កម្ពុជា
កម្ពុជា-ថៃ
14/06/2025 – 11:15
ដោយ៖ អ៊ឹង ប៊ុនថន
RFI
សមាជិកម្នាក់នៃអតីតបក្សប្រឆាំងនៅកម្ពុជា ត្រូវបានចាប់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានបង្ហោះសារតាមហ្វេសប៊ុករបស់ខ្លួន រិះគន់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងជម្លោះព្រំដែនជាមួយថៃ។ នេះជាការគូសបញ្ជាក់នៅលើហ្វេសប៊ុករបស់ លោក សួន រីដា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ និងដែលបានអំពាវនាវឲ្យ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ដោះលែង លោក ឃូ ហាំងម៉ាំង ជាអតីតសហការី លោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញ។
លោក សួន រីដា អំពាវនាវឲ្យដោះលែងអតីតសហការីម្នាក់របស់ លោក កឹម សុខា
ក្នុងលិខិតចំហរជូន លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ មិថុនានេះ លោក សួន រីដា បានអះអាងថា ការដែលសមត្ថកិច្ចចាប់ខ្លួន លោក ឃូ ហាំងម៉ាំង ជាសហការី លោក កឹម សុខា និងជាអតីតក្រុមការងារនៅខេត្តសៀមរាបនៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) គឺពាក់ព័ន្ធនឹងការរិះគន់របស់ លោក ឃូ ហាំងម៉ាំង ទៅលើរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងជម្លោះព្រំដែនជាមួយថៃ។
យ៉ាងនេះក្តី លោក សួន រីដា អំពាវនាវឲ្យ ប្រមុខគណបក្សកាន់អំណាច និងប្រមុខរដ្ឋាភិបាលកម្ពុជា ដោះលែង លោក ឃូ ហាំងម៉ាំង ឱ្យមានសេរីភាពឡើងវិញ ដើម្បីបានជួបភរិយានិងកូនតូចៗនៅក្នុងបន្ទុក។ បើតាមអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ ទោះបីពួកគេមាននិន្នាការនយោបាយផ្សេងគ្នាក៏ពិតមែន តែចំពោះផលប្រយោជន៍ជាតិខ្មែរ បូរណៈភាពទឹកដី និងអធិបតេយ្យកម្ពុជា គឺពួកគេគាំទ្រយ៉ាងពេញទំហឹង។
លោក សួន រីដា បានបញ្ជាក់បន្ថែមថា ក្រុមរបស់លោកក៏គាំទ្រទាំងស្រុងផងដែរនូវទស្សនទាន៦ចំណុចរបស់ លោក ហ៊ុន សែន នៅថ្ងៃទី១៣ មិថុនា ក្នុងការឆ្លើយតបទៅនឹងទង្វើរបស់ថៃក្នុងការបិទព្រំដែន និងការព្រមានផ្តាច់អគ្គិសនី និងអ៊ីធឺណិតមកកម្ពុជា។
ទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ផ្លូវការពីសមត្ថកិច្ចកម្ពុជាលើការអះអាងរបស់ លោក សួន រីដា ជុំវិញការចាប់ខ្លួន លោក ឃូ ហាំងម៉ាំង នៅឡើយមកទល់ពេលនេះ។

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ុន សែន ក៏បានស្នើឱ្យថៃបញ្ជូន លោក អែម ពិសិដ្ឋ ជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ មកឱ្យអាជ្ញាធរកម្ពុជាចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីសកម្មជនប្រឆាំងរូបនេះ បានថតសម្តែងជាកងទ័ពរិះគន់រដ្ឋាភិបាលកម្ពុជា ដោយប្រមុខគណបក្សកាន់អំណាច ចាត់ទុកថា ទង្វើនេះ គឺជាការឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ គ្រាដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានរបស់បរទេស៕