លោក ហ៊ុន សែន ព្រមានបិទការនាំចូលបន្លែផ្លើឈើពីថៃ បើកងទ័ពថៃមិនបើកព្រំដែនដូចដើមវិញ

កម្ពុជា
16/06/2025 – 10:52
ដោយ៖ ហ៊ុល រស្មី
RFI

ប្រធានព្រឹទ្ធសភា លោក ហ៊ុន​ សែន នៅថ្ងៃ ចន្ទ ទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ បានគំរាមបិទខ្ទប់ការនាំចូលបន្លែផ្លែឈើពីថៃទាំងអស់ បើសិនយោធាថៃ មិនព្រមបើកច្រកព្រំដែនជាមួយកម្ពុជាឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា។ ប្រមុខគណបក្សកាន់អំណាចរូបនេះ ក៏បានអំពាវនាវឲ្យពលករខ្មែរវិលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីបញ្ចៀសការមាក់ងាយពីភាគីថៃ។

លោក ហ៊ុន សែន ព្រមានបិទការនាំចូលបន្លែផ្លើឈើពីថៃ បើកងទ័ពថៃមិនបើកព្រំដែនដូចដើមវិញ


នៅក្នុងកិច្ចប្រជុំ​ព្រឹទ្ធសភា នៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាច​នៅកម្ពុជា បានថ្លែងថា នៅពេល​បិទព្រំដែនជាមួយកម្ពុជានាពេលថ្មីៗនេះ គឺទាហានថៃធ្វើឡើងជាឯកតោភាគី ដូច្នេះបើចង់​ឲ្យ​កម្ពុជាបើក​ឡើងវិញ គឺទាល់តែ​ទាហានថៃបើកឡើងវិញជាមុនសិន។ លោក ហ៊ុន សែន ថ្លែងទៀតថា កម្ពុជាទុកពេល២៤ម៉ោងឲ្យទាហានថៃបើកព្រំដែនរបស់ខ្លួនឡើងវិញ បើពុំបើកវិញក្នុងអំឡុងពេលនេះទេ កម្ពុជា​នឹងបិទការនាំចូលបន្លែផ្លែឈើទាំងអស់ពីប្រទេសថៃ​នៅថ្ងៃអង្គារទី១៧​មិថុនា។

បើតាម លោក ហ៊ុន សែន នេះជាសារមួយឆ្លើយតបទៅនឹងភាពគឃ្លើនរបស់ភាគីថៃដែលបានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគី តែបែរជាស្វះស្វែងរកការចរចាជាមួយកម្ពុជាដើម្បីលាក់បាំងភាពអាម៉ាស់របស់ខ្លួន។​ លោកជំរុញឲ្យពលរដ្ឋថៃត្រូវតវ៉ាជាមួយទាហានថៃខ្លួនឯង ដែលបានសម្រេចបិទច្រកទ្វារព្រំដែនជាមួយកម្ពុជាទាំងទទឹងទិស។

តាមអតីតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ កម្ពុជានឹងបិទច្រកដែលជាចំណុចនៃការដឹកជញ្ជូនបន្លែផ្លែឈើពីប្រទេសថៃដោយ​ឆ្លងកាត់ទឹកដីកម្ពុជា រួចយកទៅចែកចាយនៅវៀតណាម។ ទន្ទឹមពេលនេះ លោកថា សប្បុរសជនកម្ពុជាត្រូវខិតខំប្រមូលទិញកសិផលរបស់កសិករខ្មែរ​ដើម្បីចែកជូនកងទ័ព មណ្ឌលកុមារកំព្រា ឬក៏មណ្ឌលហ្វឹកហាត់របស់កងកម្លាំងប្រដាប់អាវុធ។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរដែលនៅប្រទេសថៃវិលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីបញ្ចៀសការរើសអើង ខណៈជម្លោះព្រំដែនដែន ខ្មែរនិង ថៃកំពុងកើនឡើងកម្តៅខ្លាំង អាចនឹងអូសបន្លាយពេលយូរ។

សម្រាប់ លោកបណ្ឌិតមាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម យល់ឃើញថា ទាំងភាគីកម្ពុជា និងថៃ គួររកច្រកសម្របសម្រួលដោះស្រាយបញ្ហាដែលបានកើតឡើងដោយសន្តិវិធី ព្រោះបើយកការតទល់គ្នាបែបនេះ គឺប្រជាជនរវាងប្រទេសទាំងពីរនឹងខាតបង់ប្រយោជន៍ទាំងសងខាងទោះតិច ឬច្រើនក្តី។

គួររម្លឹកថា ភាគីថៃ បានសម្រេចជាឯកតោភាគីបិទច្រកទ្វារតំបន់ និងច្រកទ្វារអន្តរជាតិមួយចំនួនជាមួយកម្ពុជាកាលពីថ្ងៃទី៧ ខែ មិថុនា នៅពេលកម្ពុជាមិនចរចាទ្វេភាគីលើជម្លោះព្រំដែននៅតំបន់ចំនួន៤ គឺប្រាសាទតាមាន់ តូច និងធំ ប្រាសាទតាក្របី និងតំបន់មុំបី។ ក្រោយមក ថៃក៏បានសម្រេចបើកច្រកទ្វារព្រំដែនទាំងនោះ ក្នុងម៉ោងពេលខ្លីជាងមុន​ដែលនាំឲ្យពលរដ្ឋចេញចូលច្រកព្រំដែនជួបផលលំបាកក្នុងការធ្វើដំណើរចេញ-ចូលទឹកដីថៃ៕

What Next?

Recent Articles