មេគ្រួសារ​លែងមាន​ឥទ្ធិពល​លើ​សំឡេង​ឆ្នោត​បក្ស​នយោបាយ

ដោយ គី សុខលីម
RFI

អង្គការ​សង្កេតការណ៍​បោះឆ្នោត Comfrel បាន​សង្កេត​ឃើញ​ថា មេគ្រួសារ​លែងមាន​ឥទ្ធិពល​លើ​សំឡេង​ឆ្នោត​ទៀត​ហើយ​សម្រាប់​ការ​បោះឆ្នោត​នាពេល​ខាងមុខ​នេះ។ កាលពី​អាណត្តិមុនៗ សមាជិក​ក្នុង​គ្រួសារ​នីមួយៗ​តែងតែ​បោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​តាម​មេគ្រួសារ​ដែល​មាន​ឥទ្ធិពល​ហិរញ្ញវត្ថុ។

កត្តា​ហិរញ្ញវត្ថុ​ជំរុញ​ឲ្យ​សមាជិក​គ្រួសារ​មាន​ឯករាជ្យ​​ពី​មេគ្រួសារ ក្នុងការ​ជ្រើសរើស​គណបក្ស​នយោបាយ (RFI/Siv Channa)

កត្តា ហិរញ្ញវត្ថុ ជំរុញ ឲ្យ សមាជិក គ្រួសារ មាន ឯករាជ្យ ពី មេគ្រួសារ ក្នុងការ ជ្រើសរើស គណបក្ស នយោបាយ (RFI/Siv Channa)

សេចក្តី​រាយការណ៍​របស់​ គី សុខលីម ពី​ភ្នំពេញ

(02:43)

លោក គល់ បញ្ញា នាយកប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា Comfrel ​បាន​អះអាង​នៅ​ថ្ងៃ​អាទិត្យ​ទី៦​ខែ​ឧសភា​នេះ​ថា មេគ្រូសារ​ដែល​ធ្លាប់តែ​មាន​ឥទ្ធិពល​លើ​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​នោះ ឥឡូវ មិនសូវ​មាន​ឥទ្ធិពល​ដូច​ពីមុន​ទៀត​ឡើយ។

កាលពី​អាណត្តិ​មុនៗ ជាពិសេស ចាប់តាំងពី​អាណត្តិ​ឆ្នាំ​១៩៩៣​ដល់​អាណត្តិ​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០០៧​និង​អាណត្តិ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨ កន្លងមក​ គ្រួសារ​ខ្មែរ​មួយ​ចំនួន​ធំ​បាន​សម្រេចចិត្ត​បោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​តាម​ឪពុក​ដែល​ជា​មេ​គ្រួសារ។ ប៉ុន្តែ​និន្នាការ​នេះ​បាន​ថយចុះ​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ។

លោក គល់ បញ្ញា ដែល​ជាអ្នក​ជំនាញ​សង្កេតការណ៍​បោះឆ្នោត​តាំង​ពី​ច្រើនអាណត្តិ​មក​ហើយ​នោះ បាន​ពន្យល់​ថា ការ​ថយចុះ​នៃ​និន្នាការ​នេះ​គឺ​បណ្តាល​មក​ពី​មូលហេតុ​ចម្បង​តែ​មួយ​គត់​គឺ​​កត្តា​ហិរញ្ញវត្ថុ។ អ្នក​ជំនាញ​រូប​នេះ​បាន​ពន្យល់​លម្អិត​ថា៖ «កាលពីពេល​មុន នៅ​ក្នុង​សង្គម​ខ្មែរ ឪពុក​ភាគ​ច្រើន​គឺ​ជា​អ្នក​រក​លុយកាក់​សម្រាប់​ចិញ្ចឹម​ផ្គត់ផ្គង់​គ្រួសារ។ ប៉ុន្តែ​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ប្រែប្រួល មានន័យថា នាពេល​បច្ចុប្បន្ន​នេះ សមាជិក​ក្នុង​គ្រួសារ​សុទ្ធតែ​មាន​ការងារ​ធ្វើ​រៀងៗ​ខ្លួន។ ដូច្នេះ ពួកគេ​សម្រេច​ចិត្ត​ជ្រើសរើស​គណបក្ស​នយោយបាយ​ដោយ​ខ្លួនឯង»។

លទ្ធផល​ជំរឿន​សហគ្រាស​ចុងក្រោយ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​មានចំនួន​សហគ្រាស​កន្លះ​លាន​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន​១លាន​៧សែននាក់។ ក្នុងចំណោម​ចំនួន​នេះ​ ស្ត្រីមានចំនួន​ជាង​១លាននាក់​ ពោលគឺ​ស្មើនឹង​៦១%​រីឯ​បុរស​តំណាងអោយតែ​​៣៩%​ប៉ុណ្ណោះ។ បើ​ផ្អែកលើ​តួលេខ​នេះ គេ​អាច​និយាយ​បាន​ថា ស្ត្រី​លែង​ពឹងពាក់​ទាំងស្រុង​លើ​ចំណូល​របស់​ស្វាមី​ទៀត​ហើយ។

ជាការពិត និន្នាការ​បោះឆ្នោត​តាម​មេគ្រួសារ​បាន​ថយចុះ​ច្រើន​មែន​នៅទីក្រុង​ភ្នំពេញ​ប៉ុន្តែ​ នៅ​ជនបទ ការ​បោះឆ្នោត​តាមគ្នា​នៅតែ​មាន​ច្រើន​ដែរ។

ក្រៅពី​ការ​បោះឆ្នោត​តាម​មេគ្រួសារ លោក គល់ បញ្ញា សង្កេត​ឃើញ​ថា អំពើ​ហិង្សា​មុន​ពេល​បោះឆ្នោត​រវាង​អ្នកគាំទ្រ​បក្ស​មួយ​និង​បក្ស​មួយ​ទៀតមាន​ការ​ថយចុះ​គួរអោយ​កត់សម្គាល់​បើ​ប្រៀបធៀប​ទៅនឹង​អាណត្តិមុន​ៗ។ លោក បញ្ញា បាន​បន្ត​ទៀត​ថា៖ «អំពើហិង្សា​មាន​ការ​ថយចុះ​មែន​ប៉ុន្តែ​ការរើសអើង​ជា​ពាក្យសម្តី​រវាង​សកម្មជន​គណបក្ស​នយោបាយ​នៅតែ​មាន​ដដែល។ អ្វី​ដែល​ជា​ការវិវឌ្ឍន៍​ល្អ​គឺ​នៅ​ត្រង់​ថា កាលពេលពីមុន ពួកគេ​យក​ដំបង​ឬ​អាវុធ​គំរាម​ដាក់គ្នា​ប៉ុន្តែ ​ឥឡូវនេះ ពួកគេ​គ្រាន់តែ​បោះ​សម្តី​ដាក់គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ»។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ខាងមុខ​នេះ​ និង​ការ​បោះឆ្នោត​តំណាងរាស្រ្ត​នៅឆ្នាំ​២០១៣។ ចាប់​ពីពេល​នេះ​តទៅ គេ​សង្កេត​ឃើញ​ថា សកម្មជន​គណបក្ស​នយោបាយ​គ្រប់​គណបក្ស​ទាំងអស់​បាន​នាំគ្នា​ចុះ​មូលដ្ឋាន​លន់តួ​អង្វរ​សុំការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ៕

What Next?

Recent Articles