សម្រុកចូល​លួច​ទ្រព្យ​, ជនរងគ្រោះ​ថា សមត្ថកិច្ច​មិន​ចាត់ការ ទោះ​ឃើញ​ស្លាកស្នាម​ហិង្សា​

ថ្ងៃទី 5 ឧសភា 2012
ដោយ: ឌីណា
CEN

ជញ្ជាំង​ផ្ទះ​ធ្លុះធ្លាយ​ដែល​ម្ចាស់​អះអាងថា ត្រូវ​អ្នកជិតខាង​កាប់ និង​យក​ទ្រព្យ​របស់​អស់​សន្ធឹកសន្ធាប់

ជញ្ជាំង ផ្ទះ ធ្លុះធ្លាយ ដែល ម្ចាស់ អះអាងថា ត្រូវ អ្នកជិតខាង កាប់ និង យក ទ្រព្យ របស់ អស់ សន្ធឹកសន្ធាប់

កំពត: អំពើ​លួច​ទ្រព្យសម្បត្ដិ​អ្នកដទៃ តាមរយៈ​ការប្រើ​ហិង្សា ដោយ​កាប់​ជញ្ជាំង​ផ្ទះ និង​ទ្វារ រួច​សម្រុកចូល​យក​អស់​របស់​មានតម្លៃ​សន្ធឹកសន្ធាប់ ហើយ​លទ្ធផល បាន​ត្រឹម​ជនរងគ្រោះ​ខក​ចិ​ត្ដ ត្បិត​សមត្ថកិច្ច គ្មាន​ចំណាត់ការ ទោះ​មក​ឃើញ​ភស្ដុតាង​ផ្ទាល់ តាមរយៈ​ការទំនាក់ទំនង​សុំ​អន្ដរាគមន៍​ក្ដី​។
​ករណី​នោះ​ផ្ដើមឡើង ដោយ​បុរស​ម្នាក់ ស្ថិតក្នុង​ភាពស្រវឹង សម្រុកចូល​រើកកាយ​យកលុយ និង​មាស​អ្នកជិតខាង​កាលពី​យប់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១២ នៅ​ភូមិ​បង់​បក់ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្តកំពត​។​
​ ​
​បុរស​ឈ្មោះ កែវ ហ៊ាន អាយុ ៣៦​ឆ្នាំ កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​ប្រហែល ៧ និង ៣០ នាទី​យប់ ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១២ ឈ្មោះ តេង សុ​បញ្ញា ភេទ​ប្រុស អាយុ​ប្រហែល ៤០​ឆ្នាំ ដែលមាន​លំនៅស្ថាន​ក្បែរ​ផ្ទះ​របស់គាត់ កំពុងមាន​ភាពស្រវឹង​ផង​នោះ បាន​យក​កាំបិត​មក​កាប់​ជញ្ជាំង និង​ទ្វារ​ធ្វើឱ្យ​គាត់ និង​ប្រពន្ធ​កូន​ភ័យរន្ធត់ នាំគ្នា​រត់ចេញ តាម​ទ្វារក្រោយ​យ៉ាង​ប្រញាប់​។​

​បាន​ឱកាសល្អ បុរស​រូបនោះ រើកកាយ​សម្លៀកបំពាក់ និង​របស់របរ​ក្នុងផ្ទះ​តាម​អំពើ​ចិ​ត្ដ​។ លុះ​ឮ​គាត់​ទូរស័ព្ទ​ហៅ និង​មុនពេល​សមត្ថកិច្ច មកដល់​ជន​នោះ ក៏​គេចខ្លួន​ចេញ​វិញ​បាត់​។
​អ្វីដែល​គាត់​សោកស្ដាយ​នោះ ពេល​គាត់​ពិនិត្យមើល​ដឹងថា បាត់​លុយ​អស់​ជិត​ពីរលាន​រៀល និង​មាស​ប្រាំ​ហ៊ុន ហើយ​ប៉ូលិស​មូលដ្ឋាន​មកដល់ ប្រាប់​រឿងនេះ បែរជា​មិន​ជឿ ព្រមទាំង​មិនបាន​តាម​ឃាត់​ជនសង្ស័យ ដែល​មានផ្ទះ​ជិតគ្នា​បង្កើយ ទោះជា​ឃើញ​ជញ្ជាំង និង​ទ្វារផ្ទះ​គាត់​ធ្លុះធ្លាយ​យ៉ាងណាក្ដី​។

​ជនរងគ្រោះ​អះអាង​ទៀតថា ពេល​ប៉ូលិស​មូលដ្ឋាន​វិលត្រឡប់​ទៅវិញ បុរស​ដដែល​នេះ បាន​ត្រលប់មក​សាជាថ្មី បម្រុង​ដុត​ផ្ទះ​គាត់​ចោល ប៉ុន្ដែ​បាន​អ្នកជិតខាង ជួយ​ឃាត់ និង​សម្លុត​គំរាម ទើប​ជន​នោះ គេចខ្លួនបាត់​។

​កែវ ហ៊ាន បញ្ជាក់ថា រឿង​ដែល​គាត់​អាក់​អន់ចិត្ដ​ទៀត​នោះ គឺ​ប៉ូលិស​មូលដ្ឋាន មិនបាន​ជឿ​នូវ​ពាក្យសម្ដី​គាត់ ដែលថា បាត់​លុយ​អស់​មួយ​លាន​កៅសិប​ម៉ឺន​រៀល និង​មាស​ប្រាំ​ហ៊ុន ដែល​គាត់​ខំ​សន្សំ​ជា​យូរ​មកហើយ​នោះទេ ដោយ​និយាយថា គាត់​មានផ្ទះ​តូចតាច ធ្លុះធ្លាយ មិនអាច​មាន​លុយ​បាត់​ច្រើន​ដល់​ម្លឹ​ង​ទេ​។​
​ ​
​ជុំវិញ​រឿងរ៉ាវ​ខាងលើ​គេហទំព័រ CEN មិនអាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​ពី​លោក ដុស ពិសិដ្ឋ នាយប៉ុស្ដិ៍​ប៉ូលិស​រដ្ឋបាល ឃុំ​ភ្នំ​ប្រាសាទ​បានទេ តែ​លោក រ័ត្ន សំណាង អធិការរង​ស្រុក​កំពង់ត្រាច ទទួលបន្ទុក​ផែន​យុត្ដិធម៌ បានបញ្ជាក់​តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១២ ថា ដោយសារ​ក្រោយ​កើតហេតុ ជនសង្ស័យ​បាន​គេចខ្លួនបាត់ ដូច្នេះហើយ​ទើប​ប៉ូលិស​ប៉ុ​សិ៍្ដ​រដ្ឋបាល​ធ្វើជា​របាយការណ៍ ដាក់ជូន​មក​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ លោក​អធិការ​បន្ដថា មិនមែន​សមត្ថកិច្ច មិន​គិតគូ​នោះទេ រាល់​ហេតុការណ៍ ដែល​កើតឡើង​ចាំបាច់ ត្រូវតែ​ចាត់ការ​៕

What Next?

Recent Articles

2 Responses to "សម្រុកចូល​លួច​ទ្រព្យ​, ជនរងគ្រោះ​ថា សមត្ថកិច្ច​មិន​ចាត់ការ ទោះ​ឃើញ​ស្លាកស្នាម​ហិង្សា​"

  1. ត្រូវដងត្រូវផ្លែគ្នាទេដឹង? បើមិនអីចឹងទេប្រហែលជាសមត្ថកិច្ចខ្ជិលធ្វើការហើយ។

  2. Leak says:

    i will take the time to look how he explain next time about that