ថ្ងៃទី 7 ឧសភា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំពេញ: គណបក្សនយោបាយ នឹងចូលរួមពិធីចុះហត្ថលេខាលើក្រមសីលធម៌ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ឃុំសង្កាត់។ ពិធីចុះហត្ថលេខា ដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិល នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២ នៅសណ្ឋាគារ អ៊ីមភឺរៀល ហ្កាដិន ក្នុងរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា ក្រុមការងារអង្គការសង្គមស៊ីវិល ស្តីពី ហិរញ្ញវត្ថុនយោបាយ រួមមាន គណៈកម្មាធិការខុមហ្វ្រែល គណៈកម្មាធិការនិកហ្វិច សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម(CISA) និងអង្គការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រតិបត្តិការ (DHRAC) ក្រោមការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីមូលនិធិអន្តរជាតិ សម្រាប់ប្រព័ន្ធបោះឆ្នោត(IFES) នឹងរៀបចំ “ពិធីចុះហត្ថលេខាមួយរបស់គណបក្សនយោបាយទៅលើការគាំទ្រក្រមសីលធម៌របស់គណបក្សនយោបាយសម្រាប់ការឃោសនាបោះឆ្នោត សេចក្តីថ្លែងការណ៍រួមស្តីពីការគាំទ្រការបង្កើតច្បាប់ហិរញ្ញវត្ថុគណបក្សនយោបាយ និងការបង្ហាញព័ត៌មានដោយស្ម័គ្រចិត្តអំពីហិរញ្ញវត្ថុសម្រាប់ការឃោសនារបស់គណបក្សនយោបាយ”។
សេចក្តីប្រកាសលើកឡើងថា គោលបំណងនៃការចុះហត្ថលេខាលើគំនិតផ្តួចផ្តើមខាងលើនេះ គឺដើម្បីលើកកម្ពស់តម្លាភាព យុត្តិធម៌ និងសុចរិតភាពនៅក្នុងការបោះឆ្នោត។
តំណាងគណបក្សនយោបាយ រដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថានទូតបរទេសប្រចាំនៅកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើនេះ។
ជាការកត់សម្គាល់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ មានគណបក្សនយោបាយចំនួន ១០ បានចុះឈ្មោះដាក់បេក្ខជនចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងឃុំសង្កាត់ សរុបចំនួន ១.៦៣៣ ឃុំសង្កាត់ ទូទាំងប្រទេស។
រីឯយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២៕ S