បណ្ដាញ​ផ្សព្វផ្សាយ​ជប៉ុន ​ចាប់អារម្មណ៍​រឿង​លោក Neko​ បាន​ទៅ​រត់​កីឡា​អូឡាំពិក​

ថ្ងៃទី 7 ឧសភា 2012
ដោយ: រស្មី
CEN

កីឡាករហែម ប៊ុនទីងបានទទួលមេដាយក្នុងការប្រកួត Aquathlon

កីឡាករហែម ប៊ុនទីងបានទទួលមេដាយក្នុងការប្រកួត Aquathlon

ភ្នំពេញ​: ​ប៉ុន្មាន​ថ្ងៃនេះ​ បណ្ដាញឃោសនា​ជប៉ុន​បានមក​ស្រុក​ខ្មែរ​ បន្ទាប់ពី​ពួកគេ​បានទទួល​ព័ត៌មាន​ថា ​មាន​ជនជាតិ​ជប៉ុន​ម្នាក់​ធ្វើជា​តំណាង​ឲ្យ​កម្ពុជា ​ទៅ​ចូលរួម​រត់​ម៉ា​រ៉ា​តុង​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ នៅ​ទីក្រុង​ឡុងដ៍។​

ជាមួយគ្នានេះ ​កីឡាករ​រត់​ម៉ា​រ៉ា​តុង​កម្ពុជា​ ហែម ប៊ុន​ទីង​ ដែល​ទៅ​ហាត់​ជា​ឯកជន​នៅ​កេ​ន​យ៉ានោះ​ ក៏បាន​វិលត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ ហើយ​កីឡាករ​រូបនេះ​ក៏​កំពុងតែ​រក​ច្រកចូល​ក្នុង​ក្រុម​ជម្រើសជាតិ។​

មាន​ទូរទស្សន៍​ជប៉ុន​មួយក្រុម​បានមក​កម្ពុជា​ ដោយសារតែ​គេ​ចាប់អារម្មណ៍​ជាមួយ​រឿង​លោក​ Takizaki Kuniaki (Neko) ​ដែលជា​អ្នកកំប្លែង​ជនជាតិ​ជប៉ុន ​បាន​មាន​វាសនា​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ លើវិញ្ញាសា​ម៉ា​រ៉ា​តុង។ អ្នកសរសេរ​ព័ត៌មាន​កីឡា​ របស់​គេហទំព័រ CEN ក៏​ធ្លាប់បាន​ជួប​ជាមួយ​អ្នកកាសែត​របស់​ជប៉ុន​ ឈ្មោះ Atsushi IWASA ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កាសែត​ MAINICHI របស់​ជប៉ុន​ ដែលមាន​ការិយាល័យ​នៅ​ទីក្រុង​បាងកក ​ស្រុកថៃ​ ពី​ករណី​ ហែម ប៊ុន​ទីង​ ដែរ។​

Photo by CEN

លោក អ៊ុក សិទ្ធិជាតិ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា

លោក ​Atsushi​ បាន​អះអាងថា ​ប្រជាជន​ជប៉ុន​បាន​ចាប់អារម្មណ៍​ពី​រឿង​នេះ ហើយ​គេ​ចង់ដឹងថា ​ហេតុអ្វី​ក៏​កម្ពុជា​សម្រេច​ជ្រើស​រើសយក​លោក ​Neko បែបនេះ។​ តាមពិត​ សម្រាប់​កម្ពុជា​បាន​ត្រៀម​កីឡា​ករ ហែម ប៊ុន​ទីង​ ជា​បេក្ខភាព​សម្រាប់​កីឡា​អូឡាំពិក​ តាំងពី ៤​ឆ្នាំ មុន​មកម្ល៉េះ​ តែ​នៅ​ឆ្នាំ​២០១១ ខណៈដែល​កម្ពុជា​ត្រូវ​ចូលរួម SEA Games នោះ​ ប៊ុន​ទីង ​បាន​បដិសេធ​មិន​ចូល​ក្រុម​ជម្រើសជាតិ​ ហើយ​សម្រាប់​ឆ្នាំ​២០១២​ នេះ​ទៀត​ ខណៈដែល​រដូវ​ប្រមូល​ផ្ដុំ​ជម្រើសជាតិ​មកដល់​នោះ ​ប៊ុន​ទីង​ បាត់​មុខ​ មិនដឹង​នៅទីណា ​អ៊‌ីចឹងហើយ​ទើប​សហព័ន្ធ​អត្តពលកម្ម​ មិន​បញ្ចូល​គេ​ទៅក្នុង​ក្រុម​ជម្រើសជាតិ​នោះ។​

Photo by CEN

លោក វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកកម្ពុជា

ពីរបី​ថ្ងៃនេះ ​ស្រាប់​លេចចេញ​នូវ​ព័ត៌មាន​ថា​ កីឡា​ករ ហែម ប៊ុន​ទីង​ មានឈ្មោះ​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស។ ​ថ្ងៃទី៦​ឧសភា​ នៅក្នុង​ការចូលរួម​ប្រកួត​កីឡា Aquathlon នោះ ​ហែម​ ប៊ុន​ទីង​ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នោះ។​​ កីឡាករ​រូបនេះ​បានបង្ហាញ​នូវ​អារម្មណ៍​ធម្មតា​ ហើយ​គេ​មាន​ជំនឿ​ចិត្ត​ថា​ គេ​នឹង​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ជាមិនខាន។​

លោក ​អ៊ុក សិទ្ធិ​ជាតិ​ នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ បាន​បញ្ជាក់ថា​ លោក​មិនបាន​ដឹង​ពី​រឿងនេះ​ទេ​ ទាល់តែ​សួរ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទើប​ដឹង។​

លោក ​វ៉ា​ត់ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ ក៏បាន​អះអាង​ដែរ​ថា ​ករណី​ ហែម ប៊ុន​ទីង​ សម្រាប់​ឱកាស​ចូលរួម​កីឡា​អូឡាំពិក​នោះ​ មិនមាន​ឡើយ។ រឿង ​ហែម ប៊ុន​ទីង​ ហួសពេល​ហើយ​ លោក​ក៏​ចង់បាន​រូបគេ​ទៅ​ចូលរួម​កីឡា​អូឡាំពិក​ដែរ​ តែ​គេ​ធ្វើ​ឲ្យ​ឱកាស​របស់គេ​បាត់បង់​ដោយ​ខ្លួនឯង​ទេ៕ S​K

What Next?

Recent Articles