ថ្ងៃទី 6 ឧសភា 2012
ដោយ: រតនា
CEN

លោក វង សូត រដ្ឋមន្ត្រីក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ និង ជា ប្រធាន នៃ កិច្ចប្រជុំ រដ្ឋមន្ត្រី ការងារ អាស៊ាន លើក ទី ២២ ក្នុង កិច្ចប្រជុំ ឧ ត្ត ម មន្ត្រីជាន់ខ្ពស់ អាស៊ាន ខាង ការងារ លើក ទី ៨ នៅពេលនេះ នឹង យក ប្រធានបទ ស្តីពី “ ការធ្វើ ឲ្យ ប្រសើរឡើង នូវ កិច្ច គាំពារ សង្គម និង ការអភិវឌ្ឍ មុខជំនាញ ”
ភ្នំពេញ: កិច្ចប្រជុំឧត្តមមន្ត្រីខាងការងារអាស៊ានលើកទី៨ បានបន្តនៅថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០១២ ធ្វើនៅសណ្ឋាគារអ៊ិនធឺខនទឺណង់ថល ដែលមានកាចូលរួមពីសំណាក់លោកវង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២២។ ហើយតាមកម្មវិធីដែលបានគ្រោងទុកកិច្ចប្រជុំឧត្តមមន្ត្រីជាន់ខ្ពស់អាស៊ាន ខាងការងារលើកទី៨ នៅពេលនេះនឹងយកប្រធានបទស្តីពី “ការធ្វើឲ្យប្រសើរឡើងនូវកិច្ចគាំពារសង្គម និងការអភិវឌ្ឍមុខជំនាញ” ដែលលោករដ្ឋមន្ត្រីយល់ថា ជាប្រធានបទមួយឆ្លើយបតទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ក្នុងពិភពលោក។

លោកវង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២២
លោករដ្ឋមន្ត្រីវង សូត បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំឧត្តមមន្ត្រីខាងការងាអាស៊ានលើកទី៨ នៅពេលនេះ គឹជាកិច្ចប្រជុំបន្តពីកិច្ចប្រជុំលើកទី៧ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េណាំង នៃប្រទេសម៉ាឡេស៊ី កាលពីអំឡុងខែឧសភា ឆ្នាំ២០១១ កន្លងទៅ។ ហើយកិច្ចប្រជុំនៅពេលនេះបានសង្កត់ធ្ងន់ ទៅបញ្ហាប្រើប្រាស់កម្លាំងពលកម្មនៅក្នុងតំបន់ ដែលជាប្រធានបទមួយទាមទារពេលវេលា ដើម្បីពិភាក្សាគ្នាឲ្យបានល្អិតល្អន់ និងហ្មត់ចត់បំផុត បើពុំនោះទេ ប្រាកដជាជួបនូវបញ្ហាជាច្រើនដែលពិបាក និងដោះស្រាយ។ ប៉ុន្តែទោះជាយ៉ាងណាក្តីតម្រូវការកំលាំងពលកម្មដ៏ច្រើនលើសលុបនៅក្នុងតំបន់ បានបង្ហាញពីភាពងើបឡើងវិញ នៃល្បឿនសេដ្ឋកិច្ចក្នុងតំបន់ ទោះជាកន្លងមកមានបណ្តាប្រទេសមួយចំនួន ជួបនៅបញ្ហាគ្រោះធម្មជាតិក៏ដោយ។

