សារ​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​

ថ្ងៃទី 3 ឧសភា 2012
ដោយ: សុខ ភក្តី
CEN

ក្រុមអ្នកកាសែត នៅពេលគេហាមឃាត់ មិនឲ្យចូលយកព័ត៌មាន នៅព្រលានយន្តហោះ ក្នុងពេលកន្លងមក

ក្រុមអ្នកកាសែត នៅពេលគេហាមឃាត់ មិនឲ្យចូលយកព័ត៌មាន នៅព្រលានយន្តហោះ ក្នុងពេលកន្លងមក

ភ្នំពេញ: ថ្ងៃនេះ យើង​បាន​ជួបជុំគ្នា ដើម្បី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ជាមួយ​នឹង​ការវាយតម្លៃ​ជា​រួម​អំពី​ស្ថានភាព​សារព័ត៌មាន​ប្រសើរ​ជាង​ឆ្នាំ​មុន បើទោះបីជា​កាល​ពី​​សប្តាហ៍​មុន​ការឃុំ​ខ្លួន​អ្នកកាសែត ដឺ​ឃែម​បូឌា ដេលី ជា​ស្ត្រី​ចំនួន​ពីរ​នាក់​ជា​បណ្តោះ​អាសន្ន បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ពិត​មួយ ដែលថា ការតស៊ូ​ដើម្បី​សេរីភាព គឺជា​ដំណើរ​ផ្លូវ​មួយ​វែងឆ្ងាយ​ទៀត ដែល​យើងទាំងអស់គ្នា​ត្រូវតែ​សាមគ្គី​គ្នា​ពុះពារ​គ្រប់​ឧបសគ្គ​នៅក្នុង​បេសកកម្ម​ជា​អ្នកផ្តល់​ព័ត៌មាន​ជូន​សាធារណជន​។​

Photo by CEN

ក្រុមអ្នកកាសែត ជួបជុំ នៅតុកាហ្វេ ក្រោមដើមអំពិល ជាប់របងរដ្ឋសភាចាស់

​មិន​ដូច​នៅក្នុង​ពិភពលោក​ទាំងមូល​ដែល​មាន​អ្នកកាសែត​ចំនួន​៦២​នាក់​ត្រូវបាន​សម្លាប់ នោះទេ​។ យើង​មិន​បាន​មើលឃើញ​អ្នកកាសែត​កម្ពុជា​ណា​ម្នាក់ ត្រូវបាន​សម្លាប់​នៅ​ក្នុង​មួយ​ឆ្នាំ​កន្លង​មក​ឡើយ​។

Photo by CEN

ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែមីនា នាពេលដំណើរទស្សនកិច្ច លោក ហ៊ូ ជិនតាវ ប្រធានាធិបតីចិន

​ចំណែក​ចំនួន​អ្នកកាសែត​ត្រូវ​ចាប់ខ្លួន​អ្នកកាសែត​ប្រឈម​នឹង​ការ​ប្តឹងផ្តល់ និង​ការគំរាមកំហែង​បាន​ធ្លាក់ចុះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

Photo by CEN

ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែមីនា នាពេលដំណើរទស្សនកិច្ច លោក ហ៊ូ ជិនតាវ ប្រធានាធិបតីចិន

​តាម​កំណត់​ត្រា​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា មួយ​ឆ្នាំ​កន្លងមក មាន​អ្នកកាសែត​ចំនួន ៧​នាក់ ត្រូវបាន​ចាប់ខ្លួន​។ តួលេខ​ចាប់ខ្លួន បាន​ធ្លាក់ចុះ​ពី​ចំនួន ១០ នាក់ កាលពី​ឆ្នាំមុន ហើយ​ចំនួន​បណ្តឹង​ប្រឆាំង​អ្នកកាសែត ក៏​បាន​ធ្លាក់ចុះ​ពី ៩ ករណី មក​ត្រឹម ៤ ករណី​។ ចំណែក​ការគំរាមកំហែង​ក៏​បាន​ធ្លាក់ចុះ មក​ត្រឹម ៥ ករណី ពី​ចំនួន ៧ ករណី​។ ការ​គ្មាន​អ្នកកាសែត​ណា​ម្នាក់ ត្រូវបាន​សម្លាប់​ការធ្លាក់ ចុះ​ចំនួន​អ្នកកាសែត ត្រូវ​ចាប់ខ្លួន ត្រូវ​ប្តឹងផ្តល់ និង​ត្រូវ​គំរាមកំហែង នាំអោយ​យើង​ឈាន​ដល់​ការសន្និដ្ឋាន​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មាន​លក្ខណ​:​ប្រសើរ​ជាង​រយ​:​ពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​

