ថ្ងៃទី 6 ឧសភា 2012
ដោយ: ខេមា
CEN
ភ្នំពេញ: លំនៅដ្ឋានប្រមាណជា ៣០ខ្នង នៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវរបើកដំបូលអស់នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ ដោយសារខ្យល់កន្ដ្រាក់ដ៏ខ្លាំង ដែលមិនធ្លាប់មានពីមុនមកនៅក្នុងភូមិនេះ។
ស័ង្កសី ផ្ទាំងកៅស៊ូ កំណាត់ឈើស្ដើងៗ និងរបស់របរស្រាលៗ ត្រូវកម្លាំងខ្យល់កួចនាំយកឡើងទៅលើអាកាស ហើយធ្លាក់រប៉ាត់រប៉ាយនៅឆ្ងាយពីផ្ទះដែលរងគ្រោះ តែបាតុភូតនេះមិនបណ្ដាលឱ្យមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ទេ។
លោក កូប ស្លេះ អភិបាលរងខណ្ឌឫស្សីកែវ និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជន ចុះពង្រឹងសង្កាត់ស្វាយប៉ាក បានឱ្យដឹងនៅព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ ថា នៅចំពោះមុខនេះ ប្រជាពលរដ្ឋដែលមានផ្ទះរងគ្រោះដោយសារខ្យល់កួចក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក បានទទួលកៅស៊ូតង់សម្រាប់ធ្វើដំបូលជ្រកបណ្ដោះអាសន្ន មួយគ្រួសារតង់មួយ។ ចំពោះជំនួយសង្គ្រោះផ្សេងៗ មិនទាន់មានទេ៕ K