លោករដ្ឋមន្ត្រីវង សូត ៖ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ផ្តោតលើការប្រើប្រាស់កម្លាំងពលកម្មជំនាញ នៅក្នុងតំបន់
លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់បន្តទៀតថាដូច្នេះហើយកិច្ចប្រជុំលើកទី៨ នេះនឹងលើកយកនូវបញ្ហាប្រឈមនានា សម្រាប់ជាមូលដ្ឋានពិភាក្សា និងលើកទិសដៅសំខាន់សម្រាប់រៀបចំផែនការសកម្មភាព អនុវត្តបន្ត ដោយត្រូវធានានូវបទដ្ឋានជាតិ និងតំបន់ឲ្យមានភាពស៊ីសង្វាក់គ្នា។ ជាការពិតណាស់ បើនិយាយអំពីបញ្ហាការងារប្រាកដជាមានអត្ថន័យទូលំទូលាយ ដែលផ្សាភ្ជាប់ទៅបញ្ហាសេដ្ឋកិច្ច សង្គមកិច្ច ហើយអាចនិយាយបានថា ជាជីពចរគន្លឹះរួមចំណែកក្នុងដំណើរការអភិវឌ្ឍផ្នែកនីមួយៗស្របតាមស្ថានភាពវិវត្តន៍តាមភូមិសាស្ត្រ និងតំបន់។ ជាទូទៅបញ្ហាការងារបានផ្តោតសំខាន់ទៅការដាក់ឲ្យអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម សុខភាព និងសុវត្ថិភាពការងារ ទំនាក់ទំនងវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សជាដើម ដែលជាកន្សោមនៃចលនាវិវត្តន៍ស្ទើរគ្រប់សកម្មភាពសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “លើសពីនេះទៀតខ្ញុំយល់ថា មន្ត្រីជាន់ខ្ពស់ខាងការងារ និងបន្តពិភាក្សាអំពីកិច្ចការជាច្រើន ដែលបន្តពីកិច្ចប្រជុំលើកមុន ដែលក្នុងនោះរួមមានលទ្ធផល នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃកន្លងមកនេះ”។
លោករដ្ឋមន្ត្រីបានស្នើដល់សមាជិកអង្គប្រជុំទាំងមូលសូមព្យាយាមរកឲ្យឃើញជម្រើសកម្មវិធីជាអាទិភាពសម្រាប់ការរៀបចំបង្កើត និងពង្រឹងវិសាលភាព នៃកម្មវិធីគាំពារសង្គម ដើម្បីគ្របដណ្តប់លើគ្រប់ហានិភ័យ និងបញ្ហាចន្លោះប្រហោងនានាសំដៅរួមគ្នាកំណត់ឲ្យបាននូវផែនការណ៍រួមសំ
រាប់តំបន់។ លើសពីនេះទៀតការអភិវឌ្ឍមុខជំនាញពិតជាត្រូវគិតគូឲ្យស្របតាមកំនើន នៃកំលាំងពលកម្មដោយត្រូវធ្វើយ៉ាងណាកាត់បន្ថយគម្លាត នៃសមត្ថភាពជំនាញឲ្យស្ថិតក្នុងរង្វង់ប្រហាក់ប្រហែលមួយ ដោយឈរលើប្រព័ន្ធក្របខ័ណ្ឌគុណវិវឌ្ឍន៍ជាតិ និងស្តង់ដាជាតិ សមត្ថភាពសម្រាប់ជាខ្នាតវាស់ស្ទង់ជំំនាញឲ្យស្របតាមតម្រូវការនៃទីផ្សារការងារ ពិសេសកាវិវត្តន៍ឈានឡើងនៃផ្នែកឧស្សាហកម្ម និងកសិឧស្សាហកម្មជាដើម។
លោករដ្ឋមន្ត្រី វង សូត បានបញ្ជាក់ទៀតថា នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ អង្គប្រជុំបានលើកអំពីលំហូរដោយសេរី នៃពលករជំនាញ ជាចំណុចចម្បងមួយ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទោះបីគោលដៅនេះនៅមិនទាន់សម្រេចបានទាំងស្រុងនៅឡើយក្តី ក៏ជាក់ស្តែងការផ្លាស់ប្តូរកំលាំង ទៅវិញទៅមកក្នុងចំណោមប្រទេសអាស៊ាន កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មរួចស្រេចទៅហើយ។
ប្រការនេះគួរពិចារណាអំពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហការក្នុងចំណោមប្រទេសអាស៊ាន ដើម្បីការពារនិងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តប្រវេសន៍ឲ្យកាន់តែល្អប្រសើរថែមទៀត៕