ថ្ងៃទី 4 ឧសភា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: លោក ទិត សុធា សមាជិកគណៈកម្មការចម្រុះស៊ើបអង្កេត នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ បានឲ្យដឹងថា មកដល់ពេលនេះ គណៈកម្មការបានសាកសួរជាមួយនឹងសាក្សីជាច្រើន ពាក់ព័ន្ធនឹងការស្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ហើយទទួលបានដំណឹងថ្មីៗពីកន្លែងកើតហេតុ និងបានធ្វើការងារស៊ើបអង្កេតប្រមូលភស្ដុតាង រួមទាំងការផ្ដល់ព័ត៌មានពីសាក្សី។
លោក ទិត សុធា បានបញ្ជាក់ថា “ដំណើរការស៊ើបអង្កេត មានការវិវត្តន៍ទៅមុខច្រើនមែនទែន។ យើងទទួលបានព័ត៌មាន មានភាពច្បាស់លាស់ច្រើនជុំវិញការស្លាប់របស់លោក ឈុត វុទ្ធី និង អ៊ិន រតនា”។
ក៏ប៉ុន្តែលោកបានបញ្ជាក់បន្តថា មកដល់ពេលនេះ គណៈកម្មការស៊ើបអង្កេតមិនទាន់អាចនិយាយបាននៅក្នុងដំណាក់កាលនេះទេ ពីព្រោះស្ថិតនៅក្នុងការស៊ើបអង្កេត។ រីឯសេចក្ដីសន្និដ្ឋានរួម នឹងធ្វើសេចក្ដីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលជាមុនសិន។ ដូច្នេះការស៊ើបអង្កេតនឹងបញ្ចប់នៅពេលឆាប់ៗនេះ។
លោក ទិត សុធា ដែលកំពុងស្ថិតនៅខេត្តកោះកុង ក្នុងក្រុមគណៈកម្មការចម្រុះ បានឲ្យដឹងថា “ក្រុមការងារបានជួបសាក្សីជាច្រើន ចុះទៅកាន់កន្លែងកើតហេតុ និងជួបជនសង្ស័យ រ៉ាន់ បូរ័ត្ន ផងដែរ។ ប៉ុន្តែមិនទាន់ដឹងថា ពេលណាទើបបញ្ចប់ការស៊ើបអង្កេតនោះទេ។ តែបើចប់ការស៊ើបអង្កេត ក៏ត្រូវរាយការណ៍ជូនទៅសម្តេចប្រមុខរាជរដ្ឋាភិបាល ហើយរបាយការណ៍ចុងក្រោយរបស់គណៈកម្មការចម្រុះ នឹងធ្វើឲ្យស្ងប់ចិត្តទាំងអស់គ្នា”។
សូមរម្លឹកថា ជនសង្ស័យម្នាក់ក្នុងចំណោម ២នាក់ ដែលពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោក អ៊ិន រតនា មន្ត្រីអាវុធហត្ថ កាលពីថ្ងទី២៦ ខែមេសា ឆ្នាំ២០១២ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តកោះកុង នៅរសៀលថ្ងៃទី៣ឧសភា ឆ្នាំ២០១២។
កងរាជអាវុធហត្ថខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យពីរនាក់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២។
ជនសង្ស័យនោះ ឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ ២៦ឆ្នាំ ដែលជាកូនរបស់លោក ហ៊ុន រ៉ាន់ អតីតមេព្រៃ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវបានសមត្ថកិច្ចបញ្ជូនជនសង្ស័យរូបនេះទៅកាន់តុលាការខេត្តកោះកុង ពាក់ព័ន្ធនឹងករណីឃាតកម្មលើសកម្មជនការពារព្រៃឈើ។ រ៉ាន់ បូរ័ត្ន ជាសន្តិសុខរបស់ក្រុមហ៊ុន Timber Green ដែលបានកាប់រានព្រៃឈើសង់ទំនប់ស្ទឹងឫស្សីជ្រំក្រោម។
ឯកសាររបស់សង្គមស៊ីវិល ដែលរួមមាន៖ អង្គការលីកាដូ អាដហុក និងមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ជាដើមនោះ គ្រោងនឹងបញ្ចេញនៅពេលឆាប់ៗនេះ បន្ទាប់ពីក្រុមការងារអង្គការទាំងនោះបានចុះដល់ទីកន្លែងកើតហេតុ និងជួបសាក្សីមួយចំនួន ដើម្បីស្វែងរកការពិតក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី និងប៉េអឹមម្នាក់ នៅខេត្តកោះកុង។
តាមរបាយការណ៍របស់សង្គមស៊ីវិល គឺច្បាស់ណាស់ថា ឃាតកម្មដ៏រន្ធត់នោះ មានអ្នកទី៣ ជាអ្នកបាញ់ ហើយជនសង្ស័យ រ៉ាន់ បូរ័ត្ន ដែលប៉េអឹមចាប់បញ្ជូនទៅកាន់តុលាការខេត្តកោះកុង ជាប់សង្ស័យខ្លាំងជាងគេក្នុងរឿងបាញ់សម្លាប់លោក ឈុត វុទ្ធី និងប៉េអឹម អ៊ិន រតនា៕ S