សាមណេរ និង​សីលវតី​ជិត ៤០​នាក់ ដួលសន្លប់​នៅ​វត្ត​អង្គរ ពេល​ស្តា​ប់លោក​ទេសនា​

ថ្ងៃទី 6 ឧសភា 2012
ដោយ: បាយ័ន
CEN

សៀមរាប: សាមណេរ និង​សីលវតី​ប្រមាណ​ជិត ៤០​នាក់ ក្នុងចំណោម ១.០០០ នាក់ ដែល​បាន​បំបួស​កាលពី​ថ្ងៃទី​១ ខែឧសភា ត្រៀម​សម្រាប់​ចូលរួម​ក្នុង​ពិធីបុណ្យ​ពិសាខបូជា បាន​ដួលសន្លប់​នៅ​វត្ត​អង្គរ​ខាងត្បូង កាលពី​រាត្រី​ទី​៥ ខែឧសភា​។ ករណីនេះ​ត្រូវបាន​
​អះអាង​ផ្សេងគ្នា​ថា មកពី​មនុស្ស​ច្រើន អាកាសធាតុ​ហប់​ខ្លាំង ទើប​បណ្តាល​ឲ្យ​ដួលសន្លប់​យ៉ាងនេះ ឯ​មួយ​ទៀតថា ក្រោយពេល​ស្តា​ប់លោក​ទេសនា ធ្លាក់​រឿង​លន្លង់លន្លោច ទើប​បណ្តាល​ឲ្យ​មាន​អារម្មណ៍​រន្ធត់ ក៏​ដួលសន្លប់​យ៉ាងនេះ​។​

​ទាក់ទិន​នឹង​ការដួលសន្លប់​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ប្រភព​និយាយថា នៅក្នុង​រាត្រី​ថ្ងៃទី​៥​ឧសភា ដែលជា​ថ្ងៃបុណ្យ​ពិសាខបូជា មានការ​សូត្រ​ទេសនា ដោយមាន​សាមណេរ សីលវតី ១.០០០ នាក់ យាយជី​តាជី និង​ពុទ្ធបរិស័ទ​ជុំវិញ​វត្ត​រាប់ពាន់នាក់​ទៀត​ចូលរួម​។ ដោយសារ​ទីធ្លា​វត្ត​មិនធំ​ទូលាយ មនុស្សម្នា​ចូលរួម​ច្រើន ហើយ​អាកាសធាតុ​មាន​សភាព​មិនសូវ​ល្អ (​ហប់​) ទើប​មនុស្ស​មួយចំនួន ដែលមាន​សុខភាព​ខ្សោយ​ដួលសន្លប់​យ៉ាងនេះ​។

​ចំណែក​ព្រះ​តេជគុណ ព្រះនាម សម្បត្តិ លី​យឿ​ត សមុហ៍​អនុគណ​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ការដួលសន្លប់​នេះ​មិនមាន​រឿង​អ្វី​ធំ​ទេ គឺ​កើតឡើង​ក្រោយពេល​លោក​សូត្រ​ទេសនា ធ្លាក់​ដល់​រឿង​ដឹងគុណ​មាតាបិតា កាលពី​នៅ​ពពោះ​រហូត​ប្រសូត្រ​ចេញមក​។

​ព្រះ​តេជគុណ​បញ្ជាក់ថា ក្រោយពេល​លោក​សូត្រ​ដល់​ចំណុច​គុណមាតា​បិតា ស្តាប់ទៅ​ហាក់​មាន​អារម្មណ៍​លន្លង់លន្លោច ក៏​ស្រាប់តែ​សាមណេរ និង​សីលវតី​មួយចំនួន​ដួលសន្លប់​យ៉ាងនេះ តែ​មិនមាន​អ្វី​ធំ​នោះទេ ក្រោយពេល​គ្រូពេទ្យ​ធ្វើ​ចលនា ក៏​ដឹងខ្លួន​វិញ​ជាធម្មតា​។ ចំណែក ៧​នាក់ ដែលមាន​សភាព​ធ្ងន់ ដឹក​ទៅ​មន្ទីរពេទ្យ ក៏បាន​ចេញមក​វិញ​អស់ទាំង​យប់​ផងដែរ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១ ខែឧសភា​កន្លងទៅ នៅ​វត្ត​អង្គរ​ខាងត្បូង មានការ​បំបួស​សាមណេរ និង​សីលវតី​ចំនួន ១.០០០ នាក់ សម្រាប់​ចូលរួម​ក្នុង​ពិធីបុណ្យ​ពិសាខបូជា នៅ​ថ្ងៃទី​៥​ឧសភា​៕ K​

What Next?

Recent Articles