ទ័ពខ្មែរថៃជួបពិភាក្សារឿងរក្សាសន្ដិភាពតាមព្រំដែនក្រោយព្រមានផ្ទុះអាវុធដាក់គ្នា

ដោយ បុគ្គលិកអាស៊ីសេរី
2025.03.28
RFA

បញ្ហាព្រំដែនរបស់កម្ពុជានិងថៃ
លោក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១របស់ខ្មែរ (ស្ដាំ) ជួបជាមួយលោក ប៊េន ចាផុន ដេតឆាតិវង្ស ណ: អយុថាយ៉ា មេបញ្ជាការកងកម្លាំងបូព៌ាថៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ប្រទេសថៃ។ (រូបភាពពីហ្វេសប៊ុកកងទ័ពជើងគោកកម្ពុជា)

ទំព័រ​ហ្វេសប៊ុក ផ្លូវការ​របស់​កងទ័ព​ជើង​គោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ចុះ​ផ្សាយ​ថា កងទ័ព​ទាំង​ពីរ ក៏​បាន​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន​ទៀត ដូចជា ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់ និង​បទ​ល្មើស​អនឡាញ​ជាដើម ហើយ​បាន​បង្ហាញ​ឆន្ទៈ​បន្ត​រក្សា​ទំនាក់ទំនង និង​ការ​ទុក​ចិត្ត​គ្នា​ឱ្យ​កាន់​តែ​រឹងមាំ។

ជំនួប​នេះ​បាន​ធ្វើឡើង ដោយសារ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ទាហាន​ខ្មែរ​ប្រចាំ​នៅ​ចក្រ​ព្រំដែន​បឹងត្រកួន ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាប់​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ព្រមាន​ពី​ការ​ផ្ទុះ​អាវុធ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា​មួយ ដោយសារ​ទាហាន​ថៃ​មួយ​ក្រុម ដើរ​ចូល​មក​ខ្សែ​បន្ទាត់​ព្រំដែន​ឆៅ​ៗ ដោយ​មិន​បាន​ជូន​ដំណឹង​ជាមុន។ ប៉ុន្តែ​ទាហាន​ថៃ​ចោទ​ទាហាន​ខ្មែរ​ថា បាន​ចូល​មក​បោះ​ជំរំ​ក្នុង​តំបន់​ស រី​ឯ​ទាហាន​ខ្មែរ​វិញ​បកស្រាយ​ថា តំបន់​នោះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​តាំង​ពី​ដើម ហើយ​ថា ទាហាន​ថៃ ក៏​បាន​សង់​រោង​ដែក​មួយ​នៅ​ក្បែរ​នោះ​ដែរ៕

What Next?

Recent Articles