ដោយ ប្រាជ្ញ ចេវ
2025.04.22
RFA
សមាជិកសភាបក្សប្រឆាំងជប៉ុន មកពីគណបក្សជំនាន់ថ្មី (Reiwa Shinsengumi) លោក ណាអូតុ សាកាគូឈិ (Naoto Sakaguchi) បានស្នើទៅរដ្ឋាភិបាលជប៉ុនដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរីនិយម ត្រូវជំរុញទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងឈប់ធ្វើទុក្ខបុកម្នេញលើសកម្មជន។

លោកបានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំរដ្ឋសភាមួយ ដែលសួរដេញដោលពាក់ព័ន្ធនឹងរឿងកិច្ចការបរទេស កាលពីថ្ងៃទី១៦ ខែមេសា ដោយលោកបានបញ្ជាក់ថា ជប៉ុនក្នុងនាមជាប្រទេសផ្ដល់ជំនួយ ដ៏ធំមួយដល់កម្ពុជា មិនគួរបន្តសម្ងំស្ងៀមទៀតទេ ហើយត្រូវចាត់វិធានការបន្ទាន់ជុំវិញស្ថានភាពនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំរដ្ឋសភានេះ លោក ណាអូតុ សាកាគូឈិ ក៏បានលើកឡើងដែរថា ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ការបោះឆ្នោតដែលមិនសេរី និងយុត្តិធម៌ ការដឹកនាំបែបតពូជពីឪពុកទៅកូន ការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បន្ទាប់ពីបំពេញទស្សនកិច្ចនៅជប៉ុន ជាពិសេស ការគាបសង្កត់ឆ្លងដែនលើសកម្មជននយោបាយប្រឆាំងកម្ពុជានៅលើទឹកដីជប៉ុន។
សមាជិកសភាជប៉ុនស្នើឱ្យរដ្ឋាភិបាលខ្លួនជំរុញទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស្តារប្រជាធិបតេយ្យ
លោក ណាអូតុ សាកាគូឈិ បានប្រាប់សភាជប៉ុនទៀតថា មានសកម្មជនខាងគណបក្សប្រឆាំងខ្មែរដែលនៅប្រទេសជប៉ុន ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញ ដាក់ក្នុងបញ្ជីខ្មៅ ហើយបានបញ្ជូនសារគំរាមទៅសកម្មជនទាំងនោះ ថាអាជ្ញាធរនឹងចាប់ខ្លួនពួកគេ នៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ។ លើសពីនេះ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលជប៉ុន គួរត្រួតពិនិត្យផងដែរ លើមន្ត្រីកម្ពុជាមួយចំនួន ឧស្សាហ៍ចេញចូលទឹកដីជប៉ុន ដែលអាចពាក់ព័ន្ធនឹងសកម្មភាពគំរាមកំហែងឆ្លងដែន ដោយលោកបានសួរដេញដោលពីករណីនេះ ឱ្យភាគីតំណាងរដ្ឋាភិបាលជប៉ុនឆ្លើយបំភ្លឺនៅក្នុងកិច្ចប្រជុំរដ្ឋសភា។
ការទទួចទៅរដ្ឋាភិបាលជប៉ុននេះ បន្ទាប់ពីលោក ណាអូតុ សាកាគូឈិ បានជួបជាមួយសកម្មជននយោបាយប្រឆាំងខ្មែរប្រចាំនៅប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពិភាក្សាពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលក្រុងភ្នំពេញ មកលើអ្នកនយោបាយខ្មែរ ដែលភៀសខ្លួននៅជប៉ុន រួមទាំងបញ្ហារំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អនុប្រធានចលនាសង្គ្រោះជាតិប្រចាំប្រទេសជប៉ុន អ្នកស្រី ម៉ូរី បូរ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១មេសាថា វាជាកម្លាំងចិត្តមួយ ដែលតំណាងរាស្រ្ដសភាជប៉ុន បានជួយពាំនាំនូវក្ដីកង្វល់របស់ក្រុមចលនាសង្គ្រោះជាតិ ទៅនិយាយនៅក្នុងរដ្ឋសភា ដើម្បីជំរុញឱ្យរដ្ឋាភិបាលជប៉ុន អន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឱ្យបញ្ឈប់ការធ្វើបាបលើសំឡេងជំទាស់ ការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យទៅទៀត។
ឥឡូវ ជប៉ុន គេលើករឿងហ្នឹងទៅនិយាយ វាជាកម្លាំងចិត្តមួយសម្រាប់ការតស៊ូរបស់យើង វាជាជោគជ័យមួយជំហានសម្រាប់ពួកយើងដែរ។— អ្នកស្រី ម៉ូរី បូរ៉ា
អ្នកស្រីបន្តថា កន្លងមក ខាងចលនាសង្គ្រោះជាតិ តែងតែប្ដឹងទៅរដ្ឋាភិបាលជប៉ុនឱ្យជួយដឹងឭនិងអន្តរាគមន៍ ចំពោះការគាបសង្កត់ឆ្លងដែន ពីអាជ្ញាធរក្រុងភ្នំពេញ ដែលបានចុះទៅគំរាមកំហែងសាច់ញាតិ និងបងប្អូននៅក្នុងប្រទេស របស់ជនភៀសខ្លួនខាងនយោបាយ និងពលរដ្ឋខ្មែររស់នៅជប៉ុន ដើម្បីឱ្យពួកគេបញ្ឈប់ការធ្វើបាតុកម្មប្រឆាំងរបបដឹកនាំដោយ ត្រកូល «ហ៊ុន» បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។