ថ្ងៃទី 4 ឧសភា 2012
ដោយ: សុខ ភក្តី
CEN
ខេត្តកោះកុង: រហូតដល់ម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី៤ឧសភា ឆ្នាំ២០១២ តំណាងអយ្យការតុលាការសាលាដំបូងខេត្តកោះកុង បន្តការសាកសួរជនសង្ស័យម្នាក់ ជាសន្តិសុខក្រុមហ៊ុន ក្នុងរឿងបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោក អ៊ិន រតនា ប៉េអឹមខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
លោក អ៊ិន គង់ជិត បុគ្គលិកអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង បានឲ្យដឹងថា តំណាងអយ្យការតុលាការខេត្តកោះកុង បានសាកសួរជនសង្ស័យម្នាក់ ឈ្មោះ រ៉ាន់ បូរ័ត្ន សន្តិសុខរបស់ក្រុមហ៊ុន Trimber Green ចាប់តាំងពីរសៀលថ្ងៃទី៣ឧសភា និងបន្តរហូតដល់ព្រឹកថ្ងៃទី៤ឧសភា ឆ្នាំ២០១២។
បន្ទាប់ពីការសាកសួរនោះ តំណាងអយ្យការ នឹងសម្រេចថាតើត្រូវលើកលែងការចោទប្រកាន់ ឬក៏ចោទប្រកាន់លើជនសង្ស័យ ពីបទអ្វី ហើយបញ្ជូនរឿងទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។
សូមរម្លឹកថា ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ដែលពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោក អ៊ិន រតនា មន្ត្រីអាវុធហត្ថ កាលពីថ្ងទី២៦ ខែមេសា ឆ្នាំ២០១២ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការខេត្តកោះកុង កាលពីរសៀលថ្ងៃទី៣ឧសភា ឆ្នាំ២០១២។
កងរាជអាវុធហត្ថខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យពីរនាក់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២។ ជនសង្ស័យនោះ ឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ ២៦ឆ្នាំ ដែលជាកូនរបស់លោក ហ៊ុន រ៉ាន់ អតីតមេព្រៃ។ រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុន Timber Green ដែលបានកាប់រានព្រៃឈើសង់ទំនប់ស្ទឹងឫស្សីជ្រំក្រោម។
ក្នុងពេលសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់តុលាការខេត្តកោះកុង គឺគណៈកម្មការចម្រុះស៊ើបអង្កេតករណីឃាតកម្មនោះ ដឹកនាំដោយលោក ម៉ក់ ជីតូ កំពុងធ្វើការងារស៊ើបអង្កេត ដើម្បីស្វែងរកការពិត។ ប៉ុន្តែលទ្ធផលយ៉ាងណានោះ មិនត្រូវបានគេបញ្ចេញឲ្យដឹងទេ៕ S