តុលាការ​កោះ​ហៅ​អ្នក​នៅ​សហគមន៍​បឹង​ឈូក​៦​នាក់​ឲ្យ​ចូល​បំភ្លឺ

Thursday, 31 May 2012
ឃុត សុភ​ចរិយា
ភ្នំពេញ ប៉ុស្តិ៍

លំនៅ​ដ្ឋាន​ពល​រដ្ឋ​​នៅ​សហគមន៍​បឹង​ឈូក ខណ្ឌឫស្សីកែវ ដែល​ប្រឈម​នឹង​ការ​ឲ្យ​រុះ​រើ​​ចេញ​​តាំងពី​ឆ្នាំ ២០១០​។ (រូបថត ហេង ជីវ័ន)

លំនៅ ដ្ឋាន ពល រដ្ឋ នៅ សហគមន៍ បឹង ឈូក ខណ្ឌឫស្សីកែវ ដែល ប្រឈម នឹង ការ ឲ្យ រុះ រើ ចេញ តាំងពី ឆ្នាំ ២០១០ ។ (រូបថត ហេង ជីវ័ន)

ភ្នំពេញៈ ពលរដ្ឋ​ក្នុង​សហគមន៍​ភូមិ​បឹង​ឈូក ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ តុលាការ​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ឲ្យ​សមាជិក​ក្នុង​សហគមន៍​នេះ​ចំនួន​៦នាក់ ចូល​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តាម​បណ្ដឹង​ចោទ​ប្រកាន់​ពីបទ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត ដែល​ប្ដឹង​ដោយ​ឈ្មោះ ទា ​ធឿន។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះ​ អ្នក​ស្រី ខៀវ ចិន្តា អាយុ​៤២ ​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា កាលពី​ពីរបី​ថ្ងៃ​មុន​នេះ​មន្ត្រី​នគរបាល​នៅ​មណ្ឌល​បឹងឈូក​ម្នាក់ បាន​នាំ​យក​ដីកា​កោះ​របស់​លោក​ វ៉ា សក្ដា ជាតំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​ឲ្យ​ពួក​គាត់ ដែល​ក្នុង​ដីកា​កោះ​នោះ​បាន​តម្រូវ​ឲ្យ​ពួក​គាត់​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ ​នៅ​ថ្ងៃទី​៣១​ ខែ​ឧសភា​នេះ តាម​បណ្ដឹង​របស់​ឈ្មោះ ទា ធឿន ដែល​បាន​ចោទ​ប្រកាន់​ពួក​គាត់​ពី​បទ​ប្រើ​ហិង្សា​ទៅលើ​អ្នក​ម្ចាស់​អចលនវត្ថុ​ដោយ​សុចរិត។

អ្នក​ស្រី​ថ្លែង​ថា៖ «ជន​ដែល​មាន​ឈ្មោះ​ ទា ធឿន [​នេះ] ខ្ញុំ​មិន​ដែល​ស្គាល់​មុខ​ឬក៏​ធ្លាប់​បាន​ឮ​ឈ្មោះ​ទេ​ពី​មុន​មក ហើយ​ខ្ញុំក៏​មិន​ដែល​មាន​ជម្លោះ​វាយ​តប់​ជាមួយ​នរណា​ដែរ»។

អ្នកស្រី​បញ្ជាក់​ថា ៖ «ទោះ​ជា​បែប​ណា ខ្ញុំ​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ពេល​ដែល​បាន​កំណត់ ហើយ​ខ្ញុំ​មាន​ជំនឿ​ថា តុលាការ​នឹង​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់​យើង​ខ្ញុំ»។

