អង្គការ RSF ស្នើឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីបាញ់ប្រហារអ្នកកាសែតពីរនាក់

កម្ពុជា
16/06/2025 – 15:29
ដោយ៖ ហ៊ុល រស្មី
RFI

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនហៅកាត់ RSF បានអំពាវនាវយ៉ាងទទូចឲ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើការបាញ់ប្រហារលើអ្នកកាសែតបរិស្ថានពីរនាក់ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៥។ តាមអង្គការការពារអ្នកសារព័ត៌មាន ការបាញ់ប្រហារទៅលើអ្នកកាសែតទាំងពីរនាក់នេះ បានបង្ហាញឲ្យឃើញបរិយាកាសហិង្សាលើអ្នកកាសែតដែលរាយការណ៍អំពីបញ្ហាបរិស្ថាននៅប្រទេសកម្ពុជា។

អង្គការ RSF ស្នើឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីបាញ់ប្រហារអ្នកកាសែតពីរនាក់


នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ដែល​វិទ្យុបារាំងអន្តរជាតិRFI ទើបទទួលបាននៅថ្ងៃទី១៦ ខែមិថុនានេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានគូសបញ្ជាក់ថា អ្នកកាសែតពីរនាក់​គឺលោក ត្លាង តៅ និង ហង្ស ចិន្តា បានរងការ​បាញ់​ប្រហារ បន្ទាប់ពីពួកគេបាននិងកំពុងវិលត្រឡប់ចេញពីស៊ើបអង្កេតអំពីការកាប់ឈើខុសច្បាប់នៅដែនជម្រកសត្វព្រៃ ព្រៃឡង់។ ការបាញ់ប្រហារលើអ្នកកាសែតបានកើតឡើងភ្លាមៗ ក្រោយពួកគេបានរាយការណ៍ពីសកម្មភាពខុសច្បាប់នៃអ្នកកាប់ឈើទៅអាជ្ញាធរ។ ក្រោយការបាញ់ប្រហារនោះ ជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួននៅលំនៅឋានរបស់ពួកគេ និងដាក់ឲ្យស្ថិតក្នុងការឃុំខ្លួន។

លោក ត្លាង តៅ ប្រាប់ អង្គការ RSF ថា លោកសង្ស័យថា បុគ្គលដែលត្រូវបានចាប់ខ្លួននោះ មានជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មកាប់ឈើខុសច្បាប់ដែលបានពន្យុះឲ្យមានការបាញ់ប្រហារ។

នាយកអង្គការ RSF លោក Cédric Alviani បានអត្ថាធិប្បាយក្នុងសេចក្តីថ្លែងការណ៍ថា ការបាញ់ប្រហារនាពេលថ្មីៗនេះ បងា្ហញនូវបរិយាកាសហិង្សា ទៅលើអ្នកកាសែតដែលរាយការណ៍អំពីបញ្ហាបរិស្ថាន។ អង្គការដដែលនេះ ​បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា បញ្ជាក់ភិ​នភាគជនសង្ស័យ និងនាំពួកគេមកទទួលខុសត្រូវចំពោះមុខ​ច្បាប់ និងទទូចឲ្យបញ្ចប់ការយាយីលើសារព័ត៌មានឯករាជ្យ។

សូមជម្រាបថា អ្នកកាសែតពីរនាក់​គឺលោក ត្លាង តៅ និង ហង្ស ចិន្តា បានរងការបាញ់ប្រហារពីជនមិនស្គាល់មុខ កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៥ អំឡុងពេលពួកគេធ្វើដំណើរចាកចេញ ដែនជម្រកសត្វព្រៃព្រៃឡង់ ទីដែលពួកគេអះអាងថា បានចុះទៅស៊ើបអង្កេតលើសកម្មភាពកាប់ឈើខុសច្បាប់។​

អ្នកកាសែតពីរនាក់គឺលោក ត្លាង តៅ និង ហង្ស ចិន្តា។

អ្នកកាសែតពីរនាក់គឺលោក ត្លាង តៅ និង ហង្ស ចិន្តា។ © RSF


លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា គ្មានករណីដែលសមត្ថកិច្ចបាញ់ប្រហារលើអ្នកកាសែតនោះទេ គឺមានតែករណីអ្នកដើរបាញ់សត្វ បាញ់ប៉ះពាល់លើអ្នកកាសែតមួយចំនួន​ដែលបានចូលទៅដែនជម្រកសត្វព្រៃព្រៃឡង់។ លោកថាអាជ្ញាធរបានចាប់ខ្លួនជននោះ បញ្ជូនទៅតុលាការដើម្បីប្រឈមមុខផ្លូវច្បាប់រួចហើយ​។

ចំណែកអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវដល់សមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងធ្វើការលើសំណុំរឿងនេះ ត្រូវផ្តល់ការសហការ ប្រកបដោយតម្លាភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាផ្តល់យុត្តិធម៌ចំពោះ អ្នកកាសែតដែលរងការប៉ះពាល់។

ដោយឡែក លោក ណុប វី នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​(ខេមបូចា) បានទទូចឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បើកការស៊ើបអង្កេតស្រាវជ្រាវប្រកបដោយតម្លាភាព និងមានភាពច្បាស់លាស់ដើម្បីរកជនពាក់ព័ន្ធនឹងការបាញ់ប្រហារលើអ្នកកាសែតពីរនាក់នាពេលចុងក្រោយនេះ។ លោកកត់សម្គាល់ថា អ្នកកាសែតដែលរាយការណ៍អំពីការកាប់ឈើ និងបញ្ហាបរិស្ថានកំពុងប្រឈមបញ្ហាជាច្រើន ជាពិសេសគឺសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេនៅពេលធ្វើសេចក្តីរាយការណ៍អំពីប្រធានបទដ៏រសើបមួយនេះ៕

What Next?

Recent Articles