កម្ពុជា
កម្ពុជា-វៀតណាម
23/06/2025 – 10:24
ដោយ៖ សឹម ចាន់សំណាង
RFI
កងពលតូចលេខ៧០របស់កម្ពុជា និងកងធំថ្មើរជើងលេខ៣០១របស់វៀតណាម បានចុះហត្ថលេខាលើកំណត់ហេតុចងសម័្ពន្ធមេត្រីភាព ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
កម្ពុជា និងវៀតណាមចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពកងទ័ព
តាមទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ការចុះហត្ថលេខាលើកំណត់ហេតុចងសម័្ពន្ធមេត្រីភាពរវាង កងពលតូចលេខ៧០របស់កម្ពុជា និងកងធំថ្មើរជើងលេខ៣០១និងបញ្ជាការដ្ឋានរដ្ឋធានីហាណូយរបស់វៀតណាមនេះ គឺទទួលបានការអនុញ្ញាតពីក្រសួងការពារជាតិកម្ពុជា និង អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងអំឡុងពេលកិច្ចប្រជុំមួយ ចាប់ពីថ្ងៃទី ១៨-២០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ដោយឡែក កាសែតក្នុងស្រុកវៀតណាម Quoc Phong Thu Do បានរាយការណ៍ថា ភាគីកម្ពុជា-វៀតណាម បានចេញសេចក្ដីថ្លែងការណ៍រួមមួយ និងបានកំណត់គោលការណ៍រួមចំនួន១០ចំណុច។ ចំណុចទាំងនោះរួមមាន ការជំរុញសកម្មភាពបម្លាស់ប្តូរការសិក្សា និងចែករំលែកបទពិសោធន៍ក្នុងវិស័យការពារជាតិជាប្រចាំ ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរវាងកងទ័ពវៀតណាម និងកម្ពុជា។
កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥ថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជាលោក ទៀ សីហា បានឲ្យដឹងថា គណៈកម្មការចម្រុះព្រំដែនកម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំនៅខែកក្កដាខាងមុខ ដើម្បីជំរុញការបោះបង្គោលព្រំដែនដែលនៅសេសសល់ ១៦% ទៀត។
សូមរំលឹកជូនថា នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៤ កម្ពុជា និងវៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរួមគ្នារយៈពេល ៥ឆ្នាំពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩។ នៅក្នុងកិច្ចព្រមព្រៀងនោះ ភាគីទាំងពីរបានប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យនយោបាយ ការពង្រឹងការគ្រប់គ្រងរដ្ឋ ការការពារបន្ទាត់ព្រំដែនរួម ការចែករំលែកព័ត៌មានស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការប្ដេជ្ញាចិត្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងបញ្ហាតំបន់ និងអន្តរជាតិ៕