ថ្ងៃទី 4 ឧសភា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ បានផ្ញើលិខិតជូនលោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំឲ្យមានការចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យបរិស្ថានទូទៅ នៅក្នុងបរិវេណរោងចក្រញូអាតឃីត មានទីតាំងនៅភូមិត្រពាំងភូមិន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លិខិតនោះបានបង្ហាញថា នៅក្នុងបរិវេណរោងចក្រញូអាតឃីត មានធុំក្លិនរបៀបក្លិនចំណីត្រី ជះក្លិនស្អុយចូលមកក្នុងអគារ C របស់រោងចក្រ ដែលធ្វើឲ្យកម្មករ-កម្មការិនីកំពុងបម្រើការងារ ពិបាកទ្រាំក្នុងការដកដង្ហើម។ លើសពីនេះ នៅកន្លែងបោកគក់របស់រោងចក្រ ក៏មានជះក្លិនស្អុយភាយចេញពីក្នុងលូសំអុយ ធ្វើឲ្យកម្មករ-កម្មការិនីបម្រើការងារនៅក្នុងបរិវេណបោកគក់នេះ ពិបាកទ្រាំក្នុងការដកដង្ហើមផងដែរ។
លិខិតរបស់លោក ជា មុនី បានបញ្ជាក់ថា “ក្លិនស្អុយដែលបង្ហាញពីកង្វក់បរិស្ថាន នៅក្នុងបរិវេណរោងចក្រញូអាតឃីត បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពរបស់កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រនេះ”។
នៅក្នុងលិខិតដដែលនោះ បានសំណូមពរលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់មន្ត្រីជំនាញឲ្យចុះត្រួតពិនិត្យបរិស្ថានទូទៅ នៅក្នុងបរិវេណរោងចក្រញូអាតឃីត មានទីតាំងនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ឲ្យបានច្បាស់លាស់ និងមានវិធានការឲ្យបានឆាប់រហ័ស ដើម្បីចូលរួមចំណែកគិតគូរដល់សុខភាពរបស់កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រនេះ៕ K