កាលពី​ដើម​ខែ​មីនា​ឆ្នាំ​២០០៩ ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​អាជ្ញាធរ​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ តម្រូវ​ឲ្យ​ពួក​គាត់​ជាង​៣០​គ្រួសារ ​រុះរើ​លំនៅដ្ឋាន​ដែល​កំពុង​រស់​ចេញ​ពី​តំបន់​នេះ ដោយ​ចោទ​ថា ពួក​គាត់​សង់​ផ្ទះ​រស់​នៅ​ដោយ​អនាធិបតេយ្យ​លើ​ដី​របស់​រដ្ឋ ខណៈ​ពួក​គាត់​មួយ​ចំនួន​បាន​មក​រស់​នៅ​ក្នុង​[តំបន់​នោះ]​សង្កាត់​គីឡូម៉ែត្រ​ លេខ​៦ តាំង​ពី​ឆ្នាំ ១៩៩១ ហើយ​ខ្លះ​ មក​នៅ​ក្នុង​ឆ្នាំ​ ១៩៩៦។

ក្នុង​គ្រា​នោះ​ពួក​គាត់​បាន​ធ្វើ​ការ​តវ៉ា​ជា​ខ្លាំង​នៅ​មុខ​សាលា​ខណ្ឌ ឫស្សីកែវ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ជួយ​ដោះ​ស្រាយ ប៉ុន្តែ នៅ​ដើម​ឆ្នាំ​២០១០ លោក ​ឃ្លាំង​ ហួត អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថ្មី​មួយ​បញ្ជាក់​ថា​ដី​ទំហំ​ជាង​មួយ​ហិកតា ដែល​អ្នក​ភូមិ​ទាំង​នោះ​កំពុង​រស់​នៅ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឡៅ តុងងី និង​បាន​តម្រូវ​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​ចេញ​ពី​តំបន់​នោះ​ដោយ​ស្ម័គ្រចិត្ត។ មិន​តែ​ប៉ុណ្ណោះ​នៅ​បាន​ព្រមាន​ថា នឹង​ប្រើ​វិធានការ​រដ្ឋ​បាល​ថែម​ទៀត ​បើ​ពួក​គាត់​មិន​ព្រម​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​នេះ។

នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១០ អាជ្ញាធរ​ខណ្ឌឫស្សីកែវ និង​អាជ្ញាធរ​សង្កាត់​ទួលសង្កែ បាន​ដឹក​នាំ​កម្លាំង​ប្រមាណ​ជិត​១០០​នាក់ ទៅ​ធ្វើ​ការ​ហ៊ុមព័ទ្ធ និង​រុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេះ​ចំនួន​៦​គ្រួសារ ។ ប៉ុន្តែ​វិធានការ​រុះរើ​និង​បណ្ដេញ​ពលរដ្ឋ​របស់​អាជ្ញាធរ​នេះ បាន​ផ្អាក​ទៅ​វិញ បន្ទាប់​ពី​ពលរដ្ឋ​បាន​នាំ​គ្នា​ដាក់​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ ដូចជា​រដ្ឋ​សភា ព្រឹទ្ធ​សភា ប្រមុខ​រាជ​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដា្ឋភិបាល​នានា។

លោក ឈឹម សុផុន អ្នក​នៅ​តំបន់​នេះនិង​រងបណ្តឹង​ម្នាក់​ដែរ​បាន​និយាយ​ថា ពួក​គាត់​រស់នៅ​ក្នុង​តំបន់​ភូមិ​បឹង​ឈូក​នោះ​អស់​ជាង​២០​ឆ្នាំ​មក​ហើយ មិន​ដែល​ស្គាល់​មនុស្ស​ឈ្មោះ​ «ឡៅ តុង​ងី ឬក៏ ទា ធឿន​» នេះ​ពី​មុន​មក​ទេ ហើយ​ក៏មិន​ដែល​ប្រើ​ហិង្សា​អ្វី​ទៅ​លើ​ជន​នោះ​ដែរ ។

លោក​បន្ត​ថា ៖ «ខ្ញុំ​មិន​ដឹង​ថា តើគេ​មាន​បំណង​អ្វីមក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​នៅ​ក្នុង​តំបន់​បឹងឈូក​នេះ​ទេ?»។

