អាស៊ី
ភូមា-ថៃ-រញ្ជួយដី
29/03/2025 – 02:19
ដោយ៖ ឈាង បុប្ផា
RFI
ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដីនៅភូមាបានកើនឡើងដល់១៥០នាក់ និងរបួសយ៉ាងតិច៧៣២នាក់ ទាំងនៅប្រទេសភូមា និងប្រទេសថៃ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីយប់ថ្ងៃសុក្រ មេដឹកនាំរបបសឹកបានព្រមានថា ចំនួនមនុស្សស្លាប់នៅភូមានឹងអាចច្រើនជាង១៤៤នាក់ ដោយមើលទៅលើស្ថានភាពសំណង់អគារផ្ទះសម្បែងដែលបាក់រលំ ខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារកម្លាំងរញ្ជួយព្រះធរណី។ នៅទីក្រុងបាងកក ក្រុមជួយសង្រ្គោះបន្ទាន់នៅបន្តរុករកទាំងយប់ ដើម្បីស្វែងរកមនុស្សនៅក្រោមគំនរថ្មអគារ៣០ជាន់ដែលបាក់ដួលរលំដល់ដី ដោយសារកម្លាំងរញ្ជួយដីពីប្រទេសភូមា។ អាជ្ញាធរថៃជឿថា មានមនុស្សជិត១០០នាក់ ដែលអាចបាត់ខ្លួននៅក្រោមគំនរអគារបាក់បែក។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះ៖
មនុស្សស្លាប់ដោយគ្រោះរញ្ជួយដីនៅភូមាកើនឡើងដល់១៥០នាក់ ទាំងនៅបាងកក និងភូមា
នៅទីក្រុងបាងកក ប្រតិបត្តិការស្វែងរកជនរងគ្រោះនៅក្រោមគំនរសំណង់អគារដែលបាក់រលំដោយសារគ្រោះរញ្ជួយដីពីភូមា នៅតែបន្តទាំងយប់អាធា្រត្រ។ បន្ទាប់ពីរកឃើញសាកសពមនុស្ស៦នាក់ ក្រុមជួយសង្រ្គោះថៃបានប្រើដ្រូន និងសត្វឆ្កែ ដើម្បីស្វែងរកជនរងគ្រោះជិត១០០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ជាប់សង្កត់ក្រោមគំនរថ្ម។
ប៉ុន្តែ ក្តីសង្ឃឹមរកឃើញជនរងគ្រោះដែលអាចនៅមានជីវិតនៅក្រោមគំនរថ្មបាក់បែក មានតិចណាស់។ ក្រុមជួយសង្រ្គោះជួបបញ្ហាប្រឈមពីរ នោះគឺគេត្រូវកាយគំនរថ្មដែលមានកំពស់មិនតិចជាង២០ម៉ែត្រ និង បំណែកថ្មអគារដែលអាចធ្លាក់បង្កគ្រោះថ្នាក់ដល់ពួកគេគ្រប់ពេលវេលា។ យោងតាមអាជ្ញាធរថៃ អ្នកដែលបាត់ខ្លួននៅក្រោមអគារដែលបាក់ដួលស្រុតដោយសារការរញ្ជួយដីពីភូមា ភាគច្រើនជាកម្មករធ្វើការនៅការដ្ឋានសាងសង់អគារ។
នៅក្រោយហេតុការណ៍រញ្ជួយដែលបានបណ្តាលឲ្យអគារខ្ពស់ៗក្នុងទីក្រុងបាងកករងអង្រួន រេចុះឡើងជាច្រើនកន្លែង រដ្ឋបាលក្រុងបាងកកបានសម្រេចជម្លៀសមនុស្សចេញពីអគារខ្ពស់ៗចំនួន២កន្លែងនៅយប់ថ្ងៃសុក្រ និងសន្យាបញ្ជូនក្រុមអធិការកិច្ចស្ម័គ្រចិត្ត១០០នាក់ ទៅត្រួតពិនិត្យសុវត្ថិភាពនៅតាមអគារជាង២០០០ផ្សេងទៀតនៅក្នុងទីក្រុងបាងកក។
