ឯកអគ្គរដ្ឋទូតចិនបង្ហើបថា គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា

កម្ពុជា
កម្ពុជា-ផ្លូវដែក
20/04/2025 – 13:41
ដោយ៖ សាំ ឧត្តម
RFI

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីងបានបង្ហើបឲ្យដឹងថា កម្ពុជា និងចិនកំពុងពិភាក្សាគ្នាអំពីការតភ្ជាប់ផ្លូវដែកត្រង់រវាងប្រទេសទាំងពីរដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ចូនទំនិញ។ តែលោកឯកអគ្គរដ្ឋទូតចិននៅមិនទាន់អាចបញ្ជាក់បានទេថា តើគម្រោងសិក្សាផ្លូវដែកតភ្ជាប់ត្រង់មកកម្ពុជានឹងត្រូវឆ្លងកាត់តាមប្រទេសណាខ្លះទេ។

ឯកអគ្គរដ្ឋទូតចិនបង្ហើបថា គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា


ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបញ្ជាក់ថា ប្រទេសចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងថែមទៀតជាមួយកម្ពុជា ពិសេសតាមរយៈការតភ្ជាប់ផ្លូវដែកពីប្រទេសចិនមកកាន់កម្ពុជា។ តាមលោកឯកអគ្គរដ្ឋទូតចិន ការតភ្ជាប់ផ្លូវដែកត្រង់ពីចិនមកកម្ពុជានឹងផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រទេសទាំងពីរក៏ដូចជាការលើកកម្ពស់ដល់ការតភ្ជាប់ក្នុងតំបន់ ពិសេសជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ចូនទំនិញ។ លោក ផល រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូនកម្ពុជាបានត្រឹមបញ្ជាក់ថា ភាគីទាំងពីរ កម្ពុជា ចិននឹងមានកិច្ចពិភាក្សាគ្នាបន្ថែមទៀតនៅពេលក្រោយ។

តាមលោក ផល រឹម បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ចូនតាមផ្លូវដែកជាមួយចិននៅឡើយទេ តែកម្ពុជាបានគិតគូរខ្ពស់លើបញ្ហានេះដើម្បីឲ្យការតភ្ជាប់ផ្លូវដែកជាមួយចិនកាន់តែមានវិសាលភាពធំ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ថា កម្ពុជាបានបញ្ចប់ការសិក្សា និងរៀបចំផែនការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជារួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះត្រូវបានបែងចែកចេញជា២ដំណាក់កាល គឺរយៈពេលមធ្យមចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងរយៈពេលវែងចាប់ពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៣៣។

ក្នុងផែនការរយៈពេលមធ្យមត្រូវបានលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នាបញ្ជាក់ថា គឺមានការអភិវឌ្ឍផ្លូវដែកចំនួន៣គម្រោង។ គម្រោងទី១ គឺការធ្វើទំនើបកម្មផ្លូវដែកចំនួនពីរខ្សែពីភ្នំពេញទៅព្រះសីហនុ និងខេត្តបន្ទាយមានជ័យឲ្យក្លាយជាផ្លូវដែកល្បឿនលឿន និងគម្រោងទី២ គឺការកសាងផ្លូវដែកតភ្ជាប់ពីភូមិសាស្ត្ររាជធានីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ហើយគម្រោងទី៣ គឺការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបទៅកាន់ក្រុងសៀមរាប ខេត្តសៀមរាប។

ចំណែកផែនការរយៈពេលវែងវិញ គឺមានផ្លូវដែកចំនួន ៥គម្រោង រួមមាន ការសងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ គម្រោងផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកាត់តាមកំពង់ធំ និងសៀមរាប ហើយគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀងជាប់ព្រំដែនវៀតណាម។

ស្ថានីយ៍រថភ្លើងភ្នំពេញ
ស្ថានីយ៍រថភ្លើងភ្នំពេញ © ក្រសួងព័ត៌មាន

មកទល់ពេលនេះ គម្រោងសិក្សាស្តីពីការតភ្ជាប់ផ្លូវដែកពីចិនមកកម្ពុជានៅមិនទាន់មានលទ្ធផលអ្វីទាំងអស់។ តែថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅបន្ដឆ្នាំ ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែតបានប្រាប់ឲ្យក្រសួងជំរុញការសិក្សា និងពិនិត្យលទ្ធភាពស្វែងរកដៃគូវិនិយោគលើផ្លូវដែក ពិសេសនៅភាគខាងជើងដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត និងបន្តទៅកាន់ផ្លូវដែកប្រទេសថៃ។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏ជំរុញឲ្យសិក្សាការតភ្ជាប់ផ្លូវដែកភាគខាងជើងទៅកាន់គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលគ្រោងបើកដំណើរការនាពេលខាងមុខ៕

What Next?

Recent Articles