លោក សុខ ឃីម ចៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ក៏បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ដោយ​ទទួល​ស្គាល់​ថា​ ពលរដ្ឋ​ទាំង​នេះ​រស់នៅ​ក្នុង​ដែន​ដី​នៃ​សង្កាត់​លោក ខ្លះ​ជាង​ដប់​ម្ភៃ​ឆ្នាំ​មក​ហើយ តាំង​ពី​តំបន់​នេះ​នៅ​ជា​បឹង​មក​ម្ល៉េះ។

លោក សុខ ឃីម បន្ត​ថា ៖ «ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា ​ឈ្មោះ ​ឡៅ​ តុងងី ឬ ទា ធឿន​ នោះ​ជា​នរណា​ដែរ?

ហើយ​ពួក​គេ​បាន​មក​រស់​នៅ​ក្នុង​តំបន់​នោះ​តាំង​ពី​ពេល​ណា មក​ដែរ​ទេ ហើយ​ក៏​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ព្រម​ប្ដឹង​អាជ្ញាធរ​ភ្លាមៗ នៅ​ពេល​ដែល​អ្នក​ភូមិ​ចូល​ទៅ​រស់​នៅ​ក្នុង​តំបន់​នោះ​»។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ភ្នំពេញ ​ប៉ុស្តិ៍​ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​ពន្យល់​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​ប្តល់​នេះ​ ពី​ ឈ្មោះ​ ឡៅ តុងងី និង ​ឈ្មោះ ទា ធឿន ជាដើម​បណ្តឹង​បាន​ទេ៕

What Next?

Recent Articles

One Response to "តុលាការ​កោះ​ហៅ​អ្នក​នៅ​សហគមន៍​បឹង​ឈូក​៦​នាក់​ឲ្យ​ចូល​បំភ្លឺ"

  1. Xman says:

    ឭកពួកអានាយទុនអស់ហ្នឹងវាតែអញ្ចឹង! ឆ្ងល់ដែរហេតុអ្វីពេលដែលពួកគាត់មកតាំងទីលំនៅដំបូង ម្តេចបានជាអាជ្ញាធរមិនប្រាប់ថាដីនេះជារបស់អ្នកនេះអ្នកនោះ ដល់ពេលដឺមានហាងឆេងធើឯង រត់ការ ធ្វើឯកសារប្លង់កម្មសិទ្ធិ បង្កើតអំពើពុករលួយ ស៊ីសស៊ូសគ្នា លេងល្បែងបួនសន្លឹកដាក់រាស្ត្រ ហើយថារាស្ត្រសង់លំនៅដ្ឋានក្នុងបឹងខុសច្បាប់ ចុះបើកន្លែងហ្នឹងខុសច្បាប់ ! ហេតុអ្វីបានជាធ្វើប្លង់ កម្មសិទ្ធិអោយឈ្មោះទា ធឿន ឫឈ្មោះ ឡៅ តុង​ងី ហ្នឹង តើអាហ្នឹងវាយ៉ាងម៉េចវិញ ? បើអាពីរនាក់ ហ្នឹងវាជាម្ចាស់ដីមុខមែនអញ្ចឹងយកវាទៅដាក់គុកទៅ រួមទាំងអាអ្នកចេញឯកសារកម្មសិទ្ធិផង ព្រោះបឹងជាទីសាធារណះ ហេតុអីក៍ចេះតែមកសំឡុតរាស្ត្រស្លូតត្រង់អញ្ចឹង ? តើអ្នកឯងអស់គ្នាហ្នឹងគិតថារាស្ត្រខ្មែរសព្វថ្ងៃមិនដឹងអីមែនទេ? បុព្វបុរសដែលជាម្ចាស់ដីហ្នឹងដាក់ បណ្តាស់សារពួកអាឈ្លានពានអស់ឯងហ្នឹងអោយត្រូវារន្ទះបាញ់ និងស្លាប់តៃហោងជាមិនខាន។
    ខំទៅ!….ខំសាងអំពើបាបអោយបានច្រើនទៅ!