នៅភូមា ជាពិសេសនៅ ក្បែររដ្ឋធានីបុរាណ ម៉ង់ដាឡេដែលជាចំណុចរញ្ជួយដី កាលពីថ្ងៃសុក្រ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការបាត់បង់ជីវិតមនុស្សមានលក្ខណៈធ្ងន់ធ្ងរជាងប្រទេសថៃ។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិភូមានៅយប់ថ្ងៃសុក្រ មេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំងបាននិយាយថា មនុស្ស១៤៤នាក់ស្លាប់ ចំណែក៧៣២នាក់រងរបួស។ មេដឹកនាំយោធាភូមានៅបានព្រមានថា ចំនួនមនុស្សស្លាប់អាចកើនឡើងច្រើនជាងនេះ ព្រោះថា នៅមានមនុស្សច្រើនទៀតដែលកំពុងបាត់ខ្លួននៅឡើយ។ ទីភ្នាក់ងារអាមេរិក US Geological Survey បានវាយតម្លៃថា មនុស្សប្រមាណ ៨សែននាក់រស់នៅក្នុងតំបន់ដែលមានកម្រិតរញ្ជួយខ្លាំង។ ដូច្នេះ ចំនួនមនុស្សស្លាប់អាចដល់១ពាន់នាក់ ឬ ច្រើនជាងនេះ។ បើតាម ទីភ្នាក់ងារអាមេរិកដដែល ភូមាត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយទៀត ដែលរមែងកើតឡើងនៅក្រោយគ្រោះរញ្ជួយដី នោះ គឺការបាក់រលំដី ឬដីធូររាវដែលអាចធ្វើឲ្យសំណង់អគារបាក់ដួលរលំដោយស្រួល។
នៅចំពោះមុខគ្រោះមហន្តរាយធ្ងន់ធ្ងរ មេដឹកនាំយោធាភូមាដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី និងលង់ក្នុងសង្រ្គាមស៊ីវិល ជាង៤ឆ្នាំមកនេះ សុខចិត្តហារមាត់សុំជំនួយពីសហគមន៍អន្តរជាតិ។ នៅថ្ងៃសុក្រ មេដឹកនាំរបបសឹកបានប្រកាសបើកទ្វារទទួលយកជំនួយបរទេសគ្រប់ច្រក។ បន្ទាប់ពីឥណ្ឌា អឺរ៉ុបដែលប្រកាសត្រៀមខ្លួនជួយប្រជាជនភូមា អង្គការសហប្រជាជាតិបានសម្រេចបញ្ចេញកញ្ចប់ថវិកា៥លានដុល្លារសម្រាប់ផ្តល់ជំនួយសង្រ្គោះបឋមដល់ប្រជាជនភូមា។ ចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិគ្រោះរញ្ជួយដីជាទុក្ខជាន់លើទុក្ខ ព្រោះថា ប្រជាជនភូមាប្រមាណ ២០លាននាក់កំពុងជួបការខ្វះខាតរួចទៅហើយដោយសារសង្រ្គាមស៊ីវិលដែលបានធ្វើឲ្យមនុស្សជាង ៣លាន ៥សែននាក់រត់ភៀសខ្លួន។ ប្រធានាធិបតីអាមេរិកនៅថ្ងៃសុក្រ អះអាងថា លោកបានយល់ព្រមផ្តល់ជំនួយដល់ភូមាដែលកំពុងជួបគ្រោះអាសន្ន។ សំណួរចោទសួរថា តើអាមេរិកនឹងជួយភូមាតាមវិធីណា ព្រោះថា ទីភ្នាក់ងារអាមេរិក USAID ដែលទទួលបន្ទុកខាងផ្តល់ជំនួយបរទេសនៅក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ត្រូវលោក ដូណាល់ ត្រាំចោទថា ចាយលុយខ្ជះខ្ជាយ និងបញ្ជាឲ្យបិទទ្វារ។ នៅសប្តាហ៍នេះក្រសួងការបរទេស ដោយមានការចង្អុរបង្ហាញពីមហាសេដ្ឋីអេឡុន ម៉ាស្ក៍សម្រេចបណ្តេញបុគ្គលិកចុងក្រោយរបស់USAID យ៉ាងយូរបំផុតនៅខែកញ្ញាឆ្នាំនេះ៕