កម្ពុជា
កម្ពុជា-នយោបាយ
06/04/2025 – 11:39
ដោយ៖ សឹម ចាន់សំណាង
RFI
លោក ជា មុនី អតីតប្រធានស្តីទីគណបក្សកម្លាំងជាតិ ត្រូវបានសមាជវិសាមញ្ញផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាប្រធានគណបក្សនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់បក្សកម្លាំងជាតិ ស្តីពីលទ្ធផលសមាជវិសាមញ្ញនៅក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកខ្លួនប្រមាណ ២ពាន់នាក់។
លោក ជា មុនី ត្រូវបានសមាជវិសាមញ្ញបោះឆ្នោតជាប្រធានគណបក្សកម្លាំងជាតិ
តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សកម្លាំងជាតិ លោក ជា មុនី ត្រូវបានអង្គសមាជបោះឆ្នោតជាប្រជាធានគណបក្សកម្លាំងជាតិ រីឯលោក សុខ គឹមសេង ទទួលបានដំណែងជាអនុប្រធានបក្ស។ ថ្លែងនៅក្នុងពិធីសមាជវិសាមញ្ញបក្សកម្លាំងជាតិនាព្រឹកថ្ងៃទី៦ មេសានេះ លោក ជា មុនី ប្រធានគណបក្សបានលើកឡើងថា លោកនឹងរៀបចំរចនាសម្ព័ន្ធបក្សកម្លាំងជាតិឡើងវិញ ឲ្យមានលក្ខណៈប្រសើរជាងពេលបច្ចុប្បន្ន តាមរយៈការរៀបចំគណ
ៈកម្មាធិការបក្សខេត្ត និងការប្រមូលឲ្យបាននូវសមាជិកបក្សថ្មីៗបន្ថែមទៀត។ តែលោកក៏មិនភ្លេចបញ្ជាក់ថា លោកនឹងជ្រើសរើសលោក រ៉ុង ឈុន ធ្វើជាទីប្រឹក្សាគណបក្សកម្លាំងជាតិដដែល។
ទន្ទឹមគ្នានេះ ក្នុងសេចក្តីប្រកាសព័ត៌មានបក្សកម្លាំងជាតិបញ្ជាក់ទៀតថា អង្គសមាជបក្សកម្លាំងជាតិក៏បានផ្តល់សេចក្តីទុកចិត្តជូនសមាជិកគណៈកម្មាធិការនាយកថ្មីចំនួន៣៥រូបផងដែរ។ នៅក្នុងសមាជនោះ បក្សកម្លាំងជាតិក៏បានត្រៀមរៀបចំរចនាសម្ព័ន្ធបក្សក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឲ្យចប់រួចរាល់នៅបំណាច់ឆ្នាំ២០២៥ ដើម្បីត្រៀមរៀបចំបេក្ខជនឈរឈ្មោះ និងភ្នាក់ងារសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណិត្តទី៦ ឆ្នាំ២០២៧ ឲ្យហើយនៅបំណាច់ឆ្នាំ២០២៦។
ចំពោះគណបក្សកម្លាំងជាតិ ខ្លួននៅតែបន្តរក្សាទិសដៅដែលបានកំណត់ក្នុងសមាជលើកទី១ ដោយឈរលើការតស៊ូនយោបាយតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

គួរបញ្ជាក់ថា គណបក្សកម្លាំងជាតិត្រូវបានបង្កើតឡើងដោយអតីតសមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី ដែលត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីឲ្យជាផ្លូវការកាលពីថ្ងៃទី១២ តុលា ឆ្នាំ២០២៣។ ប៉ុន្តែបច្ចុប្បន្នលោក ស៊ុន ចន្ធី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពិន័យប្រាក់៤លានរៀល និងដកសិទ្ធបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍៕