ក្រសួងបរិស្ថានអំពាវនាវឲ្យស្វែងរកចាប់ខ្លួនជនល្មើសដែលបាញ់ប្រហារទៅលើឧទ្យានុរក្ស

កម្ពុជា
09/04/2025 – 12:02
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ក្រសួង​បរិស្ថាន​បានអំពាវនាវនៅថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៥ ឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋសហការគ្នាដើម្បីចាប់ខ្លួនជនល្មើសដែលបានបាញ់ប្រហារលើមន្ត្រីឧទ្យានុរក្សនៅខេត្តមណ្ឌលគិរីនាដើមខែមេសាថ្មីៗនេះ។ បើតាមក្រសួងបរិស្ថាន ករណីបាញ់ប្រហារលើមន្ត្រីដែលចុះអនុវត្តច្បាប់នេះក៏ធ្លាប់កើតមានកាលពីឆ្នាំ២០១៨ ដែលសម្លាប់មន្ត្រីអស់ចំនួន៣នាក់។

ក្រសួងបរិស្ថានអំពាវនាវឲ្យស្វែងរកចាប់ខ្លួនជនល្មើសដែលបាញ់ប្រហារទៅលើឧទ្យានុរក្ស


នៅក្នុងសេចក្តីព័ត៌មានរបស់ខ្លួន ក្រសួងបរិស្ថានបានថ្កោលទោសករណីបាញ់ប្រហារលើមន្ត្រីឧទ្យានុរក្សដែលចុះល្បាតនៅដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។ ករណីបាញ់ប្រហារនេះត្រូវបានក្រសួងបរិស្ថានអះអាងថា ជនល្មើសបានប្រើប្រាស់អាវុធខុសច្បាប់ដើម្បីរារាំង និងគំរាមកំហែងដល់អាយុជីវិតមន្ត្រីចុះអនុវត្តច្បាប់ដែលកំពុងបំពេញភារកិច្ចការពារធនធានធម្មជាតិ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៩ ខែមេសាថា ករណីបាញ់ប្រហារទៅលើមន្ត្រីឧទ្យានុរក្សនេះបានកើតឡើងជាបន្តបន្ទាប់ពីអំឡុងឆ្នាំ២០២៣ ដែលមាន ០២ករណី និងបន្តកើតមានជាថ្មីនាដើមខែមេសាឆ្នាំ២០២៥។

តាមលោក ខ្វៃ អាទិត្យា ថាក្រសួងបរិស្ថានបាន និងកំពុងសហការជាមួយសមត្ថកិច្ចខេត្តមណ្ឌលគិរីដើម្បីស្វែងរកចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់។ បើតាមក្រសួងបរិស្ថាន ជនល្មើសដែលបាញ់ប្រហារមកលើមន្ត្រីឧទ្យានុរក្ស គឺជាអ្នកចូលទៅបំផ្លាញព្រៃនៅតំបន់អភិរក្សដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

សកម្មភាពដើរល្បាតរបស់មន្ត្រីឧទ្យានុរក្សនាពេលកន្លងមក
សកម្មភាពដើរល្បាតរបស់មន្ត្រីឧទ្យានុរក្សនាពេលកន្លងមក © AKP

ទាក់ទងនឹងបទល្មើសព្រៃឈើនៅភាគឦសាននេះដែរ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរខេត្តស្ទឹងត្រែងបានឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូងខេត្តក្នុងបទចោទពាក់ព័ន្ធនឹងការកាប់រំលំដើមឈើទាលធំៗនៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។

សកម្មជនការពារព្រៃឈើប្រចាំខេត្តស្ទឹងត្រែងបានគាំទ្រចំណាត់ការនេះ តែពួកគេចង់ឃើញមានការអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា៕

What Next?

Recent Articles