របាយការណ៍៖ ស្ថានភាព​អ្នក​កាសែត​កម្ពុជា​ប្រសើរ តែ​នៅតែ​ទទួល​ការ​គំរាមកំហែង

ថ្ងៃ ព្រហស្បតិ៍ 03 ឧសភា 2012
ដោយ លី ម៉េងហួរ
RFI

អង្គការ​ការពារ​អ្នកកាសែត បាន​វាយតម្លៃ​ថា រយៈពេល​មួយ​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​៣​ឧសភា ឆ្នាំ​២០១១ ដល់​ថ្ងៃ​ទី​៣​ឧសភា ឆ្នាំ​២០១២ ស្ថានភាព​របស់​អ្នកកាសែត​កម្ពុជា បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន​។ ក្នុងនោះ បណ្តឹង និង​ការគំរាមកំហែង​លើ​អ្នកកាសែត​បាន​ថយចុះ។ រីឯ​ការ​បាញ់​សម្លាប់​អ្នកកាសែត​ពុំ​កើតមាន​ទៀតឡើយ។ យ៉ាងណាក៏ដោយ អ្នកកាសែត​កម្ពុជា ក្នុង​ឆ្នាំ​កន្លងមក នៅតែ​ទទួលរង​ការ​គំរាមកំហែង។

អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ (RFI/Channa Siv)

អ្នកសារព័ត៌មាន ខ្មែរ ក្នុងពេល បំពេញ ការងារ (RFI/Channa Siv)

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

(02:51)

​របាយការណ៍​ពី​ស្ថានភាព​អ្នកកាសែត​កម្ពុជា ត្រូវបាន​ផ្សព្វផ្សាយ នៅ​ថ្ងៃនេះ ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃ​៣​ឧសភា។ ពិធី​ជួបជុំ​រវាង​អង្គការ​អ្នកកាសែត និង​សេចក្តីថ្លែងការណ៍ ត្រូវបាន​ធ្វើឡើង នៅ​ព្រឹកមិញ ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មាន​វត្តមាន​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​តំណាង​អង្គការ​យូណេស្កូ ជាដើម។​
 
​លោក ខៀវ កាញារីទ្ធ បាន​ផ្តាំផ្ញើ​ដល់​អ្នកកាសែត ឲ្យ​ប្រយ័ត្នប្រយែង ចំពោះ​ការអនុវត្ត​វិជ្ជាជីវៈ ជា​អ្នកសារព័ត៌មាន ប្រកប​ដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​។ ម្យ៉ាងទៀត ការជួបជុំ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សារព័ត៌មាន​ពិភពលោក ថ្ងៃ​៣​ឧសភា​នេះ ដើម្បី​ធ្វើ​យ៉ាងណា លើកតម្កើង​វិជ្ជាជីវៈ​សារព័ត៌មាន ឲ្យមាន​ការទទួលខុសត្រូ​វ​។​
 
​របាយការណ៍​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ នៅថ្ងៃនេះ ក៏​បាន​បង្ហាញថា ក្នុង​រយៈពេល​មួយ​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​៣​ឧសភា ឆ្នាំ​២០១១ មកដល់​ថ្ងៃ​៣​ឧសភា ២០១២ មាន​អ្នកកាសែត​កម្ពុជា ៧ នាក់ ត្រូវបាន​ចាប់ខ្លួន ខណៈ​ដែល​ឆ្នាំមុន មាន ១០ នាក់​។ ដោយឡែក បណ្តឹង​ប្រឆាំង​អ្នកកាសែត នៅ​កម្ពុជា មាន​ចំនួន ៩ ករណី កាលពី​ឆ្នាំ​២០១០ តែ​នៅ​ឆ្នាំ​២០១១ បាន​ថយចុះ មក​នៅត្រឹម ៤ ករណី​។ ការប្តឹងផ្តល់នោះ ចោទប្រកាន់ពីបទផ្សាយព័ត៌មាន​មិន​ពិត និងបទបរិហារកេរ្តិ៍ តាមរយៈការចុះផ្សាយអត្ថបទព័ត៌មាន។ អ្នកកាសែត ដែលរងការប្តឹង​ផ្តល់ ស្ថិតនៅក្នុងកាសែត ដែលគាំទ្ររដ្ឋាភិបាល រួមមាន៖ កាសែតរស្មីកម្ពុជា កម្ពុជាថ្មី និងកាសែត​កោះសន្តិភាព ជាដើម។ រីឯកាសែតប្រឆាំង មិនរងការប្តឹងផ្តល់ទេ។
 
ចំណែក​ករណី​គំរាមកំហែង កាលពី​ឆ្នាំ​២០១០ មាន ៧ ករណី តែ​នៅ​ឆ្នាំ​២០១១ បាន​ថយ​មក​នៅត្រឹម ៥ ករណី​។​
 
​ក្លឹប​អ្នកកាសែត​កម្ពុជា របស់លោក ប៉ែន សមិទ្ធិ បានបង្ហាញ​ថា ការវាយតម្លៃ​ជា​រួម ​អំពី​ស្ថានភាព​សារព័ត៌មាន ប្រសើរ​ជាង​ឆ្នាំមុន បើទោះបីជា​កាលពី​សប្តាហ៍​មុន ការឃុំ​ខ្លួន​អ្នកកាសែត ដឺ​ឃែម​បូឌា ដេលី (The Cambodia Daily) ជា​ស្ត្រី​ចំនួន​ពីរ​នាក់ ជា​បណ្តោះអាសន្ន បាន​ឆ្លុះបញ្ចាំង​អំពី​ការពិត​មួយ ដែលថា ការតស៊ូ​ដើម្បី​សេរីភាព គឺជា​ដំណើរ​ផ្លូវ​មួយ​វែងឆ្ងាយ​ទៀត ដែល​យើងទាំងអស់គ្នា​ត្រូវតែ​សាមគ្គី​គ្នា ​ពុះពារ​គ្រប់​ឧបសគ្គ នៅក្នុង​បេសកកម្ម​ជា​អ្នក​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន​។​
 
​ក៏ប៉ុន្តែ​ក្លឹប​អ្នកកាសែត​កម្ពុជា លើកឡើងថា មិន​ដូច​នៅក្នុង​ពិភពលោក​ទាំងមូល ដែល​មាន​អ្នកកាសែត​ចំនួន ៦២ នាក់ ត្រូវបាន​សម្លាប់​នោះ​ទេ នៅ​កម្ពុជា ក្នុង​ឆ្នាំ​កន្លងមក មិន​មាន​អ្នកកាសែត​កម្ពុជា​ណា​ម្នាក់ ត្រូវបាន​សម្លាប់​ឡើយ​។
 
​ការឃាត់ខ្លួន​ស្ត្រី​អ្នកកាសែត ២ រូប នៅ​កាសែត The Cambodia Daily នៅក្នុង​ព្រឹត្តិការណ៍​បាញ់សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​ប៉េអឹម លោក អ៊ិត រតនា នៅ​ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ ក៏​ត្រូវ​បាន​ក្លឹប​អ្នកកាសែត រាប់ចូល​ក្នុង​របាយការណ៍​ផងដែរ​។​
 
​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ក៏​បាន​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ក្នុងចំណោម ១៧៩​ប្រទេស កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១១៧ ផ្នែក​សេរីភាព​សារព័ត៌មាន​។ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​អាស៊ាន​ទាំង ១០ កម្ពុជា​មាន​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ល្អប្រសើរ​ជាង​គេ​៕​

—————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles