ក្រុមអ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន ម៉ាណែត ជជែករឿងកោះគជ់នៅពេលជួបនាយករដ្ឋមន្ត្រីថៃ

ដោយ ប្រាជ្ញ ចេវ
2025.04.22
RFA

ក្រុមអ្នកឃ្លាំមើលស្នើទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវហ៊ានលើកយកបញ្ហាកោះគជ់ និងបញ្ហាព្រំដែនមួយចំនួនទៀត ទៅជជែកជាមួយនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅពេលមេដឹកនាំថៃរូបនេះ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែមេសា។

Cambodian and Thailand Leader's meeting.
ជំនួបរវាងនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៉ីណាវ៉ាត្រា (Paetongtarn Shinawatra) (ឆ្វេង) ជាមួយ​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាល​ពីថ្ងៃទី៩ តុលា ២០២៤។ (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

អ្នកនាំពាក្យ​ក្រុមប្រឹក្សាជាតិ​តស៊ូ លោក គឹម សុខ ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា គួរ​យក​ករណី​បញ្ហា​កោះគជ់ ករណី​នៅ​ប្រសាទ​តាមាន់ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តាក្របី ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ប្រសិន​បើ​ភាគី​ថៃ​នៅ​តែ​ចចេស​ទាមទារ​យក​ប្រសាទ​ខ្មែរ និង​បដិសេធ​ការ​ទាមទារ​ចំណែក​គ្រប់គ្រង​កោះគជ់​របស់​ខ្មែរ។ លោក គឹម សុខ ព្រួយបារម្ភ​ថា ការ​ចរចា​ទ្វេ​ភាគី​កម្ពុជា​-​ថៃ គឺ​កម្ពុជា​ហាក់​ចាញ់​ប្រៀប​ថៃ។

នៅ​តែ​មិន​ទុក​ចិត្ត​ការ​ចរចា​នៅ​ឡើយ ហើយ​ទាមទារ​ឱ្យ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ដាច់​ខាត។—  លោក គឹម សុខ

ទាក់ទង​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សោភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចុះ​ថ្ងៃ​ទី​២១ ខែ​មេសា បាន​ឱ្យ​ដឹង​ថា អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និង​ស្វាមី គ្រោង​ចូល​គាល់​ព្រះមហាក្សត្រ ជួប​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ជួប​ប្រធាន​ព្រឹទ្ធសភា អ្នកស្រី ឃួន សុដារី និង​លោក​ជួប​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់​អ្នកស្រី ផែថងថាន គឺ​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ពិភាក្សា​ពី​ការ​កំណត់​ទិសដៅ​សកម្មភាព និង​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។ នៅ​ចុង​បញ្ចប់​នៃ​ជំនួប ភាគី​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយ​ចំនួន​ផងដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់​ថា ភាគី​កម្ពុជា មិន​ហ៊ាន​លើក​យក​ករណី​កោះគជ់ និង​រឿង​ប្រាសាទ​ទាំង​នោះ ទៅ​ជជែក​ស៊ី​ជម្រៅ ជាមួយ​មេដឹកនាំ​ថៃ​ឡើយ។ លោក​បន្ត​ថា កន្លង​មក អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ គឺ​លោក ហ៊ុន សែន បាន​ជាប់ជំពាក់​នឹង​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដែល​មាន​ភាព​មិន​ប្រក្រតី ដែល​ធ្វើ​កម្ពុជា​ចាញ់​ប្រៀប​ប្រទេសថៃ​និង​ប្រទេស​វៀតណាម។

កន្លែង​ហ្នឹង​ដែល​ធ្វើ​ឱ្យ​មាន​ចំណុច​ខ្សោយ​របស់​លោក ហ៊ុន សែន វា​ត្រូវ​ជាប់​គន្លាក់​ជាមួយ​វៀតណាម និង​ថៃ។ អ៊ីចឹង បាន​ឃើញ​គ្រួសារ​ហ្នឹង​និយាយ​បកស្រាយ​បញ្ហា​ព្រំដែន​ហ្នឹង និយាយ​បកស្រាយ​បញ្ហា​ព្រំដែន​បន្លំ​យក​រួច​ខ្លួន អត់​ធ្វើ​តាម​ការ​ស្នើឡើង​របស់​ប្រជាពលរដ្ឋ​ទេ។—  លោក ម៉ែន ណាត

ការ​បំពេញ​ទស្សនកិច្ច​របស់​មេដឹកនាំ​ថៃ​នៅ​ពេល​ខាង​មុខ​នេះ ស្របពេល​បញ្ហា​កោះគជ់ កំពុង​ឡើង​កម្ដៅ ដោយ​មេដឹកនាំ​ថៃ​តែងតែ​អះអាង​ថា កោះគជ់​ជា​កម្មសិទ្ធិ​របស់​ថៃ ចំណែក​មេដឹកនាំ​កម្ពុជា ត្រឹម​អះអាង​ថា ខ្លួន​កំពុង​ចរចា​ជាមួយ​ថៃ​លើ​រឿង​កោះគជ់។ រីឯ​នៅ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី ពេលនេះ យោធា​កម្ពុជា និង​យោធាថៃ កំពុង​ពង្រាយ​កម្លាំង​នៅ​ទី​នោះ ហើយ​យូរ​ៗ​ម្ដង មាន​ការ​ប៉ះ​ពាក្យ​សម្ដី​គ្នា​រវាង​ទាហាន​កម្ពុជា និង​ទាហាន​ថៃ។ ចំណែក​ប្រាសាទ​តាមាន់តូច ត្រូវ​បាន​ទាហាន​ថៃ​គ្រប់គ្រង​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles