ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ៣នាក់ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន

កម្ពុជា
28/03/2025 – 12:53
ដោយ៖ សាំ ឧត្តម
RFI

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន៣នាក់ត្រូវបានអាជ្ញាធរវៀតណាមក្នុងខេត្តព្រះត្រពាំងចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមីនាដោយចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទិ្ធប្រជាធិបតេយ្យ»។ សហព័ន្ធខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់អាជ្ញាធរវៀតណាម និងទាមទារឱ្យដោះលែងពលរដ្ឋខ្មែរក្រោមជាបន្ទាន់។

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ៣នាក់ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន


ក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសនាថ្ងៃទី២៧ ខែមីនា សហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា សមត្ថកិច្ចវៀតណាមក្នុងខេត្តព្រះត្រពាំងបានចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមម្នាក់ឈ្មោះ Kim Som Rinh និងពលរដ្ឋខ្មែរក្រោម ២នាក់ផ្សេងទៀតដែលម្នាក់មានឈ្មោះ Thach Nga និងម្នាក់ទៀតមានឈ្មោះ Thach Xuan Dong។ ពលរដ្ឋខ្មែរក្រោម ២នាក់នេះត្រូវបានអាជ្ញាធរវៀតណាមចូលចាប់ដល់ក្នុងផ្ទះ ខណៈព្រះសង្ឃ Kim Som Rinh ត្រូវបានចាប់ផ្សឹក និងក៏ចាប់ខ្លួនតាមក្រោយ។ សហព័ន្ធខ្មែរកម្ពុជាក្រោមចាត់ទុកការចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរទាំង ៣នាក់នេះថាជាការគាបសង្កត់សិទ្ធិសេរីភាពពីសំណាក់រដ្ឋាភិបាលវៀតណាមលើសហគមន៍ខ្មែរក្រោម ពិសេសលើការតស៊ូមតិដើម្បីសិទ្ធិជនជាតិដើមភាគតិច សិទ្ធិសេរីភាពខាងផ្នែកសាសនា និងការអភិរក្សវប្បធម៌។

សម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោម ទង្វើបែបនេះបង្ហាញកាន់តែច្បាស់ពីការគាបសង្កត់របស់រដ្ឋាភិបាលវៀតណាមប្រឆាំងនឹងអ្នកតស៊ូមតិដោយសន្តិវិធីនៃសហគមន៍ខ្មែរក្រោម និងថា ពលរដ្ឋខ្មែរក្រោមតែងប្រឈមមុខនឹងការរើសអើងពីរដ្ឋាភិបាលវៀតណាមជាយូរមកហើយ ពិសេសចំពោះពលរដ្ឋខ្មែរណាដែលហ៊ានតស៊ូមតិទាមទារឲ្យមានការទទួលស្គាល់អត្តសញ្ញាណខ្មែរក្រោម។

ទន្ទឹមនឹងសេចក្តីថ្លែងការណ៍ថ្កោលទោសលើរដ្ឋាភិបាលវៀតណាម សហព័ន្ធខ្មែរកម្ពុជាក្រោមក៏បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិចាត់វិធានការនេះជាបន្ទាន់ ពិសេសជំរុញឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែទទួលខុសត្រូវចំពោះការមិនគោរពឲ្យបានម៉ឺងម៉ាត់ចំពោះបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។

លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី២៨ ខែមីនាថា សមាគមខ្មែរក្រោមនឹងត្រៀមស្នើកិច្ចអន្តរាគមន៍មកកាន់រដ្ឋាភិបាលកម្ពុជាដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោមដែលអាជ្ញាធរវៀតណាមបានចាប់ខ្លួន។ នៅថ្ងៃអាទិត្យសប្តាហ៍នេះ និងបើតាមលោក សឺន ជុំជួន សមាគមនឹងបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាជុំវិញករណីនេះ ដ្បិតថាអាជ្ញាធរវៀតណាមតែងធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរក្រោមជារឿយ និងឥតស្រាកស្រាន្ត។

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន៣នាក់ ដែលអាជ្ញាធរវៀតណាមចាប់ខ្លួន
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន៣នាក់ ដែលអាជ្ញាធរវៀតណាមចាប់ខ្លួន © Voice of Kampuchea Krom

គួរជម្រាបថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឲ្យមេដឹកនាំវៀតណាមយកចិត្តទុកដាក់លើការរស់នៅរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមចំពោះការគោរពប្រតិបត្តិសាសនា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនាដែលស្ថិតក្រោមរដ្ឋអំណាចវៀតណាម។ សំណើរបស់លោក ហ៊ុន សែន កាលណោះធ្វើឡើងនៅចំពោះមុខលោក ជិន ចាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាទើបតែដង្ហែរអង្គកឋិនទានដ៏ធំមួយទៅកាន់វត្តខ្មែរមួយចំនួនក្នុងទឹកដីកម្ពុជាក្រោម៕

What Next?

Recent Articles