កម្ពុជា
កម្ពុជា-សន្តិសុខ
26/03/2025 – 10:02
ដោយ៖ ជួប នរក្សា
RFI
អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនជាតិថៃសរុបចំនួន ៦៣នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គិតមកដល់ពេលនេះ មានជនជាតិថៃយ៉ាងតិចជាង២០០នាក់ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន និងបញ្ជូនត្រលប់ទៅប្រទេសថៃពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ។
ក្រុងប៉ោយប៉ែត៖ ចាប់ខ្លួនជនជាតិថៃ ៦៣រូបទៀតពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ
សេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិនាថ្ងៃទី២៥ មីនាបានឲ្យដឹងថា ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចុះបង្ក្រាបទីតាំងចំនួន២ ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានរកឃើញជនជាតិថៃសរុប ៦៣នាក់ ក្នុងនោះមានកុមារចំនួន ២នាក់ រួមទាំងវត្ថុតាងដែលមានកុំព្យូទ័រ ៣៣គ្រឿង និងទូរស័ព្ទដៃ ៦៥គ្រឿងសម្រាប់ធ្វើសកម្មភាពបទល្មើសឆបោកអនឡាញចេញពីទឹកដីកម្ពុជា។
ក្នុងចំណោមជនជាតិថៃទាំង៦៣នាក់ដែលបានឃាត់ខ្លួន សមត្ថកិច្ចកម្ពុជាបានរកឃើញទៀតថា មានមនុស្ស ១០នាក់កំពុងធ្វើសកម្មភាពរៀបចំមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសឆបោកដោយស្ម័គ្រចិត្ត និង ៤៦នាក់ទៀតកំពុងរស់នៅក្នុងស្ថានភាពបិទសិទ្ធិសេរីភាពដើរហើរ។ តែមិនមានសញ្ញាណាមួយដែលបញ្ជាក់ថា អ្នកទាំង ៤៦នាក់គឺជាជនរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សឡើយ។ ដោយឡែក បុគ្គលចំនួន ៧រូបផ្សេងត្រូវបានសមត្ថកិច្ចកម្ពុជាកំណត់មុខសញ្ញាជាមេក្លោងនៃសកម្មភាពប្រព្រឹត្តបទល្មើសឆបោកក្នុងទឹកដីកម្ពុជា។
តាមអគ្គស្នងការនគរបាលជាតិ មេក្លោងទាំង៧រូបនឹងត្រូវបន្តនីតិច្បាប់នៅក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកផ្សេងទៀតនឹងត្រូវសមត្ថកិច្ចកម្ពុជាបណ្តេញចេញដោយបញ្ជូនទៅឲ្យអាជ្ញាធរថៃ។ គិតមកដល់ពេលនេះ មានជនជាតិថៃយ៉ាងតិចជាង២០០នាក់ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន និងបញ្ជូនឲ្យអាជ្ញាធរថៃក្នុងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅក្រុងប៉ោយប៉ែត។ ការរឹតបន្តឹងវិធានការក្តៅរបស់អាជ្ញាធរខ្មែរ និងថៃធ្វើឡើង បន្ទាប់ពីភាគីថៃបានស្នើសុំកម្ពុជាឲ្យសហការបង្ក្រាបបទល្មើសឆបោកអនឡាញតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

កាលពីថ្ងៃទី២២ កុម្ភៈកន្លងទៅ សមត្ថកិច្ចថៃរួមជាមួយមន្រ្តីនគរបាលកម្ពុជាបានបើកប្រតិបត្តិការបង្រ្កាបទីតាំងមជ្ឈមណ្ឌលឆបោកអនឡាញមួយកន្លែងក្នុងក្រុងប៉ោយប៉ែតប្រទេសកម្ពុជាដោយរំដោះបានជនបរទេសចំនួន ២១៥នាក់ ក្នុងនោះ មាន ១១៩នាក់ ជាជនជាតិថៃ។ ក្នុងចំណោមជនជាតិថៃទាំង១១៩រូប ដែលកម្ពុជាបញ្ជូនឲ្យភាគីថៃ មាន ១៥នាក់ត្រូវបានតុលាការថៃចេញដីកាចាប់ខ្លួនដោយចោទប្រកាន់ពីបទរៀបចំសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា៕