ថ្ងៃទី 8 ឧសភា 2012
ដោយ: ពិទូរ្យ
CEN
ភ្នំពេញ: តារាសម្តែង show សប្បុរខ្មៅ និងសក់រួញ មានឈ្មោះដើមថា ស អ៊ុនតាក់ ឬគេនិយមហៅ សាម៉េល ចង់ឲ្យក្តីស្រមៃក្លាយជាការពិត គឺការប្តូរភេទឲ្យក្លាយជាស្រីពិតៗ។ ជាទូទៅគេស្គាល់ សាម៉េលតាមការសម្តែង show នៅក្លឹបកម្សាន្ត Classic Night និងតាមកម្មវិធីខួបកំណើត ឡើងគេហដ្ឋាន និងពិធីជួបជុំផ្សេង។
ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ សាម៉េល ដែលមានឪពុកជាជនជាតិអាហ្វ្រិក មកកម្ពុជាក្នុងសម័យអ៊ុនតាក់ ត្រូវសម្តែងជាប់គ្នាពេញមួយសប្តាហ៍ គឺចាប់ផ្តើមសម្តែងពីម៉ោង ៩ យប់ ដល់ម៉ោង ១ រំលងអធ្រាត្រ ប្រាក់កម្រៃដែលបានមកពីការងារសម្តែង កញ្ញាភេទទីបីរូបនេះ មិនបានយកលុយនោះទៅចំណាយទៅលើអ្វីដែលគ្មានប្រយោជន៍នោះទេ នាងត្រូវដើរតួជាម្តាយ បន្ទាប់ពីម្តាយនាងបានលាចាកលោកនេះទៅ ហើយគ្មានអ្នកណាបីបាច់ថែរក្សាប្អូន។
សាម៉េល បានឲ្យដឹងថា “ខ្ញុំខិតខំសន្សំ និងរកប្រាក់បន្ថែម បើមានគេទាក់ទងទៅសម្តែង គឺខ្ញុំទទួលទាំងអស់ ហើយក៏មិនដែលហ៊ានចំណាយលើអ្វីផ្តេសផ្តាសនោះទេ”។
ទោះជាយ៉ាងណាក៏ដោយ សាម៉េល គឺជាមនុស្សភេទទីបីម្នាក់ ដែលមិនទាន់មានការកែច្នៃអ្វីទាំងអស់ នាងពិតជាចង់បានរូបរាងជាតួអង្គស្រីពិតៗ បើសិនជានាងមានប្រាក់គ្រប់គ្រាន់ នាងនឹងមិនបោះបង់គំនិត ដែលនាងតែងតែប៉ងគិតនោះទេ។ ជាក់ស្តែងនាងតែងតែប៉ងធ្វើការវះ ឲ្យដូចមិត្តភក្ដិនាងមួយចំនួន ព្រោះមនុស្សភេទទីបីរូបណាក៏ដោយ ក៏តែងតែមានក្តីប្រាថ្នាមិនខុសគ្នាដែរ។
សាម៉េល បានបន្ថែមថា “បើសិនជាខ្ញុំមានមុខរបរ ហើយអាចរកលុយបានច្រើនជាងនេះ ខ្ញុំនឹងសន្សំវាដើម្បីវះកាត់ តែក្តីស្រមៃរបស់ខ្ញុំហាក់នៅឆ្ងាយណាស់ ព្រោះមួយខែខ្ញុំទទួលបានប្រាក់ខែខ្ទង់ ៨០ ទៅ ១០០ ដុល្លារប៉ុណ្ណោះ។ ដូចនេះមិនដឹងពេលណាបានគ្រប់ទេ ខ្ញុំចង់បង្កើតមុខរបរជាជាងអ៊ុតសក់ និងសំអាងការ តែត្រូវចាំសិនហើយ ព្រោះពេលនេះមិនអាចទៅរួចទេ អ្វីៗគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះ”។
សាម៉េល មានស្រុកកំណើតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានបងប្អូនបួននាក់ (ស្រីពីរនាក់)។ ម្តាយឈ្មោះ ស សារឹម ស្លាប់នៅឆ្នាំ២០០៨ ចំណែកឪពុកនាង ជាជនជាតិអាហ្វ្រិក នាងមិនបានស្គាល់មុខឪពុកនាងទេ ព្រោះឪពុកនាងបានចាកចេញទៅ តាំងពីនាងនៅក្នុងពោះម្តាយម្ល៉េះ៕ K
