អ្នកសង្កេតការណ៍៖ ថៃហាក់មិនឲ្យតម្លៃកិច្ចប្រជុំ JBC ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

កម្ពុជា
កម្ពុជា-ថៃ
14/06/2025 – 11:13
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ដូច​ការ​គ្រោង​ទុក​ កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​ (JBC) ​ដែល​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​១៤​ខែ​មិថុនា​នេះ​។​ ភាគី​កម្ពុជា​ ដឹកនាំ​ដោយ​ លោក​ ឡាំ ជា រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​រដ្ឋ​លេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន ​និង​ភាគី​ថៃ ដឹក​នាំ​ដោយ​ លោក​ Prasas Prasasvinitchai​ ប្រធាន​គណៈ​កម្មការ​ព្រំ​ដែន​ថៃ​។​ តែ​អ្នក​សង្កេត​ការណ៍​ កត់​សំគាល់​ថា​ ថៃ​ហាក់​ដូច​ជាមិន​ឲ្យ​តម្លៃ​កិច្ច​ប្រជុំ​ JBC​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅពេល​នេះ​​។

អ្នកសង្កេតការណ៍៖ ថៃហាក់មិនឲ្យតម្លៃកិច្ចប្រជុំ JBC ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ


នៅ​មុន​កិច្ច​ប្រជុំ​ផ្លូវ​ការ​ចាប់​ផ្តើម​នៅ​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់ ​ភាគី​ទាំង​ពីរ​បាន​បើក​កិច្ច​ប្រជុំ​ចង្អៀត​មួយ​ នៅ​សណ្ឋាគារ​ សូហ្វីតែល ភ្នំពេញ​។​ យោង​តាម​ពេល​វេលា​ដែល​បាន​គ្រោង​ទុក​ គឺ​កិច្ច​ប្រជុំ​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​១០​ព្រឹក តែ​វា​បាន​អូស​បន្លាយ​ពេល​វេលា​ នោះ​ក៏ព្រោះ​តែ ​គណៈប្រតិភូថៃ​មួយ​ចំនួន​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ចូល​រួម​ប្រជុំ​។នេះ​បើតាម​ក្រុម​អ្នក​សង្កេត​ការណ៍។

លោក​បណ្ឌិត ​គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា ​បាន​គូស​បញ្ជាក់​លើ​ហ្វេស​ប៊ុក​ថា​ «គេ​[ថៃ]​មាន​បំណង​បំផ្លាញ​ការ​ចរ​ចា​ផង និង​ធ្វើ​ឱ្យយើង​[កម្ពុជា]​សាំចិត្ត​ផង​ ហើយ​គេចោទ​កម្ពុជា​ថា ​គ្មាន​ឆន្ទៈ​ចរចា​។​ លោក​កត់​សំគាល់​ផង​ដែរ​«ឥរិយា​បទ​ការ​ទូត​[របស់ថៃ]​ខ្វះ​ការ​គោរព​ចំពោះ​ដៃគូ​ [គឺ]​បញ្ជូន​មនុស្ស​ថ្នាក់​ទាប​ឲ្យ​មក​ចរចា ​[ហើយ]​អ្នក​មក​ចរចា​មិន​គោរព​ម៉ោង​ណាត់»​។ ​បើ​តាម លោកបណ្ឌិត គិន ភា កិច្ច​ប្រជុំ​ JBC នេះ​នឹង​មិន​មាន​លទ្ធផល​អ្វី​ជា​ដុំ​កំ​ភួន​នោះទេ​។

សូម​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​ (JBC)​នៅថ្ងៃ​ទី​១៤​ ខែ​មិថុនា​នេះ​ គឺធ្វើ​ឡើង​ចំ​ខួប​ទី​២៥​ឆ្នាំ ​នៃ​ការ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​រវាង​កម្ពុជា​-ថៃ​ ឆ្នាំ​២០០០ (MoU2000)​។

ជា​ការ​កត់​សំ​គាល់​ នៅ​ប៉ុន្មាន​ម៉ោង​មុន​កិច្ច​ប្រជុំ ​JBC​ នៅថ្ងៃ​ទី​១៤ មិថុនា​នេះ ​ មេបញ្ជាការ​យោធ​ភូមិ​ភាគ​ទី២​របស់​ថៃ ​ឧត្តម​សេនីយ៍​ Boonsin Padklang​ បាន​ប្រកាស​ថា​ «តំបន់​ជម្លោះ​នៅ​ព្រំដែន​គឺ​ជា​ដី​របស់​ថៃ ហើយ​ថា​ប្រសិន​បើកម្ពុជា​ចង់​បាន​គឺ​មាន​តែ​ប្រយុទ្ធ​គ្នា​ទៅ​មិន​ចាំ​បាច់​ប្តឹង​ទៅ​តុលា​ការ​យុត្តិធម៌​អន្តរ​ជាតិ​ ICJ​ នោះទេ​។​ នេះ​បើតាម​សារព័ត៌​មានKhaosod English​។

លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង លោក Prasas Prasasvinitchai ភាគីថៃ នៅពេលពេល​ចាប់​ផ្តើម​ប្រជុំJBC 16/6/2025
លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង លោក Prasas Prasasvinitchai ភាគីថៃ នៅពេលពេល​ចាប់​ផ្តើម​ប្រជុំJBC 16/6/2025 © ទទក

​អតីត​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​កម្ពុជា ​លោក ផៃ ស៊ីផាន ​បាន​ប្រតិ​កម្ម​ដោយ​ចាត់​ទុក​សំដី​របស់​មេទ័ព​ថៃ​ម្នាក់​នេះ​ថា​ជា​មនុស្ស​ព្រៃផ្សៃ​ដែល​គួរ​ត្រូវ​ប្រឈម​នឹង​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ ​(ICC) ​ដោយ​សារ​តែ​ឧត្តម​សេនីយ៍ថៃ​រូប​នេះ ​ប្រើពាក្យ​សម្ដី​ញុះញង់​នូវ​អំពើ​ហិង្សា ​ព្រៃផ្សៃ ​ដែល​មិន​មែន​ជា​ភាព​ចាំ​បាច់ នៃ​កិច្ច​ការ​យោធា​ ហើយ​ថា​នេះ​គឺ​ជា​ធាតុ​ផ្សំ ​នៃ​ការ​ប្រឆាំង​ នឹង​ច្បាប់​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​៕

What Next?

Recent Articles