​ប៉ុន្តែ​យើង​នៅតែ​មាន​កង្វល់ និង​បារម្ភ នៅពេលដែល​យើង​ក្រឡេក​មើល​ព្រឹត្តិការណ៍ កាលពី​សប្តាហ៍​មុន ដែល​មាន​ការបាញ់​សម្លាប់​សកម្មជន​បរិស្ថាន​លោក​ឈុត​វុទ្ធី ហើយ​អ្នកកាសែត​ជា​ស្ត្រី​ពីរ​នាក់ គឺ ផន បុប្ផា ជនជាតិ​កម្ពុជា និង OlesiaPlokhii ជនជាតិ​កាណាដា ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន មុន​ពេល​ដោះលែង​អោយ​មាន​សេរីភាព​។​

​ការចាប់ខ្លួន​អ្នកកាសែត នៅពេល​បំពេញ​ភារកិច្ច បានចង្អុលបង្ហាញ​ប្រាប់​យើង​ថា ការគំរាមកំហែង​ដល់​សេរីភាព​សារព័ត៌មាន​នៅ​តែ​មាន​នៅ​ទី​កន្លែង​ខ្លះ ក្នុងប្រទេស​កម្ពុជា ដោយ​តម្រូវអោយ​យើង​គ្រប់គ្នា ត្រូវតែ​អំពាវនាវ​អោយមាន​ការយកចិត្ត​បន្ថែមទៀត ពី​រដ្ឋាភិបាល ដើម្បី​ធានា​ថា​សេរីភាព​សារព័ត៌មាន ត្រូវបាន​ធានា​ទាំងស្រុង ដូចដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។​

​ឆ្លៀត​ឱកាស​នេះ​យើង​សូម​ធ្វើ​គារវកិច្ច​ចំពោះ​សេចក្តីក្លាហាន​របស់​អ្នកកាសែត​ទាំងឡាយ ហើយ​ក៏​ធ្វើ​គារវកិច្ច​ដល់​ព្រលឹង​អ្នកកាសែត​ចំនួន ៦២ នាក់ ដែល​បាន​ស្លាប់​នៅក្នុង​ពិភពលោក ដោយសារ​តែ​បេសកម្ម​ដ៏​ថ្លៃថ្លា​របស់​ពួកគេ ដើម្បី​លទ្ឋិប្រជាធិបតេយ្យ​។

​ទន្ទឹម​នោះ យើង​លើក​ទឹកចិត្ត​អោយ​អ្នកកាសែត​កម្ពុជា​ទាំងអស់ បន្ត​សេចក្តីក្លាហាន ដើម្បី​ដើរ​តួនាទី​ជា​អ្នក​ជ្រោង​ទង់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា អោយ​រឹងមាំ​តាមរយ​:​ការផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ដោយ​គ្មាន​ការភ័យខ្លាច​ជូន​ដល់​សាធារណជន​។​

​ឆ្នាំ​នេះ​យើង​ជ្រើសរើស​យក​ប្រធានបទ “​សារព័ត៌មាន​បែប​ថ្មី​៖ លំហរ​ថ្មី​ដើម្បី​ប្រជាធិបតេយ្យ​” ដោយ​ស៊ីគ្នា​នឹង​ប្រធានបទ ដែល​ប្រកាស​ដោយ​សហប្រជាជាតិ “ សម្លេង​ថ្មី​៖ សេរីភាព​សារព័ត៌មាន​ជួយ​ផ្លាស់ប្តូរ​សង្គម​”​។​

​បច្ចេកវិទ្យា​ព័ត៌មាន និង​ការរីកដុះដាល​នៃ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត បានបញ្ចប់​យុគសម័យ​មួយ នៃ​ការ​បិទមាត់​មនុស្សជាតិ មិន​អោយ​និយាយ​នូវ​អ្វី ដែល​ពួក​គេ​ចង់​និយាយ​។ វា​នឹង​ក្លាយ​ជា​កំហុស​ឆ្គង​មួយ សម្រាប់​រដ្ឋាភិបាល​ណា​មួយ លើ​លោក បើសិនជា​គេ​ជ្រើសរើស​យក​នយោបាយ​គាបសង្កត់​សេរីភាព​សារព័ត៌មាន នៅក្នុង​ដំណាក់កាល​មួយ ដែល​បច្ចេកវិទ្យា​ព័ត៌មាន​បាន​ធ្វើ​ប្រជាធិបតេយ្យ​នីយកម្ម​ពិភពលោក​ទាំងមូល​។​

