប់ក្នុងពន្ធនាគារចំនួន២ឆ្នាំ។ លោក គីមសួរ ភីរិទ្ធិបានអះអាងថា មន្ត្រីសម្ព័ន្ធឆ្ពោះទៅអនាគតក៏បានទៅសួរសុខទុក្ខពួកគេដើម្បីដឹងលឺពីបញ្ហាសុខភាព និងគោលជំហរនយោបាយទៅមុខជាបន្តទៀត។
តែអ្នកនាំពាក្យសម្ព័ន្ធឆ្ពោះទៅអនាគតដដែលរូបនេះមិនភ្លេចបញ្ជាក់ថា អ្នកទាំង ៣នៅមិនទាន់មានទឹកចិត្តប្រឡូកក្នុងសង្វៀននយោបាយឡើងវិញភ្លាមៗទេ ដោយស្នើសុំសម្រាកដកខ្លួនពីនយោបាយមួយរយៈពេលសិន។ សូមជម្រាបថា លោក ខឿន វីរ៉ាត់ លោក តូច ថឹង និងអ្នកស្រី នូ សិទ្ធារី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអំឡុងឆ្នាំ២០២៣ ក្រោមបទចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំស្នាមមេដៃស្នើបង្កើតគណបក្សបេះដូងជាតិ។ គណបក្សបេះដូងជាតិដែលមានលោក សៀម ភ្លុក ជាស្ថាបនិក និងចូលរួមប្រមូលស្នាមមេដៃប្រជាពលរដ្ឋឲ្យបានគ្រប់លក្ខខណ្ឌស្របតាមច្បាប់ដើម្បីឲ្យគណបក្សអាចចូលរួមបោះឆ្នោតកាលពីឆ្នាំ២០២៣។ តែស្របពេលគ្នានេះ គណបក្សបានរងការចោទប្រកាន់ពីបទបន្លំស្នាមមេដៃរហូតដល់លោក សៀម ភ្លុកបានជាប់ក្នុងពន្ធនាគារ និងទើបទទួលបានការដោះលែងឲ្យមានសេរីភាពវិញកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤។

ជុំវិញការជាប់ក្នុងពន្ធនាគាររបស់សមាជិកគណបក្សភ្លើងទៀនទាំង៣រូបខាងលើអស់ពេល២ឆ្នាំ លោក គីមសួរ ភីរិទ្ធិ ក្នុងនាមជាអ្នកនាំពាក្យសម្ព័ន្ធឆ្ពោះទៅអនាគតចាត់ទុកជារឿងដ៏អយុត្តិធម៌ចំពោះសកម្មជនបក្សប្រឆាំង។ ដោយឡែកនៅថ្ងៃទី២៤ មីនានេះដែរ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរក៏ចេញសេចក្តីថ្លែងការណ៍រួមមួយដោយកោតសរសើរពីវីរភាពរបស់លោក ខឿន វីរ៉ាត់ លោក តូច ថឹង និងអ្នកស្រី នូ សិទ្ធារី ដែលហ៊ានលះបង់សេរីភាពអស់២ឆ្នាំដើម្បីបុព្វហេតុយុត្តិធម៌ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ទន្ទឹមគ្នានេះ គណបក្សទាំងពីរបានឆ្លៀតទទូចជាថ្មីឲ្យអាជ្ញាធរដោះលែងអ្នកទោសមនសិការផ្សេងទៀតដើម្បីឲ្យពួកគេមានសេរីភាពជួបជុំគ្រួសារនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ៕