ថ្ងៃទី 3 ឧសភា 2012
ដោយ: រតនា
CEN

សាកសព ប៉េអឹម អ៊ិន រតនា នៅមុខឡានរបស់លោក ឈុត វុទ្ធី ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធ កាលពីរសៀលថ្ងៃទី២៦មេសា ឆ្នាំ២០១២
កោះកុង: ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ដែលពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោក អ៊ិន រតនា មន្ត្រីអាវុធហត្ថ កាលពីថ្ងទី២៦ ខែមេសា ឆ្នាំ២០១២ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តកោះកុង នៅរសៀលថ្ងៃទី៣ឧសភា ឆ្នាំ២០១២។ នេះបើតាមការបញ្ជាក់របស់សកម្មជនសិទ្ធិមនុស្ស។
កងរាជអាវុធហត្ថខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យពីរនាក់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២។
ជនសង្ស័យឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ ២៦ឆ្នាំ ដែលជាកូនរបស់លោក ហ៊ុន រ៉ាន់ អតីតមេព្រៃ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវបានសមត្ថកិច្ចបញ្ជូនជនសង្ស័យរូបនេះទៅកាន់តុលាការខេត្តកោះកុង ពាក់ព័ន្ធនឹងករណីឃាតកម្មលើសកម្មជនការពារព្រៃឈើ។ រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុន Timber Green ដែលបានកាប់រានព្រៃឈើ សង់ទំនប់ស្ទឹងឫស្សីជ្រំក្រោម។
ជាមួយគ្នានោះ លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតសមាគមអាដហុក បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉ាន់ ប៊ុនរ័ត្ន និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ សុភាព យកទៅសាកសួរកាលពីថ្ងៃទី២៧ ខែមេសា គឺអង្គការសង្គមស៊ីវិល រង់ចាំសហការជាមួយនឹងគណៈកម្មការចម្រុះអន្តរក្រសួង ក្នុងការផ្ដល់ការពិគ្រោះយោបល់ និងឯកសារមួយចំនួនដែលអង្គការសង្គមស៊ីវិលធ្វើការស៊ើបអង្កេត និងប្រមូលភស្ដុតាងមួយចំនួន ជុំវិញករណីនេះ។
ឯកសាររបស់សង្គមស៊ីវិល ដែលរួមមាន៖ អង្គការលីកាដូ អាដហុក និងមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ជាដើមនោះ គ្រោងនឹងបញ្ចេញនៅពេលឆាប់ៗនេះ បន្ទាប់ពីក្រុមការងារអង្គការទាំងនោះបានចុះដល់ទីកន្លែងកើតហេតុ និងជួបសាក្សីមួយចំនួន ដើម្បីស្វែងរកការពិត ក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី និងប៉េអឹមម្នាក់ នៅខេត្តកោះកុង។
តាមរបាយការណ៍របស់សង្គមស៊ីវិល គឺច្បាស់ណាស់ថា ឃាតកម្មដ៏រន្ធត់នោះ មានអ្នកទី៣ ជាអ្នកបាញ់ ហើយជនសង្ស័យ រ៉ាន់ ប៊ុនរ័ត្ន ដែលប៉េអឹមចាប់បញ្ជូនទៅកាន់តុលាការខេត្តកោះកុង ជាប់សង្ស័យខ្លាំងជាងគេក្នុងរឿងបាញ់សម្លាប់លោក ឈុត វុទ្ធី និងប៉េអឹម អ៊ិន រតនា។
ពាក់ព័ន្ធនឹងការបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់តុលាការខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធីនោះ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធានគណៈកម្មការចម្រុះស៊ើបអង្កេត មិនធ្វើអត្ថាធិប្បាយទេ ដោយបង្វែរសំណួរឲ្យទៅសួរខាងសមត្ថកិច្ចខេត្តកោះកុង។
ជាមួយគ្នានេះដែរ លោក មាស វឌ្ឍនៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយទេ ដោយលោកថា ជាប់រវល់។
យ៉ាងណាក៏ដោយ ក្រុមគណៈកម្មការចម្រុះ ដែលដឹកនាំដោយលោក ម៉ក់ ជីតូ បានបំពេញបេសកកម្ម ដោយជួបសាក្សី និងជនសង្ស័យ រ៉ាន់ ប៊ុនរ័ត្ន ព្រមទាំងចុះទៅដល់កន្លែងកើតហេតុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ឧសភា ឆ្នាំ២០១២។ ក៏ប៉ុន្តែលទ្ធផលនៃដំណើរការ ស៊ើប អង្កេតយ៉ាងណានោះ មិនត្រូវបានបញ្ចេញឲ្យដឹងទេ។ គណៈកម្មការចម្រុះអន្តរក្រសួង បានទៅដល់ខេត្តកោះកុង កាលពីថ្ងៃទី២ឧសភា ដើម្បីស៊ើបអង្កេតបន្ថែមលើករណីឃាតកម្មសម្លាប់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី៕
I thought, the court already make it decision.
PM ជាអ្នកដែលបានធ្វើរបាយការណ៏ខុសការពឹតនោះ តើវាបានទទួលបញ្ជាពីនរណា? ពីឈ្មួញ? ពីមេធំ? គេសូកលុយវា?