​សម្លឹង​មក​ក្នុង​រង្វង់​ប្រទេស​កម្ពុជា​វិញ មនុស្ស​កាន់តែ​ច្រើន បាននាំគ្នា​សម្តែង​មតិ​ចែករំលែក​ព័ត៌មាន និង​ធ្វើ​ទំនាក់ទំនង​តាម​សារព័ត៌មាន​សង្គម (social media) ដូចជា​ការបង្កើត​ជា​ប្លក់ វេបសាយ​ផ្ទាល់ខ្លួន facebook ឬ Twitter ជាដើម​។​មនុស្ស​កាន់តែ​ច្រើនឡើងៗ ពិសេស​យុវជន និង​យុវតី បាន​ប្រើប្រាស់​ប្រព័ន្ឋ​អន​ឡាញ ( online ) ឬក៏​សារព័ត៌មាន​បែប​ថ្មី ដូច​ជា​សារព័ត៌មាន​សង្គម ដើម្បី​សម្តែង​មតិយោបល់​គ្រប់​ប្រភេទ ចែករំលែក​ចំណេះដឹង បង្ហាញ​ការព្រួយបារម្ភ ឬ​ក៏​ធ្វើ​សកម្មភាព​សង្គម​ផ្សេងៗ​ទៀត​។

​នេះ​គឺជា​ការពង្រីក​លំហរ​ថ្មី​សម្រាប់​ប្រជាធិបតេយ្យ​យ៉ាង​ពិតប្រាកដ​។ សារ​គ្រប់​ប្រភេទ ទាំង​ការរិះគន់ និង​សរសើរ​រដ្ឋាភិបាល ត្រូវបាន​គេ​ផ្សព្វផ្សាយ​ដោយ​សេរី និង​គ្មាន​ការ​រឹតត្បិត តាម​អន​ឡា​ញ នៅក្នុង​ប្រទេស​កម្ពុជា​។ ការទំនាក់ទំនង ការចែករំលែក​ព័ត៌មាន ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់ តាម​អន​ឡា​ញ គួរតែ​ត្រូវបាន​ការពារ​យ៉ាង​ពេញលេញ ដើម្បី​ធានា​លំហូរ​សេរី និង​គ្មាន​ការភ័យខ្លាច​នៃ​ព័ត៌មាន​។ ក្នុងន័យនេះ ក្រៅពី​ការការពារ​ដល់​អ្នកសារព័ត៌មាន​អាជីព វា​ជា​ការចាំបាច់ ដែល​រដ្ឋាភិបាល​ត្រូវ​ធានាថា គ្មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​ត្រូវបាន​សម្លាប់ ចាប់ខ្លួន ឬក៏​គំរាមកំហែង ដោយសារតែ​ពួកគេ​បញ្ចេញ​យោបល់ ឬ​ក៏​ធ្វើ​ការពិភាក្សា​ទៅលើ​បញ្ហា​សង្គម​ទាំងឡាយ​តាម​អន​ឡា​ញ​។​

​ការទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ នឹង​រឹតតែ​ចាំបាច់​ថែមទៀត នៅពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ការបោះឆ្នោត​ឃុំ​សង្កាត់ ក្នុង​ខែ​មិថុនា​ខាងមុខ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅក្នុង​ឆ្នាំ​២០១៣​ខាងមុខ​។

​ដើម្បី​ដើរ​តួនាទី​ប្រកបដោយ​ប្រសិទ្ធភាព​ជា​សសរទ្រូង​ប្រជាធិបតេយ្យ ក្លឹប​អ្នកកាសែត​កម្ពុជា ឆ្លៀត​ឱកាស​នេះ អំពាវនាវ​អោយ​អ្នកសារព័ត៌មាន​គ្រប់រូប ធ្វើ​សេចក្តីរាយការណ៍​គ្រប់​ជ្រុងជ្រោយ និង​ឯករាជ្យ ដើម្បី​ផ្តល់ព័ត៌មាន​គ្រប់គ្រាន់ ដល់​ប្រជាជន​កម្ពុជា​។​

​មាន​តែ​នៅពេល​មួយ ដែល​ពួកគេ​អាច​មាន​ព័ត៌មាន​គ្រប់គ្រាន់ ប្រកបដោយ​គុណភាព​ប៉ុណ្ណោះ ដែល​ប្រជាជន​អាច​ជ្រើសរើស​តំណាង និង​មេដឹកនាំ​បាន​ត្រឹមត្រូវ ហើយ​ធ្វើ​អោយ​លទ្ធិប្រជាធិបតេយ្យ​មួយ​រីក​ស្គុះ​ស្គាយ នៅក្នុង​ព្រះរាជាណាចក្រ ដ៏​តូច​ច្រឡឹង​នេះ​។​

.​របាយការណ៍​ស្ថានភាព​អ្នកកាសែត ចាប់ពី​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០១១ ដល់​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១២

​តាម​ការសង្កេត​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា ស្ថានភាព​អ្នកកាសែត​សេរីភាព​នៃ​ការបញ្ចេញមតិ ចន្លោះ​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១១ ដល់​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១២ ហាក់​នៅ​តែ​មាន​ភាព​ស្រអាប់​អាស្រ័យ ដោយ​ការគំរាមកំហែង​មក​លើ​អ្នកកាសែត​ក្នុងពេល​បំពេញ​វិជ្ជាជីវៈ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់ ហើយ​អ្វី​ដែល​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​ទៀត​នោះ គឺ​កាសែត​សំខាន់ៗ ដូចជា រស្មី​កម្ពុជា កម្ពុជា​ថ្មី កោះសន្តិភាព ជាដើម បាន​រង​នូវ​បណ្តឹង ដែល​ករណី​នេះ កម្រ​នឹង​កើតមានឡើង​ក្នុង​បណ្តា​ឆ្នាំ​មុនៗ​។ ​ទន្ទឹម​នោះ​ទិដ្ឋភាព​អវិជ្ជមាន​បង្កឡើង​ដោយ​អ្នកសារព័ត៌មាន និង​ធ្វើអោយ​ប៉ះពាល់​ដល់​ក្រមសីលធម៌ វិជ្ជាជីវៈ នៅតែ​ជា​បញ្ហា ដែល​ត្រូវ​យកចិត្តទុកដាក់​នៅ​ឡើយ​។​

​បណ្តឹង​ចំពោះ​អ្នកសារព័ត៌មាន ដែល​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​មាន​ចំនួន ៤ ករណី ( ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​មាន ៩ ករណី ) ក្នុង​បណ្តឹង​ទាំង ៤ នោះ ត្រូវ​បាន​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ផ្សាយ​ព័ត៌មាន​មិន​ពិត​។ ប៉ុន្តែ​ក្នុង​បណ្តឹង​ចំនួន ៤ ករណី​នោះ គឺ​មាន​បណ្តឹង​ចំនួន ១ ប៉ុណ្ណោះ ត្រូវបាន​ដោះស្រាយ សម្រុះសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​។ ​បណ្តឹង​មួយ​ករណី​ទៀត ត្រូវបាន​តុលាការ​លើកលែង​ការចោទប្រកាន់ ខណៈពេលដែល​តុលាការ​ពិនិត្យឃើញថា អ្នកកាសែត មិន​មាន​ពិរុទ្ធភាព​។​
​ ​
​អំពី​ការចាប់ខ្លួន​អ្នកកាសែត ឆ្នាំនេះ អ្នកកាសែត​ចំនួន ៧ នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ប្រៀបធៀប​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​មុន​មាន​ចំនួន ១០ នាក់​។
​ទន្ទឹម​នោះ​សកម្មភាព​យក​តួនាទី​ជា​អ្នកសារព័ត៌មាន​ទៅ​ស្វែងរក​លាភសក្ការៈ បណ្តាល​អោយ​មាន​ការចោទប្រកាន់​ពី​បទ​ជំរិត​ទា​ប្រាក់ និង​ឈាន​ដល់​ការចាប់ខ្លួន គឺ​នៅតែ​កើតមាន និង​កំពុង​ជះ​ឥទ្ធិពល​អវិជ្ជមាន ដល់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។

