ពន្ធនាគារខេត្តបន្ទាយមានជ័យចេញមុខបំភ្លឺរឿងអ្នកទោសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

កម្ពុជា
24/03/2025 – 11:21
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ពន្ធនាគារ​ខេត្ត​បន្ទាយមាន​ជ័យ​បាន​ចេញ​មុខ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៥ ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​អ្នក​ទោស​ម្នាក់ ក្រោយ​ពី​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ក្នុង​ស្រុក​មង្គល​បុរី​។ ​ការ​បំភ្លឺរបស់​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​ដោយសារ​តែ​គ្រួសារ​ជន​រង​គ្រោះសម្តែង​ការ​មិន​អស់​ចិត្ត​ចំពោះ​ករណី​ស្លាប់​កូន​ប្រុស​របស់​ខ្លួន​ដោយ​ពន្យល់​ហេតុ​ផល​ថា គឺ​មក​ពី​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​បញ្ជូន​អ្នក​ជំងឺ​ទៅព្យាបាល​។

ពន្ធនាគារខេត្តបន្ទាយមានជ័យចេញមុខបំភ្លឺរឿងអ្នកទោសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ


នៅក្នុង​លិខិត​បំភ្លឺ​ចុះ​ថ្ងៃទី​២៣ ខែ​មីនា ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យបាន​រៀបរាប់​ថា នៅថ្ងៃ​ទី២០ មីនា អ្នក​ទោស​រូប​នោះមាន​អាការៈមិនស្រួល​ខ្លួន ហើយ​ភ្លាមៗ​​នោះ ​មន្ត្រី​គ្រប់​គ្រង​អគារ​ពន្ធនាគារ​ក៏បញ្ជូន​អ្នកទោសរូប​នោះ​ទៅប៉ុស្តិ៍​សុខភាព​។​ គ្រូពេទ្យ​នៅប៉ុស្តិ៍​សុខភាព​ពិនិត្យ​ទៅឃើញថា ពិរុទ្ធជន​មានសភាព​ហត់ខ្លាំង​ ពិបាក​ដកដង្ហើម ចុកឆ្អល់ចុងដង្ហើម ក្អួត និងស្វាយចុងដៃ ចុងជើង។ បន្ទាប់ពីឃើញ​អ្នកទោស​មានសភាព​បែបនេះ មន្ត្រីពន្ធនាគារ​ក៏បញ្ជូន​អ្នកជំងឺ​ទៅសង្គ្រោះបន្ទាន់​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ក្នុង​ស្រុកមង្គល​បុរី​នៅវេលាម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី២០ ខែមីនា។

មួយ​ថ្ងៃក្រោយ​មក ​គឺនៅថ្ងៃ​ទី២​១ ខែ​មីនា វេលាម៉ោង១១និង៣០នាទី អ្នកជំងឺក៏បានស្លាប់ដោយជំងឺបេះដូង និងខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល។

ទោះជាយ៉ាងណា ក្រុមគ្រួសារជនរងគ្រោះបានសម្តែងការមិនអស់ចិត្តចំពោះការស្លាប់របស់យុវជនអាយុ២២ឆ្នាំរូបនេះដោយចោទសួរនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនថា ហេតុអ្វីបានជាទុកអ្នកជំងឺរហូតដល់ធ្ងន់ធ្ងរជួយលែងបានហើយទើបសម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យ?។ តែពន្ធនាគារខេត្តបន្ទាយមានជ័យបដិសេធចំពោះការលើកឡើងដូចនេះ។

តាមពន្ធនាគារខេត្តបន្ទាយមានជ័យ អ្នកទោសដែលស្លាប់ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទហិង្សាដោយចេតនា លួច និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។

អ្នកទោសអាយុ២២ឆ្នាំ​ដែលស្លាប់នៅក្រោយពេលទៅដល់មន្ទីរពេទ្យ
អ្នកទោសអាយុ២២ឆ្នាំ​ដែលស្លាប់នៅក្រោយពេលទៅដល់មន្ទីរពេទ្យ © FB

យុវជនអាយុ២២ឆ្នាំរូបនេះត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន ៣ឆ្នាំ និងទើបអនុវត្តទោសបាន ១ឆ្នាំ ២ខែ ២៨ថ្ងៃ គិតត្រឹមថ្ងៃស្លាប់ទី២១ មីនា៕

What Next?

Recent Articles