​ចំណែក​ការ​គំរាម​គំហែង កើតមាន​ចំនួន ៥ ករណី បើ​ប្រៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​មាន ៧ ករណី ហើយ​ការ​គំរាម​គំហែង​ទាំងអស់នោះ គឺ​ភាគច្រើន​កើតឡើង ដោយ​ផ្ទាល់​ចំពោះ​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញ​បេសកកម្ម​ក្នុង​វិជ្ជាជីវៈ​។

​ខាងក្រោម​នេះ គឺជា​របាយការណ៍​ទាក់ទង​ទៅនឹង​បណ្តឹង​ការចាប់ខ្លួន និង​ការគំរាមកំហែង ប្រឆាំង​នឹង​អ្នកកាសែត​៖

១.​បណ្តឹង​៖

-​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១១៖ កាសែត​រស្មី​កម្ពុជា រង​នូវ​បណ្តឹង​បរិហារកេរ្តិ៍ ដែល​ប្តឹង​ដោយ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តសៀមរាប បន្ទាប់​ពី​កាសែត​នោះ​បាន​ចេញផ្សាយ នូវ​អត្ថបទ​ចំនួន ២ ដែល​ពាក់ព័ន្ធ​ការរកស៊ី​ឈើ​ខុសច្បាប់ ហើយ​ពុំ​មាន​ការបង្ក្រាប​។

-​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១១៖ លោក ធា​ម សំបូរ អាយុ ៣៦​ឆ្នាំ សហការី កាសែត​កម្ពុជា​ថ្មី ត្រូវបាន​សាលាដំបូង​ខេត្ត​កណ្តាល កោះហៅ​អោយ​ចូល​ខ្លួន​ទៅ​សាកសួរ​ពាក់ព័ន្ធ​បណ្តឹង​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ប្តឹង​ដោយ លោក ហេង វណ្ណា អធិការរង​ស្រុក​មុខកំពូល​។ ​បណ្តឹង​នេះ​ត្រូវបាន​សម្រុះសម្រួល​បញ្ចប់ ក្រោយពី​មាន​ការអន្តរាគមន៍​ពី​ក្លឹប​អ្នកកាសែត​កម្ពុជា ដោយ​សម្រុះសម្រួល​អោយ​ដើមបណ្តឹង​យល់ព្រម​ដក​ពាក្យបណ្តឹង​។

-​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១១៖ តុលាការ​ខេត្ត​សៀមរាប បាន​ប្រកាស​សាលក្រម​សម្រេច លើកលែង​ការចោទប្រកាន់​លើ​អ្នក​កាសែត​រស្មី​កម្ពុជា​មួយ​រូប ដែល​រង​នូវ​បណ្តឹង​ពី​បទ​បរិហារកេរ្តិ៍ ប្តឹង​ដោយ​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តសៀមរាប​។ សាលក្រម​បានបញ្ជាក់​ថា បន្ទាប់​ពី​តុលាការ​ពិចារណា​លើ​សំណុំរឿង​ឃើញថា មិន​មាន​ពិរុទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ដាក់បន្ទុក​បានឡើយ​។

– ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១២៖ លោក ឱម សារឿ​ន អ្នកយក​ព័ត៌មាន​កាសែត​កោះសន្តិភាព ប្រចាំ​ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​តុលាការ​ខេត្ត​កោះហៅ​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​បណ្តឹង​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ប្តឹង ដោយ​មន្ត្រី​ប៉ូលីស​ស្រុក​អន្លង់វែង ក្រោយពេល​ដែល​កាសែត​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​១៧ មករា ឆ្នាំ​២០១២ ចុះផ្សាយ​អត្ថបទ​ក្រោម​ចំណងជើង​ថា “​រឿងរ៉ាវ​ចាប់​កូន​កម្លោះ​ដាក់​ពន្ធនាគារ​ខកខា​ន ក្រេប​ច័ន្ទ​ទឹកឃ្មុំ​”​។

២. ការចាប់​ឃុំខ្លួន​៖
-​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ ២០១១៖ អ្នកកាសែត ៣ រូប រួមមាន លោក ស៊ឹម សារឿ​ន អាយុ ៥១​ឆ្នាំ សមាជិក “​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​” លោក ទា រើ​ន អាយុ ៤៨ ឆ្នាំ អ្នកយក​ព័ត៌មាន​កាសែត “​សំដី​រាស្ត្រ​” លោក ជុំ សុភា​រុន អាយុ ៤២​ឆ្នាំ អ្នកយក​ព័ត៌មាន​កាសែត “​កម្ពុជា​ថ្ងៃ​ថ្មី​” ត្រូវបាន​សមត្ថកិច្ច ចាប់​ឃុំ​ខ្លួន​តាម​បណ្តឹង​មន្ត្រី​យោធា ឈ្មោះ ទៀត ប៊ុន​ទិន ប្តឹង​ពី​បទ​ជំរិត​ទា​ប្រាក់​តាម​ទូរស័ព្ទ ចំនួន ២០ ដុល្លារ​។

-​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១១៖ សមត្ថកិច្ច​បាន​ចាប់​ឃុំខ្លួន​អ្នកកាសែត​ម្នាក់ ឈ្មោះ ខន បូរ៉ា ហៅ រ៉ា​មោគ អាយុ ៣៧ ឆ្នាំ មុខងារ​ជា​សហការី​កាសែត​សកល​ប្រចាំ​ខេត្ត​សៀមរាប ដោយ​ចោទប្រកាន់​ពី​បទ​ជំរិត​ទារប្រាក់​ពី​អ្នក​រកស៊ី​ឈើ​គ្រញូង តាម​ឡាន​ចំនួន ២.០០០ ដុល្លារ​។ ប៉ុន្តែ​ក្រោយមក​ចាងហ្វាង​កាសែត​សកល បាន​ចេញ​លិខិត​បដិសេធថា ឈ្មោះ ខន បូរ៉ា នោះ មិនមែន​ជា​សហការីរ​បស់​ខ្លួន​នោះ​ទេ​។

-​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១២៖ សាលាដំបូង​ខេត្តកំពត បាន​ឃុំខ្លួន​បណ្តោះអាសន្ន អ្នកកាសែត​ម្នាក់​ឈ្មោះ ហង្ស ម៉ៅ អាយុ ៣៩​ឆ្នាំ អ្នកយក​ព័ត៌មាន​ឲ្យ​កាសែត​បាយ័ន ពាក់ព័ន្ធ​បទ​លួច និង​ប៉ុនប៉ង​ចូល​លំនៅដ្ឋាន​អ្នកដទៃ ដោយ​គ្មាន​ការអនុញ្ញាត​។
​ប៉ុន្តែ​អ្នកកាសែត​រូបនោះ​បាន​បដិសេធ​ការចោទប្រកាន់​ដោយ​មិន​មាន​ភស្តុតាង​ច្បាស់លាស់​។​

-​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១២៖ អ្នកកាសែត ២ រូប គឺ​ទី​១ លោក ប្រាក់ សុខ​ឡេង​, ទី​២ លោក រ៉​ន ស៊ាន ទាំង​ពីរ​នាក់ ជា​អ្នកយក​ព័ត៌មាន​ឲ្យ​កាសែត​ការពិត ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីកា​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ គំរាម​គំហែង​យក​ប្រាក់​ពី​ស្ត្រី ឈ្មោះ ផាត់ តា​ណា អ្នក​រកស៊ី​ឈើ​ខុសច្បាប់​។ តាម​ការឲ្យដឹង​របស់​អ្នកកាសែត​បាន​ឲ្យដឹងថា ការចាប់​ឃាត់​ខ្លួន​អ្នកកាសែត ទាំង​ពីរ​រូប​នោះ គឺ​ធ្វើឡើង​ក្រោយពេល ដែល​អ្នកកាសែត​រូបនោះ បាន​រារាំង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​ស្ត្រី​ឈ្មោះ ផាត់ តា​ណា និង​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​។

៣. ការគំរាមកំហែង​៖​
-​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១១៖ លោក សូ​យ យូ​ម៉ឺន អាយុ ៤៥ ឆ្នាំ សហការី កាសែត​រស្មី​កម្ពុជា ត្រូវបាន​ក្រុម​សន្តិសុខ​យាមឃ្លាំង​អោយ​ក្រុមហ៊ុន ហាក់ ម៉ៅ ប្រមាណ ៤ ទៅ ៥ នាក់ ព្រួត​គ្នា​វាយដំ និង​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​ចាប់​ដកយក​ម៉ាស៊ីន​ថត​រូបភាព​យ៉ាង​កម្រោល ខណៈពេល​ដែល​សហការី​រូបនោះ ព្យាយាម​ថត​យក​រូបភាព​តាម​ផ្លូវ​សាធារណៈ ស្រប​តាម​វិជ្ជាជីវៈ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។

-​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១១៖ លោក លី ប៊ុនហេង អាយុ ៣១​ឆ្នាំ មុខងារ​អ្នកយកព័ត៌មាន កាសែត​ដំណឹង​ចុងក្រោយ ត្រូវបាន​ជន​មិន​ស្គាល់​មុខ​វាយប្រហារ​នឹង​ទឹក​អាស៊ីត ក្នុងពេល ដែល​អ្នកកាសែត​រូបនោះ កំពុង​ធ្វើ​ដំណើរ​ជាមួយ​ភរិយា​និង​កូន​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​។
​គេ​មិន​បានដឹងថា ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​នោះ បង្កឡើង​ដោយ​មូលហេតុ​អ្វី​នោះ​ទេ ខណៈពេលដែល​ជន​បង្កហេតុ បាន​រត់គេចខ្លួន​។ ប៉ុន្តែ​ករណី​នេះ​មិន​ពាក់ព័ន្ធ​ការបំពេញ​វិជ្ជាជីវៈ​នោះទេ​។

-​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១១៖​អ្នកកាសែត​មួយក្រុម ដែល​កំពុង​ជួបជុំគ្នា​នៅ​ស្នាក់ការ​អង្គការ​ឃ្លាំមើល​កម្ពុជា បាន​រង​នូវ​ការ​គំរាម​គំហែង ដោយ​គ្រាប់បែក​សម្លាប់​ពី​សំណាក់​មន្ត្រី​នគរបាល​ខេត្ត ស្ទឹងត្រែង​មួយរូប​ឈ្មោះ ញាំ​ង សុផាត ដែល​ខឹង​នឹង​អ្នកកាសែត​មួយ​ក្រុម​នោះ ចេះ​តែ​សុំ​លុយ​ពី​គាត់ ដែល​រកស៊ី​ដឹក​ឈើ​គ្រញូង​តាម​ម៉ូតូ​។ ករណីនេះ គ្រាន់តែ​ជា​ការ​គំរាម​ប៉ុណ្ណោះ​។
​ ​
-​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១២៖ អ្នកកាសែត​នគរវត្ត​ម្នាក់​ឈ្មោះ ហុក លី ប្រចាំ​ខេត្ត​កំពត រង​ការគំរាមកំហែង​អាយុជីវិត​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ចាន់ ស្រី​ស ក្រោយពេល​ដែល​កាសែត នគរ​វត្ត ចុះផ្សាយ អត្ថបទ​ក្រោម​ចំណងជើង​ថា “​មេ​ឈ្មួញ ចាន់ ស្រី​ស ល្បី​រត់ពន្ធ​ប្រេង​នៅ​ត្រពាំងរ​ពៅ​”​។

-​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១២៖ ស្ត្រី​អ្នកកាសែត ឌឺ​ឃែម​បូឌា​ដេលី ២​រូប ទី​១-​ឈ្មោះ ផន បុប្ជា ជនជាតិខ្មែរ និង​ទី​២-​ឈ្មោះ Olesia Plokhii ជនជាតិ​កាណាដា រង​នូវ​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​កងកម្លាំង PM ការពារ​ក្រុមហ៊ុន​ព្រៃ​សម្បទាន​នៅ​ខេត្ត​កោះកុង ក្នុងពេល​ដែល​មន្ត្រី បរិស្ថាន​រួម​ដំណើរ​ជាមួយ​អ្នកកាសែត​ម្នាក់​ត្រូវ​បាញ់សម្លាប់​។ ការគំរាមកំហែង​នោះ​ធ្វើឡើង​ក្នុង​ពេល ដែល​អ្នកកាសែត​ទាំង​ពីរ​នាក់​នោះ ព្យាយាម​ចូល​យក​ព័ត៌មាន​និង​ថតរូប​អំពី​សកម្មភាព​បំផ្លាញ​ព្រៃឈើ នៅ​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។

​អ្នកកាសែត​ទាំង ២ រូបនោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មួយរយៈ មុននឹង​ធ្វើ​ការដោះលែង ឲ្យមាន​សេរីភាព​ឡើងវិញ​៕​

What Next?

Recent Articles